អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ថវិកា​ឆ្នាំ ២០១៤ ដោយ​គ្មាន​ព្រឹទ្ធសមាជិក​គណបក្ស​សម រង្ស៊ី

ដូច​ការគ្រោងទុក ព្រឹទ្ធសភា​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ ២០១៤ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយ​គ្មាន​ព្រឹទ្ធសមាជិក​មកពី​គណបក្ស​សម រង្ស៊ី​ទេ។ សមាជិក​ព្រឹទ្ធសភា​ចំនួន ១១រូប​របស់​បក្សប្រឆាំង​បានធ្វើ​ពហិការ​មិន​ចូលប្រជុំ​អនុម័ត​សេចក្តីព្រាង​ច្បាប់​​ដែល​បញ្ជូន​ពី​រដ្ឋសភា​មក​ទេ ក្រោម​ហេតុផល​ថា រដ្ឋសភា​ឯក​បក្ស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយ​មិន​ស្របច្បាប់ ។ ប៉ុន្តែ គណបក្សកាន់អំណាច​យល់ឃើញថា រដ្ឋសភា​និង​រដ្ឋាភិបាល​ត្រូវបាន​បង្កើតឡើង​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

មន្ទីរ​ព្រឹទ្ធសភាជាតិ
មន្ទីរ​ព្រឹទ្ធសភាជាតិ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រឹទ្ធសភា​ដែលជា​ស្ថាប័ន​នីតិបញ្ញត្តិ​កំពូល​បាន​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​ពិភាក្សា​និង​អនុម័ត​ជា​ឯកច្ឆ័ន្ទ​សេចក្តីព្រាងច្បាប់​ចំនួន៤ដែល​រដ្ឋសភា​ទើបតែ​បានអនុម័ត​កាលពី​ថ្ងៃទី១២ វិច្ចិកា។ សេចក្តីព្រាងច្បាប់​ទាំង៤នោះ​រួមមាន សេចក្តីព្រាងច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ចំនួន៣គឺ​ក្រសួង​មុខងារសាធារណៈ ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល។ ចំណែកឯ​សេចក្តីព្រាងច្បាប់​ទី៤គឺ​ស្តីពី​ថវិកាជាតិ​ឆ្នាំ ២០១៤ ។

 

សមាជិក​ព្រឹទ្ធសភា ៤០ នាក់​បាន​ចូលរួម​ពិភាក្សា​និង​អនុម័ត​សេចក្តីព្រាងច្បាប់​ទាំងនោះ​ក្រោម​ការដឹកនាំ​កិច្ចប្រជុំ​ដោយ​លោក សាយ ឈុំ អនុប្រធាន​ទី១នៃ​ព្រឹទ្ធសភា។ គ្មានទេ​វត្តមាន សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ទាំង១១រូប​នៅក្នុង​កិច្ចប្រជុំ​នេះ។ ពួកគេ​បានប្រកាស​ធ្វើពហិការ​មិន​ចូលរួម​ប្រជុំ​ក្នុង​ហេតុផល​នយោបាយ។

នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី បាន​លើក​ហេតុផល​ថា ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ឯក​បក្ស​បាន​ល្មើស​ទៅនឹង​រដ្ឋធម្មនុញ្ញ​និង​មិន​ស្របច្បាប់​ឡើយ។
ដូច្នេះ ពួកគេ​មិន​ចូលប្រជុំ​ព្រឹទ្ធសភា​ដើម្បី​អនុម័ត​សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​ឯក​បក្ស​បានអនុម័ត​នោះទេ។

គួរ​បញ្ជាក់ថា គណបក្ស សម រង្ស៊ី មាន​សមាជិក​ព្រឹទ្ធសភា១១រូប​ដោយ​ពួកគេ​មិនបាន​ប្រកាស​ចូលទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ដោយសារតែ​ចង់​រក្សា​តំណែង​នៅក្នុង​ស្ថាប័ន​កំពូល​នេះ។ ប៉ុន្តែ វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​បានធ្វើ​ឲ្យ​សមាជិកសភា​ជាប់ឆ្នោត​ទាំង ៥៥ រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​មិន​ចូលប្រជុំ​សភា​ទេ។ ដូច្នេះ សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ក៏​ធ្វើពហិការ​មិន​ចូលប្រជុំ​ដូចគ្នា​ដែរ។

ប៉ុន្តែ ពហិការ​នេះ​មិនបាន​បង្ក​ការរាំងស្ទះ​ដល់​ដំណើរការ​កិច្ចប្រជុំ​ឡើយ។ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​សម្អាង​លើ​ការបកស្រាយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ និង​ក្រោម​ព្រះរាជ​វត្តមាន​របស់​ព្រះមហាក្សត្រ បានចាត់ទុក​ការបង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​របស់​ខ្លួន​ថា​បាន​ធ្វើឡើង​ដោយ​គោរព​តាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ សេចក្តីព្រាងច្បាប់​ទាំង៤ដែល​ព្រឹទ្ធសភា​អនុម័ត​នៅ​ថ្ង​នេះ ក៏​ត្រូវបាន​រដ្ឋសភា​អនុម័ត​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ស​ង្រោះ​ជាតិ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ