អានតួអត្ថបទ
កម្ពុជា

ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ​បើក​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ សប្ដាហ៍​ក្រោយ​

ស្ពាន​​អាកាស​​ស្ទឹង​មាន​ជ័យ ​នឹង​ត្រូវ​​បើក​សម្ពោធ​​ដាក់​​ឲ្យ​​ដំណើរ​ការ​​ជា​​ផ្លូវ​ការ ​នៅ​​ថ្ងៃ​​ព្រហ​ស្ប​តិ៍ ​ទី​៣១​ កក្កដា ​សប្ដាហ៍​​ក្រោយ​នេះ​។ ​អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ សង្ឃឹម​ថា ​ស្ពាន​​អាកាស​​នេះ ​នឹង​​ជួយ​​សម្រួល​​ការ​កក​ស្ទះ​​ចរាចរណ៍​​នៅ​​តំបន់​​ស្ទឹង​មាន​ជ័យ​​ឲ្យ​​មាន​​ភាព​ប្រសើរ​ឡើង​។ទន្ទឹម​នឹង​​ការ​សម្ពោធ​​ឲ្យ​​ប្រើ​ប្រាស់​​ស្ពាន​​អាកាស​​នេះ ​អាជ្ញាធរ​​ក្រុង ​ក៏​​កំពុង​តែ​​សិក្សា​​ពី​​លទ្ធភាព​​សាង​សង់​​ស្ពាន​​អាកាស​​មួយ​ចំនួន​ទៀត​​ផង​ដែ​រ​។

ស្ពានអាកាសស្ទឹងមានជ័យ ពេលមិនទាន់សាងសង់រាល់រួច។
ស្ពានអាកាសស្ទឹងមានជ័យ ពេលមិនទាន់សាងសង់រាល់រួច។ @សាលាក្រុង
ផ្សាយពាណិជ្ជកម្ម

ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែលជា​ស្ពាន​អាកាស​ទី៣នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ និង​ត្រូវ​បើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃទី៣១កក្កដា ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន។ នេះ​បើតាម​ការបញ្ជាក់​ប្រាប់រ​ប​ស់លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​រូបនេះ​ឲ្យ​ដឹងថា អាជ្ញាធរ​ក្រុង​បាន​សិក្សា​រួចរាល់​ហើយ​ថា គម្រោង​ស្ពាន​អាកាស​ស្ទឹងមានជ័យ ដែលមាន​ទាំង​ផ្លូវ​ក្រោម​ដី​ផង​នោះ ពិតជា​អាចជួយ​សម្រួល​ការកកស្ទះ​ចរាចរណ៍​នៅ​តំបន់​នេះ​បាន។ បើតាម​លោក​ឡុង ឌី​ម៉​ង់ គម្រោង​ស្ពាន​អាកាស​ស្ទឹងមានជ័យ​នេះ ជា​គម្រោង​ធំ បើ​ធៀប​ទៅនឹង​ស្ពាន​អាកាសមុន។ ម្ល៉ោះហើយ វា​នឹង​ជួយ​ឲ្យ​ចរាចរណ៍​ដំណើរ​ការល្អ​ជាង​គម្រោង​ស្ពាន​អាកាស​ដទៃទៀត​យ៉ាង​ប្រាកដ។

គម្រោង​ស្ពាន​អាកាស​មួយ​ទើបតែ​បញ្ចប់ សាលា​រាជធានី​ភ្នំពេញ​បាន និង​កំពុងតែ​សិក្សា​ពី​លទ្ធភាព​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ថ្មី​មួយចំនួនទៀត​រួចទៅហើយ។ គម្រោង​ដែល​បាន និង​កំពុងតែ​សិក្សា​នោះ​រួមមាន នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ត្រង់ចំណុច​ស្តុ​ប​សាលា​តិច​ណូ ស្តុ​ប​កាណាឌីយ៉ា និង​ស្តុ​ប​ទឹកថ្លា។

បើតាម​លោក​ឡុង ឌី​ម៉​ង់ គម្រោង​ស្ពាន​អាកាស​នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី ត្រង់​ស្តុ​ប​សាលា​តិច​ណូ ជា​គម្រោង​អាទិភាព ដែល​សាលា​រាជធានី​គ្រោង​បើក​ការដ្ឋាន​នាពេល​ខាងមុខនេះ។ ផ្លូវ​សហព័ន្ធរុស្ស៊ី ជា​ផ្លូវ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ច្រើន មាន​ចំណុចប្រសព្វ​ច្រើន និង​មានការ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ​ផងដែរ។ ហើយ​ប្រសិនជា​ត្រូវ​សាងសង់​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី អ្នកនាំពាក្យ​រូបនេះ​គូសបញ្ជាក់​បន្ថែមថា សាលា​រាជធានី​ភ្នំពេញ នឹង​ព្យាយាម​ធ្វើយ៉ាងណា ឲ្យ​មានការ​ប៉ះពាល់​តិចតួច​បំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ