ក្រោយឆ្នាំ២០២៥ ព្រលានយន្តហោះអន្តរជាតិខ្មែរនឹងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង
ក្រោយឆ្នាំ២០២៥ ព្រលានយន្តហោះអន្តរជាតិខ្មែរនឹងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ អាកាសយានដ្ឋានអន្តរជាតិខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំងនឹងក្លាយទៅជាព្រលានយន្តហោះសម្រាប់ដឹកអ្នកដំណើរផង ការដឹកជញ្ជូនទំនិញផង និងសម្រាប់ប្រតិបតិ្តការទ័ពអាកាសផង។
នៅក្នុងអនាគតខាងមុខនេះ ប្រទេសកម្ពុជានឹងបង្កើតអាកាសយានដ្ឋានហោះហើរពីរបន្ថែមទៀត។ អាកាសយានដ្ឋានអន្តរជាតិមួយនឹងត្រូវបង្កើតនៅក្នុងខេត្តកំពង់ឆ្នាំង និងមួយទៀតនៅក្នុងខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងជាធារណៈកាលពីថ្ងៃសៅរ៍មិ្សលមិញ ពីខេត្តកំពង់ឆ្នាំងមកថា៖ «អាកាសយានដ្ឋានអន្តរជាតិខ្មែរនៅត្រូវបង្កើតនៅក្នុងខេត្តកំពង់ឆ្នាំងនៅក្រោយឆ្នាំ២០២៥ ឬឆ្នាំ២០៣០»។
មូលហេតុនៃការបង្កើតព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀតពីព្រោះថា នៅពេលអនាគត ព្រលានយន្តហោះអន្តរជាតិភ្នំពេញនឹងពិបាកទ្រទ្រង់កំណើនទេសចរបរទេសដែលចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
តួលេខក្រសួងទេសចរណ៍បានបង្ហាញថា កាលពីឆ្នាំ២០១១ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន២លាន៨សែននាក់។ នៅឆ្នាំ២០១២នេះ ចំនួនភ្ញៀវទេសចរបរទេសអាចកើនដល់ចំនួន៣លាន៣សែននាក់។ នៅឆ្នាំ២០១៥ចំនួនភ្ញៀវទេសចរបរទេសនឹងកើនដល់៤លាន៥សែននាក់។ ហើយនៅឆ្នាំ២០២០ ចំនួនទេសចរនឹងកើនដល់៧លាននាក់។
ប្រមុខរាជរដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជាក់ទៀតថា៖ «ព្រលានយន្តហោះនៅក្នុងខេត្តកំពង់ឆ្នាំងនឹងត្រូវប្រើប្រាស់មិនមែនសម្រាប់តែដឹកភ្ញៀវទេសចរប៉ុណ្ណោះទេ។ ប៉ុន្តែសម្រាប់ការដឹកជញ្ជូនទំនិញ និងសម្រាប់ប្រតិបត្តិកងទ័ពផង»។ សម្រាប់ព្រលានយន្តហោះខេត្តកំពង់ឆ្នាំងនេះ លោក ហ៊ុន សែន អំពាវនាវអោយអាជ្ញាធររក្សាទុកទំហំដី១ ៤៦៣ហិកតា។ ក្នុងទំហំដីនេះ ប្រជាជនអាចបន្តប្រកបរបរអាជីវកម្មរបស់ខ្លួនបាននៅពេលនេះ ប៉ុន្តែ ពួកគេគ្មានសិទ្ធិទទួលបានកម្មសិទ្ធិឡើយ។
សូមបញ្ជាក់ថា ក្រៅពីគម្រោងព្រលានយន្តហោះខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជាគ្រោងនឹងសាងសង់ព្រលានយន្តហោះខ្នាតអន្តរជាតិថ្មីមួយទៀតនៅក្នុងស្រុកសូត្រនិគមចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីទីក្រុងសៀមរាប។ គម្រោងនៅក្នុងខេត្តសៀមរាបនេះនឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណជា១ពាន់លានដុល្លារអាមេរិក៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati











អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ