អានតួអត្ថបទ
កម្ពុជា

ផ្សារ​មូលបត្រ​កម្ពុជា​នឹង​ចាប់​បើកទ្វារ​លក់ដូរ​នៅ​ថ្ងៃទី​១៨​មេសា​ស្អែក

ក្រោយ​ពី​​​​​ដំណើរការ​ធ្វើ​ប៊ុកប៊ីលឌីង ​ការ​កំណត់​តម្លៃ និង​ការ​បរិវិសកម្ម​​ នៃ​មូលបត្រ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ត្រូវ​បាន​ធ្វើ​ចប់សព្វគ្រប់​ ​ផ្សារមូលបត្រ​កម្ពុជា​​នឹងចាប់ផ្តើម​​បើក​ការជួញដូរ​មូលបត្រ​ជា​ផ្លូវការ នៅ​​​ថ្ងៃ​ពុធ ១៨​មេសា​ស្អែក។ ការ​បញ្ជាទិញ និង​លក់​មូលបត្រ​នឹង​ចាប់ផ្តើម​ធ្វើ នៅម៉ោង ៩ និង​៩នាទីព្រឹក។

ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា
ស្លាកសញ្ញា​របស់​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត ទីផ្សារមូលបត្រ​កម្ពុជា​នឹង​ចាប់ផ្តើម​ដំណើរការ​លក់ដូរ​ដោយ​ពិតប្រាកដ នៅថ្ងៃ​ពុធ​ស្អែក។ ពិធី​បើក​ការ​ជួញដូរ​មូលបត្រ​ជា​ផ្លូវការ​ នឹង​ត្រូវ​​ប្រព្រឹត្ត​ទៅ នៅ​វិមានកាណាឌីយ៉ា ជាន់​ទី២៧។

យោងតាម​លោក​ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា វគ្គជួញដូរ​​មូលបត្រ​នឹង​ត្រូវ​បើក​ធ្វើ នៅ​ម៉ោង ៩ និង​៩នាទីព្រឹក ដោយ​មាន​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ជា​អ្នក​គោះជួង​ជានិមិត្តរូប​បើក​ការ​លក់​ដូរ។ អ្នក​វិនិយោគ​​នឹង​អាច​ចាប់ផ្តើម​ធ្វើការ​បញ្ជា​ទិញ ឬ​លក់​មូលបត្រ​ចាប់ពីពេលនោះ​តែម្តង។​

បន្ទាប់មក នៅម៉ោង ១០ និង​៣៥នាទី​ព្រឹក លោក​ឧបនាយករដ្ឋមន្រ្តី​គាត ឈន់ រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ធ្វើ​ការ​គោះជួង​ជានិមិត្តរូប ដើម្បី​ធ្វើការ​ផ្គូរផ្គង​​ការ​បញ្ជាទិញលក់ និង​ចេញ​ជា​លទ្ធផល​ទីផ្សារ សម្រាប់​ការ​ជួញដូរ នៅ​វគ្គ​ដំបូង​នេះ។

បន្ទាប់​ពី​ការ​ជួញដូរ​វគ្គដំបូង​នៅ​ក្នុង​ពិធី​ផ្លូវការ​នេះ​ អ្នក​វិនិយោគ​នៅតែ​អាច​បន្ត​ធ្វើការ​ជួញដូរ​មូលបត្រ​​ជា​ធម្មតា​ រហូតដល់​ទីផ្សារ​ត្រូវ​បិទ​ទ្វារ​លក់​ដូរ នៅ​ម៉ោង ១២​ថ្ងៃ​ត្រង់។

លោក​ហុង សុហួរ​បាន​បញ្ជាក់ថា នៅ​ក្រោយ​ថ្ងៃទី១៨ មេសា​នេះទៅ ផ្សារមូលបត្រ​កម្ពុជា​នឹង​បើកទ្វារលក់ដូរ​ជាទៀងទាត់ នៅ​រៀងរាល់​ថ្ងៃ​ធ្វើការ (ពោលគឺ ពីថ្ងៃចន្ទ ដល់​ថ្ងៃ​សុក្រ លើកលែង​ថ្ងៃ​ឈប់សម្រាក​សាធារណៈ) ក៏ប៉ុន្តែ នៅ​ជំហាន​ដំបូង ការលក់ដូរ​នឹង​ត្រូវ​​​​ធ្វើ​តែ​មួយ​ព្រឹក​ប៉ុណ្ណោះ (ពីម៉ោង ៨ ដល់​ម៉ោង ១១ និង​៣០នាទីព្រឹក) ដោយសារ​តែ​នៅពេលនេះ ទើបនឹង​មាន​ក្រុមហ៊ុនតែ​​មួយ ​ដែល​បាន​ចុះ​បញ្ជី​លក់​មូលបត្រ។

ក្រុមហ៊ុន​រដ្ឋ​ពីរផ្សេងទៀត គឺ​ទូរគមនាគមន៍​កម្ពុជា និង​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ​ក៏​គ្រោង​នឹង​ធ្វើការ​បោះផ្សាយ​លក់​មូលបត្រ​របស់​ខ្លួន​ដែរ នៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ។ ក្រុមហ៊ុន​ទាំងពីរ​នេះ​កំពុង​តែ​​រៀបចំ​ធ្វើ​កំណែទម្រង់​ ដើម្បី​បំពេញ​ទៅតាម​លក្ខខណ្ឌ​នៃ​ការ​ចុះបញ្ជីលក់​មូលបត្រ។ យោងតាម​លោក​អគ្គនាយកក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ ក្រុមហ៊ុន​ទាំងពីរ​ខាងលើ​នេះ​ ទំនង​ជា​​អាច​​រៀបចំ​ខ្លួន​​ចុះបញ្ជីលក់មូលបត្រ​បាន នៅ​ក្នុង​ឆ្នាំ​២០១២​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ