អានតួអត្ថបទ
កម្ពុជា

សំណើ​សុំ​បញ្ចូល​បេក្ខភាព​លោក​ សម ​រង្ស៊ី​ក្នុង​បញ្ជី​អ្នក​តំណាង​រាស្ត្រ​ទៅ​ដល់​គ.ជ.ប​

សំណើ​​របស់​​គណបក្ស​​ស​ង្គ្រោះ​ជាតិ​​ដែល​​សុំ​​បញ្ចូល​​បេក្ខភាព​​របស់​លោក​​សម ​រង្ស៊ី​​ទៅ​ក្នុង​​បញ្ជី​​អ្នក​តំណាង​រាស្ត្រ ​ជំនួស​​លោក​​គួ​យ ​ប៊ុន​រឿន ​នៅ​​មណ្ឌល​​កំពង់ចាម​ បាន​​ទៅ​ដល់​ គ.ជ.ប ​ហើយ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​២៤ ​កក្កដា​​នេះ​។ ​ស្ថាប័ន​​រៀប​ចំ​​ការ​បោះ​ឆ្នោត​​កំពុង​​ពិនិត្យ​​ឯកសារ​​ហើយ​​អាច​​នឹង​​ចេញ​​សេចក្តី​សម្រេច​​នៅ​​ថ្ងៃ​​សុក្រ​​ស្អែក​​នេះ​។​

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បានទទួល​ឯកសារ​សុំ​ផ្លាស់ប្តូរ​បេក្ខជន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ កក្កដា​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ។  បើតាម​លោក ទេព នីថា គ.ជ.ប បាន​ពិនិត្យ​ឯកសារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​បាន​សុំ​ឲ្យ​គណបក្ស​នេះ​បំពេញបន្ថែម​ចំណុច​ខ្វះខាត​មុននឹង​សម្រេច។ សេចក្តីសម្រេច​ដែល​អាច​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី២៥ កក្កដា។

ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ បាន​ធ្វើឡើង​ដើម្បី​ឲ្យ​លោក សម រង្ស៊ី អាច​ក្លាយជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ស្របច្បាប់ និង​អាច​ចូលធ្វើ​សច្ចាប្រណិធាន​ក្នុង​ព្រះប​រម​រាជវាំង​ជាមួយ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៥៤ នាក់​ផ្សេងទៀត។ បើ​យោងតាម​ប្រភពព័ត៌មាន ពិធី​សច្ចាប្រណិធាន​ត្រូវគេ​គ្រោង​ធ្វើ​នៅ​ថ្ងៃ​សុក្រ២៥កក្កដា​នេះដែរ។

ប្រភពពី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យដឹងថា ប្រធាន​គណបក្ស លោក សម រង្ស៊ី​ដែល​គ្មាន​ឈ្មោះ​ជា​បេក្ខភាព​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នីតិ​កាល​ទី៥ទេនោះ នឹង​ក្លាយជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​លេខ​រៀង​ទី២នៅ​មណ្ឌលកំពង់ចាម​ជំនួស​លោក​គួ​យ ​ប៊ុន​រឿន។ លោក ​គួ​យ ​ប៊ុនរឿន ដែល​នឹងត្រូវ​លាលែង​ពី​តំណែង​តំណាងរាស្ត្រ​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​សម្រាប់​ក្បាលម៉ាស៊ីន​ដឹកនាំ គ.ជ.ប វិញ​តាម​សមាសភាព ៤-៤-១ ដែល​បាន​ព្រមព្រៀង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។  

លោក ទេព នីថា បាន​ពន្យល់ថា នីតិ​វិធី​នៃ​ការផ្លាស់ប្តូរ​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ត្រូវការ​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ ដោយសារ​បេក្ខជន​ដែល​ត្រូវ​ផ្លាស់ប្តូរ​ទាំងពីរ គឺ​លោក សម រង្ស៊ី និង​លោក គួ​យ​ ប៊ុន​រឿន គឺជា​បេក្ខជន​ចាស់​និង​ធ្លាប់​ឈរឈ្មោះ​ជា​តំណាងរាស្ត្រ​ហើយ​នោះ ដូចនេះ គណៈកម្មការ​វាយតម្លៃ​អាច​ទទួលស្គាល់​និង​ផ្លាស់ប្តូរ​បាន​យ៉ាង​ឆាប់រហ័ស។ លោក​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ​ធ្វើឡើង​ស្របទៅតាម​ច្បាប់បោះឆ្នោត។

បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ​នោះ ក្រោយពី គ.ជ.ប ផ្តល់​សុពល​ភាពជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ដល់​លោក សម រង្ស៊ី​ហើយ​នោះ តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៥៥ នាក់​នឹង​ទៅ​ស្បថសច្ចា​ប្រណិធាន​ក្នុង​ព្រះបរមរាជវាំង​មុននឹង​ចូលទៅ​បំពេញ​កៅអី​ក្នុង​រដ្ឋសភា​ឲ្យ​គ្រប់ ១២៣ នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ