កម្ពុជា-ថៃ - 
អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ ពុធ 08 កុម្ភៈ 2012 - ព័ត៌មានទើប​កែប្រើ​លើកចុងក្រោយ​ ថ្ងៃ ពុធ 08 កុម្ភៈ 2012

កម្ពុជា​ជូនដំណឹង​ទៅ​តុលាការ​ឡាអេ​អំពី​សកម្មភាព​យោធា​ថៃ​នៅ​ភ្នំ​ទ្រព្យ

តុលាការ​ក្រុងឡាអេ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្ពុជា​និង​ថៃ​ដក​ទ័ព​​ជា​បណ្តោះអាសន្ន​ចេញពី​តំបន់ព្រះវិហារ
តុលាការ​ក្រុងឡាអេ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្ពុជា​និង​ថៃ​ដក​ទ័ព​​ជា​បណ្តោះអាសន្ន​ចេញពី​តំបន់ព្រះវិហារ
សុវណ្ណារ៉ា/RFI

ដោយ លាង ដឺលុច

កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​ផ្ញើទៅ​រដ្ឋាភិបាល​ថៃ​ហើយ​ នៅ​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​នេះ​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​របស់​យោធា​ថៃ ​ដែល​ដឹក​ជញ្ជូន​គ្រឿង​សំណង់​ ដើម្បី​សាងសង់​ព្រះវិហារ​ នៅ​លើ​កំពូល​ភ្នំ​ទ្រព្យ។ កំណត់​ទូត​តវ៉ា​នេះ​ក៏​ត្រូវ​បាន​ចម្លង​ជូន​ទៅ​តុលាកា​ឡាអេ​ផងដែរ​ ដើម្បី​បង្ហាញ​ថា យោធា​ថៃ​កំពុង​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា និង​រំលោភ​ដីកា​បញ្ជា​របស់​តុលាការ​ក្រុង​ឡាអេ​ ថ្ងៃ​ទី​១៨​កក្កដា ​ឆ្នាំ​២០១១។

សេចក្តីរាយការណ៍​របស់​លាង ដឺលុច ពី​ភ្នំពេញ
 

08/02/2012

រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ផ្ញើ​កំណត់ទូត​តវ៉ា​ប្រឆាំង​សកម្មភាព​យោធា​ថៃ ​នៅ​ថ្ងៃ​ពុធ​ទី​៨​កុម្ភៈ​នេះ ទៅ​រដ្ឋាភិបាល​ក្រុង​បាងកក​ហើយ។ ​កំណត់ទូត​ស្តី​បន្ទោស​យោធា​ថៃ​នេះ​ក៏​ត្រូវ​បាន​ថតចម្លង និង​ផ្ញើ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​ដូច​គ្នា​ដែរ។
 
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក កុយ គួង បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ​ អំពី​ខ្លឹមសារ​នៃ​កំណត់​ទូត ​ដែល​ពិពណ៌នា​អំពី​ការ​រំលោភ​បំពាន​របស់​យោធា​ថៃ ​ដែល​កាល​ពី​ថ្ងៃ​អង្គារ បាន​ដឹក​ជញ្ជូន​គ្រឿង​សំណង់​ឡើង​លើ​ភ្នំ​ទ្រព្យ​ដែល​កម្ពុជា​អះអាង​ថា​ស្ថិត​នៅក្នុង​បូរណភាព​ទឹកដី​ខ្លួន។
 
យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​ការបទេស​រូប​នេះ នៅក្នុង​កំណត់ទូត​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​ថា សកម្មភាព​របស់​យោធា​ថៃ​បាន​រំលោភ​ទៅលើ​បូរណភាព​ទឹកដី​របស់​កម្ពុជា ហើយ​​​ក៏​កំពុង​រំលោភ​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​ ដែល​ចែង​អំពី​តំបន់​គ្មាន​កងទ័ព​បណ្តោះ​អាសន្ន​នោះ​ដែរ។
 
បើយោងតាម​ការ​បញ្ជាក់​របស់​មេបញ្ជា​កងពល​ធំ​អន្តរាគម​ន៍លេខ​៣ លោក​ឧត្តមសេនីយ​ឯក​ ស្រី ឌឹក ស្ថានភាព​នៅ​តំបន់​ភ្នំទ្រព្យ​នៅ​ថ្ងៃ​នេះ ស្ងប់ស្ងាត់​ធម្មតា​ទេ បន្ទាប់​ពី​កម្ពុជា​បាន​ហាម​ប្រាម​មិន​អោយ​កងទ័ព​ថៃ​ឡើង​ទៅ​កាន់​កំពូល​ភ្នំ​ទ្រព្យ។
 
កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពី​វិលត្រឡប់​ពី​​ប្រទេស​ចិន​មកដល់​កម្ពុជា​​វិញ លោក​រដ្ឋមន្ត្រី​ការបរទេស​ហោ ណាំហុង​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ដែល​សួរ​លោក​អំពី​សកម្មភាព​របស់​យោធា​ថៃ​នេះ​ថា ភ្នំទ្រព្យ​គឺ​ស្ថិត​នៅក្នុង​បូរណភាព​ទឹកដី​កម្ពុជា ដែល​កម្ពុជា​ត្រូវ​ការពារ៕

tags: កម្ពុជា - ជម្លោះព្រំដែនខ្មែរ-ថៃ - តុលាការយុត្តិធម៌អន្តរជាតិ - ថៃ
ទាក់ទងនឹងប្រធានបទនេះ​ដែរ :
អត្ថាធិប្បាយ
ប្រតិកម្ម​ជុំវិញ​អត្ថបទនេះ
The content of this field is kept private and will not be shown publicly.
To prevent automated spam submissions leave this field empty.
CAPTCHA
This question is for testing whether you are a human visitor and to prevent automated spam submissions.
Image CAPTCHA
Enter the characters (without spaces) shown in the image.
Close