អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ថ្ងៃ​២៣​តុលា​​ជា​ការ​​ដាស់​​ស្មារតី​​អ្នក​នយោបាយ​​ខ្មែរ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​២៣​តុលា​​នេះ​​គឺ​ជា​​ខួប​​គម្រប់​២៣​ឆ្នាំ​​នៃ​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ក្រុង​ប៉ារីស​។ ​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​នេះ​ហើយ​​ដែល​​នាំ​​ឲ្យ​​មាន​ការ​​បោះ​ឆ្នោត​​លើក​ដំបូង​​កាល​ពី​​ឆ្នាំ​​១៩៩៣ ​រៀប​ចំ​​ដោយ​​អង្គការ​សហ​ប្រជាជាតិ​។ ​២៣​ឆ្នាំ​​ក្រោយ​មក ​ខ្លឹម​សារ​​នៃ​​កិច្ច​ព្រម​ព្រៀង​​សន្តិភាព​​ក្រុង​ប៉ារីស​​ត្រូវ​បាន​​អ្នក​នយោបាយ​​បក​ស្រាយ​​យក​ចំណេញ​រៀង​ៗ​ខ្លួន​ ប៉ុន្តែ​ស្មារតី​​នៃ​​កិច្ច​ព្រម​ព្រៀង​​នេះ​​ហាក់​​មិន​​ត្រូវ​បាន​​គេ​​យក​ចិត្ត​ទុក​ដាក់​​អនុវត្ត​​ឲ្យ​​បាន​​ទាំង​ស្រុង​​ទេ​។ ​ដូច្នេះ​ ថ្ងៃ​២៣​តុលា​​នេះ​​គួរ​តែ​​ជា​ការ​​ដាស់​​ស្មារតី​​អ្នក​នយោបាយ​​ឲ្យ​​នឹក​ឃើញ​​ពី​អ្វី​​ដែល​​បាន​​កើត​ឡើង​​កាល​ពី​២៣​ឆ្នាំ​​កន្លង​ទៅ​។​

ភាគីជម្លោះ​ខ្មែរ ក្នុង​សន្និសីទ​ក្រុងប៉ារីស ឆ្នាំ​១៩៩១ (រូបថតឯកសារ)
ភាគីជម្លោះ​ខ្មែរ ក្នុង​សន្និសីទ​ក្រុងប៉ារីស ឆ្នាំ​១៩៩១ (រូបថតឯកសារ)
ផ្សាយពាណិជ្ជកម្ម

កាលពី២៣ឆ្នាំមុន គឺ​នៅ​ថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១ ភាគី​ជម្លោះ​ទាំង៤របស់​កម្ពុជា​គឺ ភាគី​រដ្ឋ​កម្ពុជា ហ្វ៊ុនស៊ិនប៉ិច រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ភាគី​ខ្មែរក្រហម រួមជាមួយ​ប្រទេស​ចំនួន ១៨ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​និង​សង្គ្រាមស៊ីវិល​ដ៏​រ៉ាំរ៉ៃ​នៅ​កម្ពុជា។ នោះ​គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​កម្ពុជា​ក៏បាន​រៀបចំ​ការបោះឆ្នោត​លើកដំបូង​កាលពី​ឆ្នាំ ១៩៩៣ ក្រោម​ការរៀបចំ​របស់​អង្គការសហប្រជាជាតិ។ ក្រៅពី​ការបោះឆ្នោត កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ២៣ តុលា ឆ្នាំ ១៩៩១ ក៏មាន​ចែង​ដែរ​អំពី​ការធានា​ឲ្យ​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ សេរី​ពហុបក្ស មានការ​គោរព​សិទ្ធិមនុស្ស និង​មាន​អធិបតេយ្យភាព បូរណភាព​ទឹកដី​ដែល​គ្មាន​អ្នកណា​អាច​បំពាន​បាន។

តាមពិត​កិច្ចព្រមព្រៀង​នេះ​មានតម្លៃ​ធំធេង​ណាស់​សម្រាប់​កម្ពុជា។ វា​គឺជា​របត់​នយោបាយ​ថ្មី​មួយទៀត​ដ៏​សំខាន់​ក្នុងការ​បើកផ្លូវ​ឲ្យ​កម្ពុជា​ធ្វើដំណើរ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​សេរី ពហុបក្ស​បន្ទាប់ពី​ការដួលរលំ​នៃ​របប​ខ្មែរក្រហម។ ប៉ុន្តែ កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​មិនត្រូវ​បាន​យកមកប្រើ​ប្រាស់​ដើម្បី​ទាញយក​ប្រយោជន៍​ឲ្យ​សម​តាម​ខ្លឹមសារ​ពិតប្រាកដ​របស់​វា​នៅឡើយ​ទេ។ មិនតែប៉ុណ្ណោះ សន្ធិសញ្ញា​មួយ​នេះ​ហាក់ដូចជា​បានក្លាយ​ទៅជា​ចំណាប់​ខ្លាំង​របស់​អ្នកនយោបាយ​ដោយសារតែ​ការដណ្តើម​មុខមាត់​គ្នាទៅវិញ។

គណបក្សកាន់អំណាច​ដែល​ចង់​រំលេច​ថ្ងៃ៧មករា១៩៧៩ ថា​ជា​ស្នាដៃ​គ្មាន​ពីរ​របស់ខ្លួន​នោះ ចាត់ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ថា ជា«ប្អូន» របស់​ថ្ងៃ៧មករា​តែប៉ុណ្ណោះ។ ផ្ទុយ​ទៅវិញ គណបក្សប្រឆាំង​ដែល​មិនដែល​ទទួលស្គាល់​ថ្ងៃ៧មករា​សោះ​នោះ បានចាត់ទុក​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នេះ ថា​ជា​របត់​ថ្មី​តែមួយគត់​ដែល​នាំ​ឲ្យ​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ​ សេរីពហុបក្ស​ដូច​បច្ចុប្បន្ន។

គឺ​ក្នុង​បរិបទ​នេះហើយ​បានជា​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ត្រូវបាន​គេ​លើ​កមក​និយាយ​ជា​ញឹកញាប់ ប៉ុន្តែ ខ្លឹមសារ​របស់​វា​មិនត្រូវ​បាន​គេ​យក​វា​មកប្រើប្រាស់​ឲ្យ​ពិតប្រាកដ​ឡើយ។ យ៉ាងណាក៏ដោយ ស្មារតីសំខាន់ៗនៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ត្រូវបាន​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ ១៩៩៣ រួចហើយ។ រដ្ឋធម្មនុញ្ញ​ដែល​កំពុង​នៅ​ជា​ធរមាន​សព្វថ្ងៃ​ក៏​ត្រូវគេ​ចាត់ទុកថា​ជា​អត្ថបទ​ច្បាប់​ដ៏​ល្អ​មួយ​ដែរ ប៉ុន្តែ បញ្ហា​នៅត្រង់​ការអនុវត្ត​មិនទាន់​បានល្អ​តែប៉ុណ្ណោះ។

ជាក់ស្តែង ២៣ ឆ្នាំ​ក្រោយមក ថ្ងៃទី២៣ តុលា​នៅតែ​ព្រឹត្តិការណ៍​ដែល​បង្ហាញ​ពី​ការខ្វែងគំនិត​គ្នា​ដដែល​ក្នុងចំណោម​អ្នកនយោបាយ​និង​សកម្មជន​សង្គម​ស៊ីវិល។ គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្សនយោបាយ​មួយចំនួនទៀត​បាន​អបអរសាទរ​ដល់​ថ្ងៃ២៣តុលា​តាម​វិធីផ្សេងៗគ្នា។ សកម្មជន​សង្គម​ស៊ីវិល​មួយចំនួន​ក៏បាន​យក​ថ្ងៃនេះ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​ស្មារតី​កិច្ចព្រមព្រៀង​នេះដែរ។ ចំណែក​រដ្ឋាភិបាល​បក្ស​កាន់អំណាច​វិញ​មិនបាន​ប្រារព្ធ​ពិធី​ជា​ផ្លូវការ​ទេ។

នេះ​បង្ហាញ​ឲ្យ​ឃើញថា ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នៅតែ​បង្ហាញ​ពី​ភាពចម្រូងចម្រាស​ក្នុងចំណោម​អ្នកនយោបាយ​នៅឡើយ បើទោះបីជា​វិបត្តិ​នយោបាយ​បាន​បិទ​បញ្ចប់​ហើយក៏​ដោយ។ និយាយ​ជារួម ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​អ្នកនយោបាយ​បកស្រាយ​យកចំណេញ​ជាជាង​ប្រែក្លាយ​វា​ឲ្យ​ទៅជា​ការពិត។

សរុប​មកវិញ សហគមន៍​អន្តរជាតិ​បាន​ជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​រួចហើយ​កាលពី​ឆ្នាំ ១៩៩១ តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។ កិច្ចព្រមព្រៀង​នេះ​នៅតែមាន​តម្លៃ​ជា​អមតៈ ពីព្រោះ​វា​ជា​និមិត្តរូប​នៃ​ការដោះស្រាយ​បញ្ហា​របស់​ខ្មែរក្រោម​ការជួយជ្រោមជ្រែង​ពី​បរទេស។ ដូច្នេះ នៅសល់តែ​ខ្មែរ​ខ្លួនឯង​ប៉ុណ្ណោះ​ដែល​ត្រូវអនុវត្ត​ឲ្យ​បានសម្រេច​នូវ​ខ្លឹមសារ​សំខាន់​ៗ​ដែល​មាន​ក្នុង​កិច្ចព្រមព្រៀង​នេះ។

តើ​អ្នកនយោបាយ​ខ្មែរ​គួរ​ធ្វើ​ឲ្យ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​សម្រេច​ផ្លែផ្កា​ដោយ​ខ្លួនឯង ឬមួយ​ក៏ត្រូវ​ដើរ​គោះ​ទ្វារផ្ទះ​បរទេស​ជាថ្មី​ដើម្បី​ឲ្យ​ពួកគេ​ចេញមុខ​មកជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ខ្មែរ​ម្តងទៀត? សំណួរ​នេះ​មាន​អត្ថន័យ​គ្រប់គ្រាន់​ដើម្បី​ដាស់​ស្មារតី​អ្នកនយោបាយ​ខ្មែរ​នាឱកាស​រម្លឹក​ខួប​ទី២៣ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ