អានតួអត្ថបទ
កម្ពុជា

លោក ​សម ​រង្ស៊ី ៖ ​វិបត្តិ​នយោបាយ​​មិនទាន់ចប់​ ​បើ​នៅ​មាន​អ្នក​ជាប់​គុក​

មេ​ដឹក​នាំ​​បក្ស​ប្រឆាំង​​លោក ​សម ​រង្ស៊ី ​បាន​​អះ​អាង​​នៅ​ថ្ងៃ​នេះ​​ថា ​វិបត្តិ​​នយោបាយ​​នៅ​​មិន​ទាន់​​ចប់​​ទេ​​ ប្រសិន​បើ​​សកម្ម​ជន​​គណបក្ស​​រប​ស់​លោក​​នៅ​តែ​​ត្រូវ​គេ​​តាម​​ចាប់​ខ្លួន​​ដាក់​ពន្ធនាគារ​។ ​ការ​ព្រមាន​​បែប​នេះ​​បាន​​កើត​ឡើង​​ខណៈ​ដែល​​តុលា​ការ​ចេញ​​ដីកា​​កោះ​ហៅ​​សកម្មជន​​បក្ស​ប្រឆាំង​​ម្នាក់​ទៀត​​គឺ​​លោក ​មៀ​ច ​សុវណ្ណារ៉ា ​ឲ្យ​​ចូល​ខ្លួន​​ទៅ​​បំភ្លឺ​​ពី​បទ​​ញុះ​ញ​ង់​​ឲ្យ​​មាន​​អំពើ​ហិង្សា​។

លោក​ សម​ រង្ស៊ី ​ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​អ្នក​ភូមិ​ឡ​ពោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​។​
លោក​ សម​ រង្ស៊ី ​ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​អ្នក​ភូមិ​ឡ​ពោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​សីហា​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាងថា វិបត្តិ​នយោបាយ​នៅ​មិនទាន់​ចប់​ទេ​ប្រសិនបើ​តុលាការ​នៅ​បន្ត​ចាត់​នីតិវិធី​ប្រឆាំងនឹង​សកម្មជន​គណបក្សប្រឆាំង​ទៀត​នោះ។​ ការ​អះអាង​បែបនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ខណៈដែល​មេដឹកនាំ​បក្សប្រឆាំង​ចុះទៅ​ជួប​អ្នកភូមិ​ឡ​ពាង ខេត្តកំពង់ឆ្នាំង ដែល​ឡើងមក​តវ៉ា​បញ្ហាដីធ្លី​នៅ​ភ្នំពេញ ហើយ​កំពុង​ស្នាក់នៅ​ជាមួយ​អ្នកភូមិ​បឹងកក់។

សារ​ព្រមាន​អំពី​វិបត្តិ​នយោបាយ​មិនទាន់​ចប់​របស់លោក សម រង្ស៊ី បាន​ធ្វើឡើង​ក្រោយពី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីការ​កោះហៅ​សកម្មជន​បក្សប្រឆាំង​ម្នាក់ទៀត​គឺ លោក មៀ​ច សុវណ្ណារ៉ា មន្ត្រី​ទទួលបន្ទុក​ព័ត៌មានវិទ្យា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ថ្ងៃទី១កញ្ញា​ខាងមុខនេះ​ទាក់ទង​នឹង​អំពើហិង្សា​កាលពី​ថ្ងៃទី១៥កក្កដា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ។ ចំណែកឯ​សកម្មជន​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ៣នាក់​ដែល​កំពុង​ជាប់​មន្ទីរឃុំឃាំង​ពីបទ​ចោទ​ដូចគ្នា​ដែរនោះ​ក៏​នៅ​មិនទាន់​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​នៅឡើយ​ដែរ។ 

គួរ​កត់សម្គាល់ថា ក្រោយពី​មាន​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃទី ២២ កក្កដា​មក តំណាងរាស្ត្រ៧នាក់​និង​សកម្មជន​ម្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សរី​ភាព​ពី​ការឃុំ​ឃាំង។ ទោះជា​យ៉ាងណា សំណុំរឿង​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី ១៥ កក្កដា នៅ​មិនទាន់​បិទ​បញ្ចប់​នៅឡើយ​ទេ។ តុលាការ​នៅ​បន្ត​ចោទប្រកាន់​សកម្មជន​ប​ក្ស​សង្គ្រោះ​ជាតិ​ជា​បន្តបន្ទាប់។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ព្រមាន​ថា អ្នក​ញុះញង់ និង​អ្នកប្រព្រឹត្ត​ហិង្សា​នឹងមិន​ត្រូវ​អនុញ្ញាត​ឲ្យ​រួច​ផុតពី​ផ្លូវច្បាប់​ឡើយ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ថា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឲ្យ​ស្មារតី​កិច្ចព្រមព្រៀង​បញ្ចប់​វិបត្តិ​នយោបាយ​កាលពី​ថ្ងៃទី ២២ កក្កដា ត្រូវបាន​គោរព​ទាំងអស់គ្នា​ដើម្បី​បិទ​បញ្ចប់​ទាំងស្រុង​កាកសំណល់​នៃ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ