អានតួអត្ថបទ
កម្ពុជា

រោងចក្រ​កាត់ដេរ​តៃវ៉ាន់ គ្រោង​ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា នៅ​ខែ​ឧសភា​ខាង​មុខ

រោងចក្រ​កាត់ដេរ​តៃវ៉ាន់ Grand Twins International នឹង​ចុះ​បញ្ជី​នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា នៅ​ខែ​ឧសភា​ខាង​មុខ។ បច្ចុប្បន្ន​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ គឺ​ជា​សហគ្រាស​រដ្ឋ​តែ​មួយ​គត់ ដែល​បាន និង​កំពុង​ធ្វើ​ប្រតិបត្តិការ​ជួញ​ដូរ​ភាគហ៊ុន តាំង​ពី​ខែ​មេសា ឆ្នាំ​២០១២​មក។ មន្ដ្រី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បញ្ជាក់​ថា ការ​ចូល​រួម​របស់​ក្រុមហ៊ុន​ឯកជន នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា គឺ​ជា​ការ​វិវត្តន៍​​ដ៏​ល្អ បើ​ទោះ​បី​វា​មាន​លក្ខណៈ​យឺត​យ៉ាវ​បន្តិច​ក្ដី។

ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា
ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

បើ​តាម​គម្រោង រោងចក្រ​កាត់ដេរ​តៃវ៉ាន់ Grand Twins International នឹង​ចុះ​បញ្ជី​ជា​ផ្លូវ​ការ នៅ​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា នៅ​ខែ​ឧសភា​ខាង​មុខ​នេះ។ ​ក្រុមហ៊ុន Grand Twins International ដែល​ជា​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​សម្រាប់​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​កីឡា​នៅ​អាមេរិក បាន​ប្រកាស​យ៉ាង​ដូច្នេះ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​មីនា។

ការ​ចុះ​បញ្ជី​នេះ បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន Grand Twins International ក្លាយ​ជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេបង្អស់ ដែល​មាន​វត្តមាន​នៅ​លើ​ទី​ផ្សារ​ភាគហ៊ុន​កម្ពុជា បន្ទាប់​ពី​រដ្ឋាករ​ទឹក​ស្វយ័ត ដែល​ជា​សហគ្រាស​រដ្ឋ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ជួញ​ដូរ​ភាគហ៊ុន​របស់​ខ្លួន នៅ​ខែ​មេសា ឆ្នាំ​២០១២។

លោក​ល្មុន សូឡី អនុ​ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ នៃ​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់ Grand Twins International ជា​ក្រុមហ៊ុន​ដែល​មាន​ស្ថិរភាព និងមាន​ប្រាក់​ចំណេញ​៣​ឆ្នាំ​ជាប់​គ្នា។ ហើយ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន Grand Twins International ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​នេះ រំពឹង​ថា​នឹង​កើន​ឡើង​ជាង​១២​ភាគរយ គឺ​កើន​​រហូត​ដល់​៤០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៥​។

មន្ដ្រី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​រូប​នេះ បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ចូល​រួម​របស់​ក្រុមហ៊ុន​ឯកជន នៅ​ក្នុង​ផ្សារ​មូលបត្រ​កម្ពុជា គឺ​ជា​ការ​វិវត្ត​ន៍​ដ៏​ល្អ បើ​ទោះ​បី​វា​មាន​លក្ខណៈ​យឺត​យ៉ាវ​បន្តិច​ក្ដី។ បើ​តាម​មន្ដ្រី​ដដែល ​មាន​ក្រុមហ៊ុន​ជាង​១០​ទៀត ដែល​កំពុង​ត្រៀម​ខ្លួន​ចូល​ប្រឡូក​ក្នុង​ទី​ផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា។ ប៉ុន្តែ​ថា ​តើពេល​ណា យូរ​ឬ​ឆាប់ ទើប​គេ​អាច​ឃើញ​វត្តមាន​ក្រុមហ៊ុន​ទាំង​នោះ នៅ​ក្នុង​ទី​ផ្សារ​ភាគហ៊ុន​កម្ពុជា? លោក​ល្មុន សូឡី មាន​ប្រសាសន៍​ថា វា​អាស្រ័យ​លើ​​ឆន្ទៈ​របស់​ក្រុមហ៊ុន​ទាំង​នោះ​ផ្ទាល់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ