អានតួអត្ថបទ
កម្ពុជា

សំណើ​ប្តូរ​បេក្ខភាព​លោក​ សម ​រង្ស៊ី​ទៅ​ដល់​គ.ជ.ប​នៅ​ថ្ងៃ​នេះ​

គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​បញ្ជូន​​សំណើ​​ផ្លាស់​ប្តូរ​​បេក្ខភាព​​របស់​លោក​ ​សម ​រង្ស៊ី​​ប្រធាន​​គណ​បក្ស​​សង្គ្រោះ​ជាតិ​ ទៅ​​ជំនួស​​លោក ​គួ​យ ប៊ុន​រឿន​ តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​​នៅ​​មណ្ឌល​​កំពង់​ចាម​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​ទី​២៤ ​កក្កដា​​នេះ​ហើយ​។ ​ការ​ផ្លាស់​ប្តូរ​​នេះ ​គឺ​​ដើម្បី​​អាច​ឲ្យ​​លោក​ ​សម​ រង្ស៊ី​​ទទួល​បាន​​តំណែង​​ជា​​តំណាង​រាស្ត្រ ​និង​​ចូល​​អង្គុយ​​ក្នុង​​សភា​​បាន​។

លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

សំណើ​​ផ្លាស់ប្តូរ​បេក្ខភាព​របស់លោក សម រង្ស៊ី​ទៅជា​តំណាងរាស្ត្រ​នឹង​ទៅដល់​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក យឹម សុវណ្ណ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក យឹម សុវណ្ណ បាន​បន្ថែមថា គណបក្ស​កំពុង​រៀបចំ​ឯកសារ​ផ្លាស់ប្តូរ។

សូមបញ្ជាក់ថា ការផ្លាស់ប្តូរ​បេក្ខភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺធ្វើឡើង​ក្រោយ​កិច្ចចរចា​ថ្នាក់​កំពូល​​ដើម្បី​បិទ​បញ្ចប់​ជម្លោះ​ដែល​បាន​ធ្វើឡើង​កាលពីដើម​សប្តាហ៍​កន្លងទៅ។ គណបក្ស​សង្គ្រោះ​ជាតិ​បានឲ្យដឹងថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ដែល​មិនមាន​ឈ្មោះ​បេក្ខភាព​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​នីតិ​កាល​ទី៥នេះ បាន​នឹង​ទៅ​ឈរ​នៅ​លេខ​រៀង​ទី២នៅ​មណ្ឌល់​កំពង់ចាម​ជំនួស​បេក្ខភាព​ជាប់ឆ្នោត​លោក​ គួ​យ​ ប៊ុន​រឿន​វិញ។ លោក​គួ​យ​ ប៊ុនរឿន ដែល​នឹងត្រូវ​លាលែង​ពី​តំណែង​តំណាងរាស្ត្រ​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​តំណាង​សម្រាប់​ក្បាលម៉ាស៊ីន​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលមាន​សមាសភាព៤-៤-១ ជាមួយនឹង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ។  នេះ​បើតាម​ការបញ្ជាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។

បើតាម​ការបញ្ជាក់​ពី​លោក ​ទេព ​នីថា អគ្គលេខាធិការ​គ.ជ.ប នីតិ​វិធី​នៃ​ការផ្លាស់ប្តូរ​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ គឺ​ត្រូវការ​រយៈពេល​មួយ​សប្តាហ៍។ ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ដោយសារ​បេក្ខជន​ដែល​ត្រូវ​ផ្លាស់ប្តូរ​ឈ្មោះ​ទាំងពីរ (លោក សម រង្ស៊ី និង​លោក គួ​យ​ ប៊ុន​រឿន) គឺជា​បេក្ខជនចាស់ៗ និង​ធ្លាប់​ឈរ​ជា​តំណាងរាស្ត្រ​ហើយ​នោះ ដូចនេះ គណៈកម្មការ​វាយ​តម្លៃ​អាច​ទទួលស្គាល់​និង​ផ្លាស់ប្តូរ​បាន​យ៉ាង​ឆាប់។ លោក ទេព នីថា ដដែល​បាន​បញ្ជាក់ថា ការផ្លាស់ប្តូរ​នេះ​ស្របទៅតាម​ច្បាប់​នៃ​ការបោះឆ្នោត​ដែលមាន​ចែង។

សូម​រំលឹក​ជូន​ថា ការផ្លាស់ប្តូរ​សមាសភាព​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅឲ្យលោក សម រង្ស៊ី​នេះ ដើម្បី​អាចឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិនមាន​ឈ្មោះ​ជា​តំណាងរាស្ត្រ​ក្នុង​អាណត្តិ​ទី៥រូបនេះ អាច​ចូល​ស្បថ​កាន់តំណែង​ជា​សមាជិកសភា​ស្របច្បាប់​បាន។ យ៉ាងណាក៏ដោយ បើ​គ្មានអ្វី​ប្រែប្រួល​នោះទេ ក្រោយ​គ.ជ.ប ផ្តល់​សុពល​ភាពជា​បេក្ខជន​ជាប់ឆ្នោត​ដល់​លោក សម រង្ស៊ី​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទៅ​ស្បថសច្ចា​ប្រណិធាន​ក្នុង​ព្រះបរមរាជវាំង​នៅ​ថ្ងៃ​សុក្រ​ទី២៥កក្កដា​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ