អានតួអត្ថបទ
កម្ពុជា

លោក​ស៊ូប៊ែឌី​ អំពាវ​នាវ​ឲ្យ​ក្រុមហ៊ុន​ KDC ​បញ្ឈប់​ការ​អភិវឌ្ឍ​លើ​ដី​ជម្លោះ​នៅ​ភូមិឡពាង​ ក្នុង​ខេត្ត​កំពង់ឆ្នាំង​

នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​​ចុះ​​ថ្ងៃ​ទី​១០​កក្កដា​​ពី​​ទី​ក្រុង​​ហ្សឺ​​ណែវ​ លោក​​សូរិយា​ ប្រាសាទ ​ស៊ូ​ប៊ែ​​ឌី​ អ្នក​រាយការណ៍​​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​ ស្ដី​ពី​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ បាន​​អំពាវ​នាវ​​ឲ្យ​​ក្រុមហ៊ុន ​KDC ​បញ្ឈប់​​ការ​អភិវឌ្ឍ​​លើ​ដី​​ជម្លោះ​​នៅ​​ភូមិ​​ឡ​​ពាង ​ក្នុង​​ខេត្ត​កំពង់​ឆ្នាំង​​សិន​ ដើម្បី​​រង់​ចាំ​​ដំណោះ​ស្រាយ​​ពី​​ស្ថាប័ន​​ឯករាជ្យ​។ ​ការ​អំពាវនាវ​​របស់​​លោក​​ស៊ូ​ប៊ែ​ឌី​ ធ្វើ​ឡើង​​នៅ​​ខណៈ​ដែល​​ក្រុមហ៊ុន​​នៅ​តែ​​បន្ត​​ឈូស​ឆាយ​ដី ​និង​​ធ្វើ​​របង​​លើ​ដី​​ជម្លោះ ​ដោយ​មាន​សមត្ថកិច្ច​​ប​ន្ត​​ឈរ​ជើង​​ការពារ​។

លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។
លោក សូរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍​ពិសេស​អ.ស.ប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា។ RFI/Bona Pen
ផ្សាយពាណិជ្ជកម្ម

លោក​ សូរិយា ប្រាសាទ ស៊ូ​ប៊ែ​ឌី បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន KDC International បញ្ឈប់​គម្រោង​អភិវឌ្ឍន៍​នៅ​លើដី​ជម្លោះ នៅក្នុង​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ បន្ថែម​ពីលើ​នេះ លោក​ថែមទាំង​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពាក់ព័ន្ធ​នឹង​ការធ្វើសម្បទាន​ដី និង​ផ្ដល់​ដំណោះស្រាយ​សមរម្យ​សម្រាប់​អ្នក​ដែល​រង​ផលប៉ះពាល់។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​របស់​លោក​ ស៊ូ​ប៊ែ​ឌី ចុះ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ កក្កដា។

លោក​ក៏បាន​អំពាវនាវ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​នៅក្នុង​ជម្លោះ​ទាំងអស់ មិន​ថា​ជា​ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំង​កម្មករ​ក្រុមហ៊ុន ឲ្យ​រក្សា​ភាព​ស្ងប់ស្ងៀម និង​អត់ធ្មត់ ចៀសវាង​ការប្រើប្រាស់​អំពើហិង្សា រង់ចាំ​ការដោះស្រាយ​ពី​ស្ថាប័ន​ឯករាជ្យ​ជាមុនសិន។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​រូបនេះ សរសេរ​នៅក្នុង​សេចក្ដីថ្លែងការណ៍​ទៀតថា ជាង១០ឆ្នាំ​មកហើយ ដែល​សហគមន៍​មូលដ្ឋាន​ភូមិ​ឡ​ពាង បាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ។ បើតាម​លោក​ ស៊ូ​ប៊ែ​ឌី នៅក្នុង​សំណុំ​រឿងនេះ ប្រជាពលរដ្ឋ​បានដាក់​ពាក្យបណ្ដឹង​ទៅកាន់​តុលាការ ប្រឆាំងនឹង​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន KDC ប៉ុន្តែ​ជា​លទ្ធផល ប្រជាពលរដ្ឋ​បានទទួល​ត្រឡប់មកវិញ​នូវ​ការ​គម្រាមកំហែង បំភិតបំភៃ និង​ការប្រើប្រាស់​អំពើហិង្សា។ ខណៈដែល​ប្រជាពលរដ្ឋ​កំពុងតែ​ចរចា ស្វែងរក​ដំណោះស្រាយ និង​សំណង​សមរម្យ ដី​ជម្លោះ ត្រូវបាន​រឹបអូស​ដោយ​ក្រុមហ៊ុន​រួចទៅហើយ។ គឺ​រឹបអូស ទាំង​ដែល​មិនទាន់មាន​ដំណោះស្រាយ​យ៉ាង​យុត្តិធម៌ និង​ប្រកបដោយ​តម្លាភាព ពី​សំណាក់​ស្ថាប័ន​ឯករាជ្យ។ នេះ​បើតាម​លោក​ស៊ូ​ប៊ែ​ឌី។ 

ដោយឡែក លោក ​ផាត់ ពៅ​ស៊ា​ង មេធាវី​នៃ​ក្រុមហ៊ុន KDC ធ្លាប់បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ក្រុមហ៊ុន KDC ទើបតែ​បាន​ទិញ​ដី​ជាង៥១២ហិច​តា នៅ​ភូមិ​ឡ​ពាង​នេះ នៅ​ឆ្នាំ២០០៧ប៉ុណ្ណោះ។ គឺ​ទិញ​បន្ត​ពី​ម្ចាស់​មុន។ នៅក្រោយពេល​ក្រុមហ៊ុន​ទិញ​ដី​នោះ​រួច ជម្លោះដីធ្លី​ក៏​ស្រាប់តែ​ផ្ទុះឡើង​តែម្ដង។ បើតាម​លោក​មេធាវី សព្វថ្ងៃនេះ មាន​ប្រជាពលរដ្ឋ​ចំនួន១៥គ្រួសារ ដែល​នៅ​មិនទាន់​ទទួលបាន​ការដោះស្រាយ ពី​ក្រុមហ៊ុន។

ប៉ុន្តែ​បើតាម​ប្រសាសន៍​លោកស្រី ​អ៊ុំ សុ​ភី តំណាង​ប្រជា​សហគមន៍​ភូមិ​ឡ​ពាង សព្វថ្ងៃនេះ គ្រួសារ​ចំនួន១៦ នៅ​មិនទាន់​ទទួលបាន​ការដោះស្រាយ​ទេ។ ចំណែក ខាង​ក្រុមហ៊ុន KDC នៅតែ​បន្ត​ឈូសឆាយដី និង​ធ្វើ​របង​នៅ​លើដី​ជម្លោះ ដោយមាន​ការការពារ​ពី​សមត្ថកិច្ច។ នេះ​បើតាម​ការអះអាង​របស់​លោកស្រី​ អ៊ុំ សុ​ភី ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នៅ​ថ្ងៃ​សុក្រ ទី១១កក្កដា​នេះ។ តំណាង​ប្រជា​សហគមន៍​ភូមិ​ឡ​ពាង​រូបនេះ លើកឡើង​ទៀតថា ប្រជាពលរដ្ឋ​នៅតែ​រក្សា​ជំហរ ប្រឆាំងនឹង​ការឈូសឆាយដី និង​ធ្វើ​របង​របស់​ក្រុមហ៊ុន ព្រមទាំង​ទាមទារ​ដំណោះស្រាយ​សមស្រប។

គួររម្លឹកថា ប្រជាពលរដ្ឋ​ភូមិ​ឡ​ពាង កាលពី​ចុងខែ​មិថុនា បាន​សុំ​ឲ្យ​ក្រសួងយុត្តិធម៌ ធ្វើ​អន្ដរាគមន៍ បញ្ចប់​ការធ្វើ​របង​របស់​ក្រុមហ៊ុន KDC។ ប្រជាពលរដ្ឋ​បាន​ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​រំលោភ​យក​ដី​លំនៅដ្ឋាន និង​ដីស្រែ​របស់​ពួកគាត់។ រហូតមកដល់​ថ្ងៃទី១កក្កដា ក្រសួងយុត្តិធម៌​បានសម្រេច​បង្វិល​សំណុំ​រឿងនេះ ទៅកាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​វិញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ