អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រជែង​គ្នា​ទាំង​ពីរ​អះអាង​ពី​ការ​ចំណេញ​និង​បាត់​សំឡេង​ទៅ​វិញ​ទៅ​មក​

តំណាង​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ពី​ស្ថានភាព​បឋម​របស់ខ្លួនរៀងៗខ្លួន ​គិត​មកទល់​ថ្ងៃ​ត្រង់នេះ ​ទាក់ទង​ទៅ​ដំណើរការ​បោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅ​ថ្ងៃទី១៨ខែឧសភា​នេះ។ គណបក្ស​ទាំងពី​បានបង្ហាញ​ពី​ការបាត់បង់​និង​ការ​ចំណេញ​សំឡេង​ទៅវិញទៅមក និង​មានការ​ពន្យល់​ពី​មូលហេតុផ្សេងៗពី​បញ្ហា​ទាំងអស់នោះ ខណៈដែល​គ.ជ.ប. ប្រកាស​បឋម​ដែរ​ថា មាន​ភាពរលូន។ 

ការបោះឆ្នោតឃុំសង្កាត់
ការបោះឆ្នោតឃុំសង្កាត់
ផ្សាយពាណិជ្ជកម្ម

 

អង្គ​បោះឆ្នោត​ដែលជា​សមាជិក​ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅតាម​បណ្តាខេត្ត​ក្រុង​បាន​ទៅកាន់
មណ្ឌលបោះឆ្នោតរៀងៗខ្លួន​ទាំង ១៩៧ការិយាល័យ​កាលពី​ម៉ោង ៧ព្រឹក។ មណ្ឌល​មួយចំនួន​បានបញ្ចប់​និង​បាន​រាប់​សន្លឹកឆ្នោត​យ៉ាង​ឆាប់រហ័ស រីឯ​មណ្ឌល​មួយចំនួនទៀត​មាន​ភាពយឺតយ៉ាវ​ដោយសារ​អង្គ​បោះឆ្នោត​មាន​មានធុរៈ មិនអាច​ធ្វើដំណើរ​ទៅកាន់​មណ្ឌលបោះឆ្នោត​ទាន់ពេលវេលា​បាន។

គេ​នៅ​មិនទាន់​ដឹង​ពី​លទ្ធផល​ផ្លូវ​ការ​​នៅឡើយ​ទេ ព្រោះ​ត្រូវ​​រង់ចាំ​ការប្រកាស​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។ ក៏ប៉ុន្តែ​រហូតមកទល់​ម៉ោង១២ថ្ងៃត្រង់​ថ្ងៃអាទិត្យ​នេះ គណបក្សនយោបាយ ដែល​មានការ​ប្រជែង​គ្នា ហើយ​មាន​សម្លេង​នៅក្នុង​រដ្ឋសភា​នោះ បានធ្វើ​សេចក្តី​ស​ន្និ​ដា្ឋ​ន​បឋមរៀងៗខ្លួន។ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​មានប្រសាសន៍ថា៖«គណបក្ស​សង្គ្រោះ​ជាតិ​មាន​សម្លេង​លើសពី​ការរំពឹងទុក ហើយ​មាន​ខេត្ត​ខ្លះ​និង​ស្រុក​ខ្លះ​គណបក្ស​សង្គ្រោះ​ជាតិ​កើន​ចំនួន​អាសនៈ​ជា​លទ្ធផល​រួម។ ខ្ញុំ​មិនទាន់​ទទួល​ព័ត៌មាន​ពី​ភាពមិនប្រក្រតី​នៅឡើយ​ទេ ក៏ប៉ុន្តែ​កន្លែង​ខ្លះ​មានការ​រាប់​លឿន រាប់​ច្រ​ឡំ ហើយ​កំពុង​ស្នើសុំ​ឲ្យ​រាប់​ឡើងវិញ»។

ជាមួយគ្នានេះ​លោក អ៊​ក គឹម​ហាន ប្រធាន​នាយកដ្ឋាន​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ផងដែរ​ថា៖«ការបោះឆ្នោត​តាំងពីព្រឹក​មកទល់​ពេលហ្នឹង​​ប្រព្រឹត្ត​ទៅ​រលូន​ល្អ អត់​មាន​បញ្ហា​អ្វី​រាំងស្ទះ​ទេ។ សម្លេងឆ្នោត​កំពុង​បូកសរុប ហើយ​លទ្ធផល​បឋម​វា​មាន​កើន​សម្លេង វា​មាន​ថយ​សម្លេង។ វា​មិនទាន់​ប្រាកដ​ទេ​ គឺជា​លទ្ធផល​បឋម»។

ដោយឡែក លោក ទេព នីថា បាន​វាយតម្លៃ​បឋម​ផងដែរ​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គិត​មកទល់​ម៉ោង ១២ថ្ងៃត្រង់​ដែរ​ថា៖«ជាទូទៅ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្តទៅបាន​ល្អ ហើយ​ការិយាល័យ​ប្រមាណ​ជា៥០បានបញ្ចប់​ការបោះឆ្នោត​នៅវេលា​ម៉ោង៨ ។ ដោយ​ចាប់ផ្តើម​រាប់​សន្លឹកឆ្នោត ហើយ​នៅ​ម៉ោង​ប្រមាណ១១ ការិយាល័យ​ប្រមាណ៧០ ទៅ៧៥ភាគរយ​បានបញ្ចប់​ការងារ។ ដោយឡែក​នៅ​ភ្នំពេញ​មាន​ការិយាល័យ​ចំនួន២ ដែល​អ្នកបោះឆ្នោត​មិនទាន់​អញ្ជើញ​ទៅ​បោះ ជាទូទៅ​ត្រូវ​ចាំ ហើយ​ការរាប់​សន្លឹកឆ្នោត​ត្រូវបាន​រាប់​អស់ហើយ»  ។

អង្គ​បោះឆ្នោត​មួយរូប ត្រូវ​បោះឆ្នោត​ឬ​គូស​សន្លឹកឆ្នោត​ចំនួន ២ សន្លឹក គឺ​សន្លឹក “ពណ៌​ស” សម្រាប់​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ខេត្ត។ សន្លឹកឆ្នោត “ពណ៌​ផ្ទៃមេឃ” សម្រាប់​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ស្រុក ខណ្ឌ។

សូមបញ្ជាក់ថា ការបោះឆ្នោត​អសកល​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ស្រុក ខណ្ឌ អាណតិ្ត​​ទី២ អង្គ​បោះឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់​នៅក្នុង​តំណែង ទូទាំងប្រទេស​មាន​ចំនួន ១១៤៥៩ មកពី​គណបក្សនយោបាយ​ចំនួន ៦ រួមមាន ៖ អង្គ​បោះឆ្នោត​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន ៨២៩២ នាក់ អង្គ​បោះឆ្នោត​គណបក្ស​សមរង្ស៊ី​ចំនួន ២១៥៥ នាក់ អង្គ​បោះឆ្នោត​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ចំនួន ១៥១ នាក់ អង្គ​បោះឆ្នោត​គណបក្ស​នរោត្តម​រណ​ឬ​ទ្ធិ​ចំនួន ៥២ នាក់ អង្គ​បោះឆ្នោត​គណបក្ស​សិទ្ធិមនុស្ស​ចំនួន ៨០០ នាក់ និង​អង្គ​បោះឆ្នោត​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា​ចំនួន ១ នាក់។

ប៉ុន្តែ គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​មាន​ចំ​នួ ៥ គណបក្ស​រួមមាន៖១. គណបក្ស​ប្រជាជន​កម្ពុជា. ២ គណបក្ស​សង្គ្រោះ​ជាតិ. ៣ គណបក្ស​ហ្វ៊ិ​ន​ស៊ិនប៉ិច. ៤ គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ. ៥ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ