អានតួអត្ថបទ
កម្ពុជា

សាលា​ក្រុង​ភ្នំពេញ​​យក​ហ្វេ​ស​​ប៊ុ​ក​​ដើម្បី​​ទទួល​ការ​រិះគន់ និង​សំណូមពរ​ពី​ពលរដ្ឋ

ដើម្បី​ពិភាក្សា​ពី​ទុក​កង្វល់​និង​សំណូមពរ រួមទាំង​ដំណោះស្រាយ​របស់​ប្រជាពលរដ្ឋ​សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​ទំព័រ​ហ្វេ​ស​ប៊ុ​កមួយ​ដែល​មា​ឈ្មោះថា រាជធានី​ភ្នំពេញ។ ទំព័រ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នេះ​ជា​វេទិការ​ឆ្លើយឆ្លង​គ្នា​រវាង​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ និង​មន្ត្រី​អាជ្ញាធរ​ក្រុង។ ប៉ុន្តែ​អ្នកស្រាវជ្រាវ​សង្គម បាន​លើកឡើងថា សាលា​រាជធានី​គួរតែ​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​ជួបប្រជុំ​នោះ នឹង​អាច​ដោះស្រាយបាន​បញ្ហា​ច្រើនជាង។

ពលរដ្ឋ​លើក​សំណើរ​របស់​ខ្លួនទៅកាន់អាជ្ញាធរ។
ពលរដ្ឋ​លើក​សំណើរ​របស់​ខ្លួនទៅកាន់អាជ្ញាធរ។ @Facebook
ផ្សាយពាណិជ្ជកម្ម

សាលា​រាជធានី​ភ្នំពេញ​បាន​បង្កើត​វេទិការ​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​តាមរយៈ​ការបង្កើត​ទំព័រ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ឬ​ហៅថា Page។ លោក​ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​និយាយ​ពី​គោលបំណង​នៃ​ទំព័រ​ដែលមាន​ឈ្មោះថា រាជធានី​ភ្នំពេញ​នេះ ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់​សាលា​រាជធានី​ភ្នំពេញ ការ​សំណូមពរ និង​ទុក​កង្វល់​របស់​ប្រជាពលរដ្ឋ។ ក្រៅពីនោះ អ្នកនាំពាក្យ​ដដែល​នេះ បាន​លើកឡើងថា ទំព័រ​ដែល​បាន​បង្កើត​តាំងពី​ដើមឆ្នាំ២០១៤មក ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​របស់​សាលា​រាជ​ធានី​​ភ្នំពេញ​ក្នុងការ​បម្រើសេវា​ជួន​ប្រជាពលរដ្ឋ​ផងដែរ។

 
តាមរយៈ​ការបង្កើត​ទំព័រ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ លោក​ឡុង​ឌី​ម៉​ង់ បាន​លើកឡើងថា សាលា​រាជធានី បាន​យល់​កាន់តែច្បាស់​ពី​បំណង​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដើម្បី​ចងក្រង​ចេញ​ជា​របាយការណ៍​ដើម្បី​ដាក់ចេញ​នៅ​ការអនុម័ត និង​ការអនុវត្ត​ភ្លាម។ ប៉ុន្តែ​អ្នកនាំពាក្យ​ដដែល​នេះ បាន​លើកឡើងថា ទំព័រ​ថ្មី​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​មិនមែនជា​ការិយាល័យ​សម្រាប់​ដើរតួនាទី​ជំនួស​រដ្ឋបាល​របស់​អា​ជ្ញា​ធរ​ក្រុង​នោះទេ។ សូម​កត់សំគាល់ថា អាជ្ញាធ​របស់​រដ្ឋាភិបាល​ត្រូវបាន​គេ​កត់សំគាល់​ឃើញថា មិនសូវមាន​ទំនាក់ទំនង​ល្អ​ប្រជាពលរដ្ឋ​ដើម្បី​ស្វែងយល់​ពី​តម្រូវការ​របស់​រាស្ត្រ​នោះទេ។

អ្នកវិភាគ​ការអភិវឌ្ឍ​សង្គម លោក បណ្ឌិត​កែម ឡី បាន​លើកឡើងថា​ការបង្កើត​ទំព័រ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​ក្រុងភ្នំពេញ​គឺ​គ្រាន់តែ​ជា​អ្វីដែល​ធ្វើឱ្យ​ល្អមើល​ត​ប៉ុណ្ណោះ​ហើយយូរៗទៅ ប្រជាពលរដ្ឋ​នឹង​លែង​ផ្តល់យោបល់។ ព្រោះថា​សាលា​រាជធានី​ភ្នំពេញ​ត្រូវតែ​បង្ហាញ​ពី​យន្តការ​​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឱ្យមាន​ប្រសិទ្ធភាព​បំផុត។ ហើយ​ដើម្បីឱ្យ​សំណូមពរ​របស់​ពលរ​ដ្ឋ​កាន់​តែមាន​ប្រសិទ្ធភាព​ទៀត​នោះ គឺ​សាលាក្រុង​ត្រូវតែ​ផ្តល់ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ។ ពោលគឺ​អាចឱ្យ​ពលរដ្ឋ​មាន​សិទ្ធ​ទទួលបាន​ព័ត៌មាន​គ្រប់គ្រាន់។

លោក​កែម ឡី​អ្នកវិភាគ​បញ្ហា​សង្គម បាន​អះអាងថា សាលា​រាជធានី​ភ្នំពេញ គួរតែ​ចុះ​ជួប​ប្រជាពលរដ្ឋ​និង​បង្កើត​វេទិការ​សួរដេញដោល​វិញ ប្រសើរ​ជាជាង​ការបង្កើត​ទំព័រ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រឹមតែ​ផ្តល់នូវ​ប្រសិទ្ធភាព​តិចតួច​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ