អានតួអត្ថបទ
កម្ពុជា

បណ្តឹងទាមទារ​ឱ្យ​លោក​វន់ ពៅ នៅក្រៅ​ឃុំ ឡើងដល់​តុលាការ​កំពូល

ក្រុម​មេធាវី​របស់​ជនជាប់ចោទ​ទាំង២១​នាក់​​ដែល​ជា​​សកម្ម​ជន​​សិទ្ធិ​មនុស្ស និង​កម្មករ​នោះ​បាន​ដាក់​​បណ្តឹង​សារទុក្ខ​ជា​បន្តបន្ទាប់​ទៅ​តុលាការ​កំពូល​ហើយ ដើម្បី​ទាមទារ​ឱ្យ​កូនក្តី​របស់​ពួកគេ​បាន​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។ តុលាការ​ជាន់ខ្ពស់​មួយ​នេះ អាច​ត្រូវការ​រយៈពេល​ច្រើន​ខែ ដើម្បី​​សិក្សា​​សារ​ណា ស្តីពី​ការទាមទារ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន។

សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ
សកម្មជនដែលយំមិនសុខចិត្ត នៅ តុលាការសាលាឧទ្ធរណ៍ ថ្ងៃទី ១១ កុម្ភៈ RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ទាំង២១នាក់ ដែលជា​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​បានដាក់​បណ្តឹង​សារទុក្ខ ជំទាស់​សាលដីកា​របស់​សាលាឧទ្ធរណ៍ ទៅកាន់​តុលាការ​កំពូល​ជា​បន្តបន្ទាប់​ហើយ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ជាន់ខ្ពស់​មួយ​នេះ ដោះលែង​ក្រុម​ជនជាប់ចោទ​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន។

 
លោក​ហម ស៊ុន​រិ​ទ្ធ មេធាវី​មួយរូប​ក្នុងចំណោម​មេធាវី​ជាច្រើនរូប​របស់លោក​វន់ ពៅ​បាន​បញ្ជាក់ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា បណ្តឹង​សារទុក្ខ​របស់លោក​វន់ ពៅ​ទាមទារ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ ក៏ត្រូវ​បានដាក់​ទៅ​តុលាការ​កំពូល​ហើយ​ដែរ។ ហើយ​ថា​យោងតាម​នីតិវិធី ក្រឡាបញ្ជី​ត្រូវ​រៀបចំ​ពាក្យបណ្តឹង​ទៅ​ក្រុម​ចៅក្រម​ឱ្យបាន​ឆាប់​បំផុត មុននឹង​ចៅក្រម​បញ្ជា​ឱ្យ​ភាគី​ដើមបណ្តឹង និង​ចុងចោទ​សរសេរ​សា​រណារៀងៗខ្លួន។ លោក​មេធាវី​ហម ស៊ុន​រិ​ទ្ធ​បញ្ជាក់ថា ភាគី​ទាំងពីរ​មាន​រយៈពេល២០ថ្ងៃ​ដើម្បី​បញ្ចប់​សារ​ណា​របស់​ពួកគេ មុននឹង​ចៅក្រម​ពិនិត្យ និង​សម្រេច​ថ្ងៃ​បើកសវនាការ។

នេះ​ជា​សំណុំរឿង​នៃ​ការសុំ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់​ជនជាប់ចោទ​ទាំង២១នាក់។ ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នា ចៅក្រម​ស៊ើបអង្កេត​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​បន្ត​នី​តី​វិធី​ស៊ើបសួរ​ជនជាប់ចោទ​ទាំងអស់​បាន ប្រសិនបើ​ចៅក្រម​ត្រូវការ​នោះ។ ជាក់ស្តែង បើតាម​លោក​មេធាវី​ហម ស៊ុន​រិ​ទ្ធ​ដដែល នៅក្នុង​សប្តាហ៍​នេះ ចៅក្រម​បាន​ទៅ​សួរ​រយ​ក​ចម្លើយ​ជន​ជាប់​មួយចំនួន​ដែល​ស្ថិតនៅក្នុង​សំណុំរឿង​ហិង្សា​នៅលើ​ផ្លូវ​វេ​ង​ស្រេង ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី៣មករា។

លោក​មេធាវី​ដដែល​បញ្ជា​ក់ថា ចាប់​តាំង​ការបញ្ជូន​លោក​វន់ ពៅ ដែលជា​កូនក្តី​របស់លោក ទៅដល់​មន្ទីរឃុំឃាំង​ប្រ​ពាំង​ផ្លុ​ង ឬ​មន្ទីរ​កែប្រែ​ម៣ មក កូនក្តី​របស់លោក​មិនទាន់​ត្រូវបាន​ចៅក្រម​សួរចម្លើយ​បន្ថែម​នៅឡើយ​ទេ។

គួររម្លឹកថា នៅក្នុង​ហេតុការណ៍​បាតុកម្ម​នៅ​ថ្ងៃទី២ និង​ទី៣ខែមករា​សមត្ថកិច្ច​យោធា និង​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​ចំនួន២៣នាក់ និង​បញ្ជូន​ដាក់​មន្ទីរឃុំឃាំង​នៅក្នុង​ខេត្តកំពង់ចាម បន្ទាប់ពី​សាលាដំបូង​រាជធានី​ចោទប្រកាន់​ពួកគេ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ប្រមាថ​មន្ត្រីរាជការ​សាធារណៈ និង​ធ្វើឱ្យប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ។ ក្នុងចំណោម​ជនជាប់ចោទ​ទាំង២៣នាក់ គឺមាន​តែ២នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ចុង​សប្តាហ៍​មុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ