អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​​ចាប់​​ផ្តើម​​រឹត​​បន្តឹង​សន្តិសុខ​ សុវត្ថិភាព​ខ្លាំង​ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​

នៅ​តែ​​មួយ​ថ្ងៃ​​ទៀត​​ប៉ុណ្ណោះ​ ពោល​គឺ​ថ្ងៃ​ចន្ទ​ស្អែក​នេះ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នឹង​ឈាន​ចូល​មកដល់។ ក្នុងខណៈ​នេះ ប្រជា​ពល​រដ្ឋ​ជាច្រើន​បាន និង កំពុង​សម្រុក​ធ្វើដំណើរ​ទៅកាន់​ស្រុក​កំណើតរៀងៗខ្លួន ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំថ្មី​នេះ។ ទន្ទឹមគ្នា​នេះដែរ កងកម្លាំង​អាជ្ញាធរ​បាន​រឹតបន្តឹង និង កំពុង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱ​កាស​ដ៏​សែនសប្បាយរីករាយ​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ ទី ១៤ មេសា ស្អែក​នេះ បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នឹង​ឈានចូល​មកដល់។ក្រុម​អាជ្ញា​ធរមាន​សមត្ថកិច្ច និង កងរាជអាវុធហត្ថ​បាន​ត្រៀមខ្លួន​រូ​ច​ជាស្រេច ​ដើម្បី​រឹតបន្តឹង​ក្នុង​ការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ក្នុងឱ​កាស​ដ៏​រីក​រាយ​នេះ។

លោក ឧ​ត្ត​ម​សេនីយ៍​ឯក គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រាប់​វិទ្យុ​​បារាំង​អន្តរជាតិ RFI នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ ថា កងកម្លាំង​នគរបាលជាតិ​បាន​រឹតបន្តឹង និង បាន​ត្រៀមខ្លួន​រូ​ច​ជាស្រេច​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ទូទៅ​នៅ​ទូទាំងប្រទេស។ អ្នក​ពាក្យ​រូប​នេះ បាន​បន្តថា អាជ្ញាធរ​នឹង​បង្កើន​ការ​យាមល្បាត​តាម​រមនីយដ្ឋាន​នានា ក៏​ដូច​ទី​វត្ត​អារាម និង បាន​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការសម្រួល​ចរាចរណ៍​ផងដែរ។ បន្ថែម​លើ​នេះ អាជ្ញាធរ​នឹង​បន្ត​រឹតបន្តឹង​ខ្លាំង​លើ​ការការពារ​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង បញ្ហា​អគ្គិភ័យ។

លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​សង្កត់ធ្ងន់ថា គ្រប់​ទីតាំង គ្រប់កន្លែង​ទាំងអស់​អាជ្ញា​ធរមាន​ស​ម​ត្ថ​កិច្ច​នៅតែមាន​សកម្មភាព​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បានល្អ​នៅ​ឪ​កាស​បុណ្យ​ចូលឆ្នាំថ្មី​នេះ។

ដូចគ្នានេះដែរ លោក ខេង ទី​តូ អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ដែរ​ថា កងរាជអាវុធហត្ថ​ទាំងអស់​នឹងមិន​ឈប់សម្រាក​នោះទេ​ក្នុងអំឡុង​បុណ្យចូលឆ្នាំ​នេះ គឺ ត្រូវ​ការ​ពារ​សន្តិសុខ សុវត្ថិភាព ឲ្យ​បាន​មួយរយ​ភាគរយ និង ២៤ ម៉ោង លើ ២៤ម៉ោង ជូន​ប្រ​ជា​ពលរដ្ឋ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ទាំងពីរ​បាន​អះអាង​ដូចគ្នា​ថា អាជ្ញាធរ​នឹង​រឹតបន្តឹង​ខ្លាំង​លើ​ការ​រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និង ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ខេត្តសៀមរាប ពី ព្រោះ​ក្នុង​ខេត្ត​នេះ​នឹង​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ដែលមាន​មនុស្ស​ចូលរួម​ច្រើន។

មុន​ថ្ងៃ​ចូលឆ្នាំ​មកដល់ ជា​បន្តបន្ទាប់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង សាលា​រាជ​នី​ភ្នំពេញ​ជាដើម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ និង គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ធ្វើដំណើរ។

ងាក​មក​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃអាទិត្យ​នេះ​ហាក់​មាន​ភាពស្ងប់ស្ងាត់​ខ្លាំង​ដោយសារ​ប្រជា​ពលរដ្ឋ​ជាច្រើន​បាន និង កំពុង​សម្រុក​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ដើម្បី​ចូលរួម​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ខ្មែរ។បណ្តា​ហាង ក៏ដូចជា​ភោជនីយដ្ឋាន​មួយចំនួន​បាន​បិទ​ទ្ធា រីឯ​តាម​ដងផ្លូវ​វិញ​​មាន​ភាព​ទូលាយ​ជាង​សព្វដង​ដែល​ធ្លាប់តែ​កកស្ទះ និង ពោរពេញ​ដោយ​ចរាចរណ៍​ទៅ​មក​​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ