អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​ភ្នំពេញ​យក​ហ្វេសប៊ុក​ដើម្បី​ទទួល​កា​រ​រិះ​គន់ ​និង​សំណូមព​រ​ពី​ពលរដ្ឋ​

ដើម្បី​​ពិភាក្សា​​ពី​​ទុក​​កង្វល់​​និង​​សំណូមពរ​ រួម​ទាំង​​ដំណោះ​ស្រាយ​​របស់​​ប្រជា​ពលរដ្ឋ ​សាលា​​រាជ​ធានី​​ភ្នំពេញ​​បាន​​បង្កើត​​ទំព័រ​​ហ្វេ​ស​​ប៊ុ​ក​មួយ​​ដែល​​មាន​​ឈ្មោះ​ថា ​រាជ​ធានី​​ភ្នំពេញ​។ ​ទំព័រ​​ក្នុង​​បណ្តាញ​​សង្គម​​ហ្វេ​ស​ប៊ុ​ក​​នេះ​​ជា​​វេទិកា​​ឆ្លើយ​ឆ្លង​​គ្នា​​រវាង​​ប្រជា​ពលរដ្ឋ​​ក្នុង​​ទីក្រុង​​ភ្នំពេញ ​និង​​មន្ត្រី​​អាជ្ញាធរ​​ក្រុង​។ ​ប៉ុន្តែ​​អ្នក​ស្រាវជ្រាវ​​សង្គម​ បាន​​លើក​ឡើង​ថា​ ​សាលា​​រាជធានី​​គួរ​តែ​​ចុះ​​ជួប​​ប្រជា​ពលរដ្ឋ​​និង​​ជួប​ប្រជុំ​​នោះ ​នឹង​​អាច​​ដោះ​ស្រាយ​បាន​​បញ្ហា​​ច្រើន​ជាង​។​

ទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ។
ទំព័រហ្វេសប៊ុករបស់សាលារាជធានីភ្នំពេញ។ RFI
ផ្សាយពាណិជ្ជកម្ម

សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​វេទិកា​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាមរយៈ​ការបង្កើត​ទំព័រ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​ហៅថា Page។ លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ពី​គោលបំណង​នៃ​ទំព័រ​ដែលមាន​ឈ្មោះថា រាជធានី​ភ្នំពេញ​នេះ ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់​សាលា​រាជធានី​ភ្នំពេញ ការ​សំណូមពរ និង​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ។ ក្រៅពីនោះ អ្នកនាំពាក្យ​ដដែល​នេះ បាន​លើកឡើងថា ទំព័រ​ដែល​បាន​បង្កើត​តាំងពី​ដើមឆ្នាំ២០១៤មក ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​របស់​សាលា​រាជធានី​ភ្នំពេញ​ក្នុងការ​បម្រើសេវា​ជួន​ប្រជាពលរដ្ឋ​ផងដែរ។

តាមរយៈ​ការបង្កើត​ទំព័រ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ លោក​ឡុង​ ឌី​ម៉​ង់ បាន​លើកឡើងថា សាលា​រាជធានី បាន​យល់​កាន់តែច្បាស់​ពី​បំណង និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចងក្រង​ចេញ​ជា​របាយការណ៍​ដើម្បី​ដាក់ចេញ​នៅ​ការអនុម័ត និង​ការអនុវត្ត​ភ្លាម។ ប៉ុន្តែ​អ្នកនាំពាក្យ​ដដែល​នេះ បាន​លើកឡើងថា ទំព័រ​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​មិនមែនជា​ការិយាល័យ​សម្រាប់​ដើរតួនាទី​ជំនួស​រដ្ឋបាល​របស់​អា​ជ្ញា​ធរ​ក្រុង​នោះទេ។ សូម​កត់សម្គាល់ថា អាជ្ញាធ​របស់​រដ្ឋាភិបាល​ត្រូវបាន​គេ​កត់សម្គាល់​ឃើញថា មិនសូវមាន​ទំនាក់ទំនង​ល្អ​ប្រជាពលរដ្ឋ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​រាស្ត្រ​នោះទេ។

អ្នកវិភាគ​ការអភិវឌ្ឍ​សង្គម លោកបណ្ឌិត ​កែម ឡី បាន​លើកឡើងថា​ការបង្កើត​ទំព័រ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​គឺ​គ្រាន់តែ​ជា​អ្វីដែល​ធ្វើឱ្យ​ល្អមើល​តែ​ប៉ុណ្ណោះ ​ហើយយូរៗទៅ ប្រជាពលរដ្ឋ​នឹង​លែង​ផ្តល់យោបល់។ ព្រោះថា​សាលា​រាជធានី​ភ្នំពេញ​ត្រូវតែ​បង្ហាញ​ពី​យន្តការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត។ ហើយ​ដើម្បីឱ្យ​សំណូមពរ​របស់​ពលរ​ដ្ឋ​កាន់​តែមាន​ប្រសិទ្ធភាព​ទៀត​នោះ គឺ​សាលាក្រុង​ត្រូវតែ​ផ្តល់ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ។ ពោលគឺ​អាចឱ្យ​ពលរដ្ឋ​មាន​សិទ្ធ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់។

លោក​កែម ឡី​ អ្នកវិភាគ​បញ្ហា​សង្គម បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ គួរតែ​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​បង្កើត​វេទិកា​សួរដេញដោល​វិញ ប្រសើរ​ជាជាង​ការបង្កើត​ទំព័រ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រឹមតែ​ផ្តល់នូវ​ប្រសិទ្ធភាព​តិចតួច​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ