អានតួអត្ថបទ
កម្ពុជា

ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ខេត្ត​ក្រ​ចេះ ​ព្រ​មាន​ចេញ​ដើរ​ជា​ថ្មី​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​

ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ត​ទៅ​ ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ​ នឹង​ចាប់​ផ្តើម​ដើរ​ដង្ហែដាក់​ញត្តិ​ទៅ​កាន់​ស្ថា​ប័ន​ធំ​ៗ​ជា​ថ្មី​ម្តង​ទៀត​ ប្រ​សិន​បើ​អា​ជ្ញា​ធរ​មិន​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គេ​ឲ្យ​បាន​ឆាប់​។​ ការ​ដើរ​ដង្ហែ​ដាក់​ញត្តិ​នៅ​ក្នុង​ទី​ក្រុង​ នឹង​បង្ក​ការ​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង​ថែម​ទៀត​ សម្រាប់អា​ជ្ញា​ធរ​ទី​ក្រុង​ភ្នំ​ពេញ​។​ តែ​អា​ជ្ញា​ធរ​អះ​អាង​ថា​ កំ​ពុង​ដោះ​ស្រាយ​។

ការដើរដង្ហែក្បួន​បាតុកម្ម របស់ប្រជាជនដែលមានជម្លោះដីធ្លី។
ការដើរដង្ហែក្បួន​បាតុកម្ម របស់ប្រជាជនដែលមានជម្លោះដីធ្លី។ RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ប្រ​ជា​ពល​រដ្ឋ​មក​ពី​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ ​នៅ​ថ្ងៃ​សុក្រ​ទី​២៩​សី​ហា​នេះ ​បាន​អំ​ពាវ​នាវ​ឲ្យ​អា​ជ្ញាធរ​ខេត្ត​ក្រ​ចេះ ប្រ​ញាប់​ប្រ​ញា​ល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​របស់​ពួក​គេ​ និង​កុំ​ពន្យារ​​ពេល​ត​ទៅ​ទៀត​។ ​ប្រ​ជា​ពល​រដ្ឋ​ជាង​១០០​នាក់​ តំ​ណាង​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​៣៨០​គ្រួសារ​ ដែល​មាន​ជម្លោះដីធ្លី​ជា​មួយ​ក្រុម​ហ៊ុន ហឹ​រ៉ា​យ​ហ្ស៊ិ​ន អេ​ហ្គ្រី​ខាល់​ឈ័​រ ឌី​វី​ឡុ​ប​មែន លើ​ផ្ទៃ​ដី​ជាង​១​ពាន់​ហិច​តា ​នៅ​ឃុំ​ស្នួល ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ​នេះ ​បាន​ឡើង​មក​ត​វ៉ា​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​តាំង​ពី​ពាក់​កណ្តាល​ខែសី​ហា​ ហើយកំ​ពុង​ស្នាក់​នៅ​ក្នុង​វត្ត​សាម​គ្គី​រង្សី​។​ ប៉ុ​ន្តែ​បច្ចុ​ប្បន្ន​ពួក​គេ​កំ​ពុង​ជួប​ការ​លំ​បាក ​ដូ​ច្នេះ​ មាន​តែ​សំ​ណូម​ពរ​ឲ្យអា​ជ្ញា​ធរ​ព​ន្លឿ​ន​ការ​ដោះ​ស្រាយ​ឲ្យ​​បាន​ឆាប់​។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ សួន​ វិច្ឆិការ​ តំ​ណាង​ប្រ​ជា​ពល​រដ្ឋ​។ ​

លោក​បាន​ឲ្យ​ដឹង​ថា ​ប្រ​ជា​ពល​រដ្ឋ​នឹង​ចាប់​ផ្តើម​ដង្ហែ​ញត្តិ​ជា​ថ្មី​ ចាប់​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ​ទៅ​ ដើ​ម្បី​សុំ​កិច្ច​អន្ត​រា​គមន៍​បន្ថែម​ ក្នុង​នោះ​រួម​មាន​ ទី​១​គឺ​ស្ថា​ប័ន​ព្រះ​មហា​ក្សត្រ​ ទី​២​ស្ថា​ប័ននា​យក​រដ្ឋ​មន្ត្រី ​និង​ទី​៣គឺ​ស្ថា​ប័ន​រដ្ឋ​ស​ភា​។

កាល​ថ្ងៃ​ទី​១៨​សី​ហា​កន្លង​ទៅ ​លោក​នា​យក​រដ្ឋ​មន្ត្រី ​ហ៊ុន​ សែន​ បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​នៅក្នុង​សំ​ណុំ​រឿង​ជម្លោះដី​ធ្លី​នៅ​ឃុំ​ស្នួល​ ស្រុក​ស្នួល ​ខេត្ត​ក្រ​ចេះ​នេះ​ នៅ​ពេល​ដឹង​ថា​ ប្រ​ជា​ពល​រដ្ឋ​ទាំង​នោះ​បាន​ឡើង​មក​ត​វ៉ា​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​។ ​ក្រោយ​មក​អា​ជ្ញា​ធរ​បាន​ប្រ​ញាប់​ប្រ​ញា​ល់​មក​ជួប​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ដែល​កំ​ពុង​ស្នាក់​នៅ​ក្នុង​វត្ត​សា​មគ្គី​រង្សី និង​បាន​សន្យា​ដោះ​ស្រាយ​ឲ្យ​បាន​ឆាប់​។​

លោក​ វុទ្ធី​ វណ្ណា​រ៉ា​ ប្រ​ធាន​លេ​ខា​ធិ​ការ​ដ្ឋាន​ គណៈ​កម្ម​ការ​សុ​រិ​យោ​ដី​ថ្នាក់​ជាតិ​ ដែល​ចូល​រួម​ ស្រង់​ព័ត៌​មាន​ពី​ប្រ​ជា​ពល​រដ្ឋ​កាល​ពី​ថ្ងៃ​ទី​២៦​សី​ហា ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បា​រាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​នេះ​ថា​ លោក​កំ​ពុង​ព្យា​យាម​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ​ តែ​លោក​មិន​អាច​បញ្ជាក់​បាន​នៅ​ឡើយ​ទេ​ថា ​ថ្នាក់​ដឹក​នាំ​នឹង​សម្រេច​យ៉ាង​ណា ​និង​នៅ​ពេល​ណា។​ ដោយ​លោក​បាន​សុំ​ឲ្យប្រ​ជា​ពល​រដ្ឋ​អត់​ធ្មត់​។​ ហើយ​នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ខាង​មុខ​នេះ ​អា​ជ្ញា​ធរ​នឹង​កោះ​ប្រ​ជុំ​ជា​មួយ​ប្រ​ជា​ពល​រដ្ឋ​ជា​ថ្មី​ម្តង​ទៀត​ នៅ​សា​លា​ខេត្ត​ក្រ​ចេះ ​ប៉ុ​ន្តែ​ប្រ​ជា​ពល​រដ្ឋ​អះ​អាង​ថា ​នឹង​មិន​ចូល​រួម​នោះ​ទេ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ