អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​នឹង​ចាប់​ផ្តើម​ធ្វើការ​នៅ​ដើម​ខែ​កុម្ភៈ​នេះ

គណៈកម្មការ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​នឹង​ចាប់ផ្តើម​ប្រជុំ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី៥​ខែ​កុម្ភៈ​នេះ បន្ទាប់​ពី​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កាលពី​ដើម​ខែ​មករា​រវាង​កម្មករនិង​​សមត្ថកិច្ច ពី​រឿង​តវ៉ា​ប្រាក់​ឈ្នួល​អប្បបរមា ដល់​១៦០ដុល្លារ។​ក្រុម​សហជីព​ដែល​គាំទ្រ​ការទាមទារ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករ មិនមាន​សង្ឃឹម​ពី​លទ្ធផល​វិជ្ជមាន​ណា​មួយ​ឡើយ ប្រសិន​បើ​ពួកគេមិន​បាន​ចូលរួម​នៅ​ក្នុង​គណៈកម្មការ​ដែល​នឹង​ដំណើរការ​នា​ពេល​ឆាប់ៗ​នេះ។

កម្មករកម្មការិនីកម្ពុជា។
កម្មករកម្មការិនីកម្ពុជា។ RFI
ផ្សាយពាណិជ្ជកម្ម

 

គណៈកម្មការ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​កម្មករ​ដែល​ដឹកនាំ​ដោយ​លោក ឧបនាយករដ្ឋមន្ត្រី
គាត ឈន់​នឹង​ចាប់ផ្តើម​ដំណើរការ​កិច្ចប្រជុំ​របស់ខ្លួន​ជា​លើកដំបូង​នៅ​ថ្ងៃ​ពុធ​ទី ៥ខែកុម្ភៈ​ខាងមុខនេះ។ កិច្ចប្រជុំ​របស់​គណៈកម្មកា​រ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​ដោយ​រដ្ឋាភិបាល ដែលមាន​សមាសភាព​ស្ថាប័ន​ពាក់​ពា័​ន្ធ​ជាច្រើន​ជា​សមាជិក​នោះ ត្រូវ​ដំណើរការ​នៅ​ដើមខែ​កុម្ភៈ​នេះ បន្ទាប់ពី​មានការ​តវ៉ា​យ៉ាងខ្លាំង​ក្លារ​ពី​សំណាក់​កម្មករ​នៃ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ កាលពីដើម​ខែមករា ធ្វើ​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស ហើយ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​និង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ។

លោក វង្ស សុវណ្ណ អគ្គលេខាធិការរង​គ​ណៈ​កម្ម​ការដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​គ្រប់
មុខសញ្ញា​នៃ​ក្រសួង​ការងារ បាន​ថ្លែងថា លោក​មិនមាន​ព័ត៌មាន​ស៊ីជម្រៅ​ទាក់ទង​ទៅនឹង​កិច្ច
ប្រជុំ ឬក៏​ដំណើរការ​របស់​គណៈកម្មកា​រ​ថ្មី​ដែល​ហួស​ពី​សមត្ថភាព​របស់លោក។ក៏ប៉ុន្តែ​លោក វង្ស សុវណ្ណ បង្ហើប​ថា​កិច្ចប្រជុំ​នោះ​ទំនងជា​ការជួបគ្នា​ដំបូង​ណែនាំ​ពី​សមាសភាព​ពី​មន្ត្រី​ដែល
មកពី​ក្រសួង​ការងារ, ក្រសួង​ហិរញ្ញវត្ថុ, ក្រសួង​ឧស្សាហកម្ម និង​អង្គភាព ពាក់ព័ន្ធ​មួយចំនួនទៀត។ គណៈកម្មការ​នេះ​មើល​ទៅនឹង​ផ្តើម​ស្រាវជ្រាវ​ពី​ស្ថានភាព និង​ជីវភាព​រស់នៅ​របស់កម្មករ កម្មការិនី​នៃ​វិស័យ​កាត់ដេរ នៅ​ទូទាំងប្រទេស ហើយនឹង​ស្រាវជ្រាវ​ផងដែរ​ពី​អតិផរណានិង​តម្លៃ​ទំនិញ​លើ​ទីផ្សារ ធៀប​ទៅនឹង​ប្រាក់​ឈ្នួល​កម្មករ​បច្ចុប្បន្ន។

ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ដែល​បាន​គាំទ្រ​ដល់​ការទាមទារ​តម្លើង​ប្រាក់​ឈ្នួល​របស់​កម្មករ ជាមួយ​សហជីព៥ផ្សេងទៀត ថ្លែងថា ប្រសិនបើ​ការសិក្សា​ប្រាក់​ឈ្នួល​របស់​គណៈកម្មការ​មួយ​នេះ ធ្វើឡើង​ដោយ​ត្រឹមត្រូវ នោះគេ​នឹង​បាន​ទិន្នន័យ មួយ​ថ្នាក់ជាតិ ជា​ប្រយោជន៍​សម្រាប់​វាយតម្លៃ​ទៅលើ​ការផ្តល់ប្រាក់​ឈ្នួល​ពិតប្រាកដ
មួយ​ដល់ក​ម្មករ។ ក៏ប៉ុន្តែ​មេដឹកនាំ​សហជីព រូបនេះ បាន​និយាយ​ទុកជាមុន​ថា លទ្ធផល​នឹង
ឥតប្រយោជន៍ ប្រសិនបើ​ពុំមាន​ការចូលរួម​ពី​តំណាង​សហជីព​ឯករាជ្យ និង​អង្គការ​ពលកម្ម
អន្តរជាតិ ILO។

សូមបញ្ជាក់ថា បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​ហឹ​ង្សា​រ​កាលពី​ថ្ងៃទី ២និង​ទី៣មករា កន្លងទៅនេះ រវាង​កម្មករ​និង​សមត្ថកិច្ច ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន៤នាក់ និង​របួស​ជាច្រើន​នាក់​ថែមទាំង​មានការ​ចាប់ឃុំខ្លួន​សក​ម្ម​ជន ២៣នាក់​ផង​នោះ  រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​ចំនួន​បី ក្នុងនោះ​មាន​គណៈកម្មការ​ស្រាវជ្រាវ​ប្រាក់​ឈ្នួល​កម្មករ​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ