អានតួអត្ថបទ
កម្ពុជា

សម រង្ស៊ី បង្ហើប​អំពី​ជម្រើស​ចំនួន​បី​សម្រាប់​កែ​ទម្រង់ គ.ជ.ប ឱ្យ​ឯករាជ្យ និង​អព្យាក្រឹត

ជម្រើស​សម្រាប់​កែ​ទម្រង់​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​មាន​បី។ នេះ​បើ​​យោង​តាម​លោក សម រង្ស៊ី ប្រធាន​​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​អង្គារ ទី០៨ មេសា។ ជម្រើស​​ទី១​គឺ​រើស​​សមាសភាព គ.ជ.ប ចេញ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ជម្រើស​ទី២​គឺ​​រើស​​​សមាស​ភាព គ.ជ.ប ចេញ​​ពី​មនុស្ស​ឯករាជ្យ​​អព្យាក្រឹត និង​ជម្រើស​ទី៣​គឺ​រូបមន្ត​ចម្រុះ។ លោក ឈាង វុន សមាជិក​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​​ថា​​មិន​ទាន់​​បាន​​ដឹង​​អំពី​សំណើ​​នេះទេ ប៉ុន្តែក្នុង​​នាម​​រូប​​លោក​​ផ្ទាល់​​ ជម្រើស​​​ទី១​​​ទំនង​​​ជា​​អាច​​ទទួល​យក​​បាន។

លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលគ្មានឈ្មោះ​ជា​តំ​ណាង​រាស្ត្រ​ និង​ឈ្មោះ​​អ្នក​បោះ​ឆ្នោត បាន​​ធ្វើ​​ដំណើរ​​ទៅ​​កាន់​មណ្ឌល​​បោះ​ឆ្នោត​​នី​មួយៗ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ។
លោក សម​ រង្ស៊ី ប្រ​ធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលគ្មានឈ្មោះ​ជា​តំ​ណាង​រាស្ត្រ​ និង​ឈ្មោះ​​អ្នក​បោះ​ឆ្នោត បាន​​ធ្វើ​​ដំណើរ​​ទៅ​​កាន់​មណ្ឌល​​បោះ​ឆ្នោត​​នី​មួយៗ នៅ​ព្រឹក​​ថ្ងៃ​ទី​​២៨ ខែ​កក្កដា ឆ្នាំ​២០១៣​នេះ។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បង្ហើប​ប្រាប់​ពី​ខេត្តកំពត ទី​ដែល​លោក​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ខាង​គណបក្សប្រឆាំង អំពី​រូបមន្ត​បីផ្សេងៗគ្នា សម្រាប់​កែទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ហៅ​កាត់​ថា គ.ជ.ប។ លោក សម រង្ស៊ី បាន​លើកឡើងថា ទាំង​ប្រធាន និង​សមាជិក​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវតែ​ជ្រើសរើស​ជាថ្មី ហើយដោយ​មានការ​ឯកភាព​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ។

បើតាម​លោក សម រង្ស៊ី ជម្រើស​ទី១គឺ​ការជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចេញពី​សមាជិក​នៃ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ដើម្បីឱ្យ គ.ជ.ប មាន​តុល្យភាព ទប់​គ្នា​ទៅវិញទៅមក មិន​ឱ្យមាន​អ្នកណា​ខ្លាំង​ជាង​អ្នកណា។ បន្ទាប់មក ជម្រើស​ទី២ លោក សម រង្ស៊ី បន្ត គឺ​ការជ្រើសរើស​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ចេញពី​មនុស្ស​ឯករាជ្យ អព្យាក្រឹត ដែលមាន​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​យុត្តិធម៌ ជាដើម។ លោក សម រង្ស៊ី សំដៅ​មន្ត្រី​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងឡាយណា ដែល​មិន​គាំទ្រ​គណបក្ស​ណាមួយ។ ជម្រើស​ចុងក្រោយ​គឺ​រូបមន្ត​ចម្រុះ ដែល​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​ពន្យល់ថា ក្នុង​ចំណោម​​សមាសភាព​ទាំង៩រូប​នៃ​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវមាន៣រូប​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ៣រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង៣រូប​ទៀត​មកពី​មនុស្ស​​អព្យាក្រឹត។ លោក សម រង្ស៊ី ថ្លែងថា រូបមន្ត​ទី៣គឺ​ដើម្បី​ជួយ​យិ​ត​យោងគ្នា កុំឱ្យ​ល្អៀង ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត។

លោក ឈាង វុន សមាជិក​ក្រុមការងារ​ចរចា​របស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​នៅ​រសៀល​នេះ​ថា មិនបាន​ដឹង​អំពី​សំណើ ដែល​លើកឡើង​ដោយ​លោក សម រង្ស៊ី នៅឡើយ​ទេ។ ប៉ុន្តែ ក្នុងនាម​រូបលោក​ផ្ទាល់ ជម្រើស​ទី១ទំនងជា​អាច​ទទួលយកបាន ប្រសិនបើ​ចំនួន​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​ជ្រើសរើស​ចេញពី​សមាជិក​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នោះ សមាមាត្រ​ទៅនឹង​ចំនួន​អាសនៈ​តំណាងរាស្ត្រ​នៃ​គណបក្ស​នីមួយៗនៅក្នុង​រដ្ឋសភា ពោលគឺ​សមាសភាព​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ច្រើនជាង​សមាសភាព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​គណបក្ស​របស់លោក​សមា​ជិ​ក​សភា៦៨រូប ឯ​គណបក្ស​សង្គ្រោះ​ជាតិ​មានតែ៥៥រូប។ លោក​ពន្យល់ថា ប្រព័ន្ធ​សមាមាត្រ​គឺជា​គោល​ការណ៍​​នៃ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ហើយ​ថា​មិនអាច​ឱ្យមាន​តុល្យភាព​បានទេ ព្រោះ​ជ័យជម្នះ​របស់​គណបក្ស​លោក​គឺ​ដោយសារ​គោលនយោបាយ​ល្អ​ជាង និង​ការគាំទ្រ​របស់​ប្រជាជន​ច្រើនជាង។ 

សំណើ​របស់លោក​សម រង្ស៊ី អាចជា​សម្ពាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក្នុងការ​ត្រៀម​ជួប​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅពេល​ខាងមុខ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ឱ្យ​ឆាប់​ចប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ