អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ត្រូវ​គោរព​ច្បាប់​ដើម្បី​កាត់​បន្ថយ​សោក​នាដកម្ម​លើ​ដង​ផ្លូវ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​​រៀង​រាល់​ឆ្នាំ​ តុល្យការ​​ស្តី​ពី​​មនុស្ស​​ស្លាប់​​ដោយសារ​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ ​គឺ​ជា​​ព័ត៌មាន​​មួយ​​គួរ​​ឲ្យ​​ព្រឺ​​ខ្លាច​។ ជាក់ស្តែង​ គ្រាន់​តែ​​ក្នុង​អំឡុង​ពេល​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​នេះ​ មាន​​មនុស្ស​​ស្លាប់​៣៨​នាក់​ និង​​របួស​​ជាង​៣០០​នាក់​។​​​ តួ​លេខ​​នេះ​​បាន​​បង្ហាញ​ថា​ គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​តែ​​ជា​​សោក​នាដកម្ម​​ដ៏​​គួរ​​ឲ្យ​​រន្ធត់​ និង​​បាន​​បង្ក​​ការ​ខាត​បង់​​សង្គម​​ដ៏​​ធំ​ធេង​​ដល់​​សង្គម​​ដដែល​។​ មូល​ហេតុ​​ចម្បង​​នៃ​​សោក​នាដកម្ម​​នេះ​ ជា​ទូទៅ បណ្តាល​មក​ពី​​ឥរិយាបថ​​មិន​​គោរព​​ច្បាប់​​របស់​​អ្នក​បើក​បរ។​ ដូច្នេះ​ មាន​តែ​​ការ​នាំ​គ្នា​​គោរព​​ច្បាប់​​ទេ​​ដែល​អាច​​កាត់​បន្ថយ​​សោក​នាដកម្ម​​នៅ​លើ​​ដង​ផ្លូវ​​បាន​។

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា
គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា © សុវណ្ណរ៉ា
ផ្សាយពាណិជ្ជកម្ម

វា​ពិតជា​គួរ​ឲ្យ​រន្ធត់ចិត្ត​ខ្លាំងណាស់ ហើយក៏​ជា​រឿង​អកុសល​មួយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​។អកុសល​នៅត្រង់ថា នៅពេលដែល​ប្រទេសជាតិ​ស្គាល់​សន្តិភាព​និង​ការអភិវឌ្ឍ ពលរដ្ឋ​ជា​ច្រើន​​បែរជា​ស្លាប់​ឬ​របួស​ពិការ​ដោយសារ​គ្រោះថ្នាក់​នៅតាម​ដងផ្លូវ​ទៅវិញ។ មនុស្ស​ស្លាប់​ជា​មធ្យម៥នាក់​ក្នុង​មួយថ្ងៃ​គឺជា​តួលេខ​មួយ​ខ្ពស់ជាង​ការស្លាប់​ដោយសារ​ជំងឺអេដស៍​និង​ដោយ​សារ​គ្រាប់មីន​ដែលជា​សំណល់​ពី​សម័យ​សង្គ្រាម​ទៅទៀត។

និយាយ​ឲ្យ​ចំ​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ឃាតករ​សម្លាប់​មនុស្ស​ច្រើនជាងគេបង្អស់​នៅក្នុង​ប្រទេស​​កម្ពុជា​បច្ចុប្បន្ន។ នេះ​នៅ​មិនទាន់​រាប់បញ្ចូល​ការខូចខាត​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច​ដ៏​សន្ធឹកសន្ធាប់​ផង​ទេ។ អ្វីដែល​គួរ​ឲ្យ​រន្ធត់​ថែមទៀត​នោះ​គឺ ខណៈដែល​គេ​កំពុង​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ដ៏​សប្បាយ​រី​ការយ គ្រួសារ​ខ្មែរ​ជាច្រើន​បែរជា​រៀបចំ​ពិធី​បុណ្យសព​ទៅវិញ។

យោងតាម​ការសិក្សា ជាទូទៅ ឥរិយាបថ​មិន​គោរព​ច្បាប់​គឺជា​មូលហេតុ​ចម្បង​ជាងគេ​ដែល​បង្ក​ឲ្យ​មាន​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​ចរាចរណ៍។ ឥរិយាបថ​មិន​គោរព​ច្បាប់​មាន​ច្រើន​សណ្ឋាន​ដូចជា ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​ដោយ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​គោរព​ស្លាក​សញ្ញា​ចរាចរណ៍ ឬ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជាដើម។ ឥរិយាបថ​មិន​គោរព​ច្បាប់​នេះហើយ​គឺជា​ប្រភព​នៃ​សោកនាដកម្ម​និង​ជា​ប្រភព​នៃ​បញ្ហា​ច្រើនយ៉ាង​នៅក្នុង​សង្គម។

ជាការ​ពិតណាស់ ភាពអនាធិបតេយ្យ​ក្នុង​ការធ្វើ​ចរាចរណ៍​តាម​ដងផ្លូវ​សាធារណៈ​គឺជា​បញ្ហា​ធំធេង​មួយ​នៅ​កម្ពុជា។ ជាទូទៅ អ្នកបើកបរ​មិនសូវ​គិតគូរ​ពី​ស្លាក​សញ្ញា​ចរាចរណ៍​ឬ​គំនូស​បែង​ចែក​ទ្រូងផ្លូវ​ឡើយ ពោលគឺ​ឲ្យ​តែមាន​ចន្លោះ​ត្រង់ណា ពួកគេ​នឹង​រុល​ចូលទៅ​កន្លែង​នោះ​ដោយ​មិន​ខ្វាយខ្វល់​ពី​សិទ្ធិ​អាទិភាព​ឬក៏​ឧបសគ្គ​នៅខាងមុខ​នោះឡើយ។ ប្រសិនបើ​ទីកន្លែង​រៀង​ស្ងាត់​វិញ អ្នក​កាន់ចង្កូត​យានយន្ត​នឹង​បន្ថែម​ល្បឿន​តាមចិត្ត​ចង់​ដោយ​មិន​គិតពី​គ្រោះថ្នាក់​ទេ។

អ្នកធ្វើដំណើរ​ច្រើនតែ​សំឡឹង​រកមើល​ភ្នាក់ងារ​ប៉ូលិស​ច្រើនជាង​មើល​ភ្លើង​សញ្ញា​ឬ​ស្លាក​សញ្ញា​​ចរាចរណ៍​ផ្សេងទៀត ពោលគឺ​ប្រសិនបើ​គ្មាន​ប៉ូលិស​ឈរ​នៅតាម​ផ្លូវ​ទេ ពួកគេ​នឹង​បន្ត​ដំណើរ​បើ​ទះ​បី​ជា​ភ្លើង​ក្រហម​ក៏ដោយ ឬក៏​បត់​ឆ្វេង​ទោះបី​ជាមាន​ស្លាក​សញ្ញា​ហាម​បត់។ អាក្រក់​ជាងនេះទៅទៀត អ្នកបើកបរ​ខ្លះ​បំពាន​ច្បាប់​ចរាចរណ៍​នៅ​ចំពោះមុខ​សមត្ថកិច្ច​ប៉ូលិស​តែម្តង​ប្រសិនបើ​ប៉ូលិស​គ្មាន​ម៉​តូ​ប្រដេញ​ទេនោះ។

និយាយ​ពី​អ្នកបើកបរ​ម៉ូតូ​វិញ ជាទូទៅ ពួកគេ​មិនចេះ​ប្រើប្រាស់​កញ្ចក់​មើល​ក្រោយ​ឡើយ​ហើយក៏​មិន​ពាក់មួក​សុវត្ថិភាព​ដែរ។ ការបំពាក់​កញ្ចក់​មើល​ក្រោយ​ឬ​ពាក់មួក​សុវត្ថិភាព​គឺ​ដោយសារតែ​ខ្លាច​ប៉ូលិស​ផាក​តែប៉ុណ្ណោះ តែ​មិនមែន​ដើម្បី​សុវត្ថិភាព​ខ្លួនឯង​ទេ។ កញ្ចក់​ម៉ូតូ​ភាគច្រើន​ត្រូវបាន​គេ​ដាក់​ដើម្បី​មើលមុខ​ខ្លួនឯង​ជាជាង​សម្រាប់​មើល​ក្រោយ។ អ្នករត់ម៉ូតូឌុប ភាគច្រើន​ចូលចិត្ត​ចត​នៅត្រង់​ផ្លូវកែង​និង​ចត​ចូល​ជ្រៅ​មកលើ​ទ្រូងផ្លូវ​ដោយ​មិន​ខ្វល់ខ្វាយ​ពី​ការរំខាន​អ្នកធ្វើដំណើរ​ផ្សេង​ទៀតឡើយ។

អ្នកមាន​ឡាន​មួយចំនួន​តែង​បំពាន​ច្បាប់​ពី​ព្រោះតែ​ពួកគេ​គិតថា​ប៉ូលិស​មិនសូវ​ហ៊ាន​រំខាន​ឡើយ។ អ្នកលក់ដូរ​ចូលចិត្ត​យក​ចិញ្ចើមផ្លូវ​ឬ​ទ្រូងផ្លូវ​ធ្វើជា​ទីផ្សារ​ខណៈដែល​យានយន្ត​បើក​ទៅមក​យ៉ាង​លឿន។ ម្យ៉ាងទៀត​នៅ​កម្ពុជា ផ្លូវ​មិន​អំណោយផល​ដល់​ការបើកបរ​លឿន​នោះឡើយ​ពីព្រោះ​ផ្លូវជាតិ​មាន​ទំហំ​តូច​និង​មាន​ចរាចរណ៍​ទៅមក​លើផ្លូវ​តែមួយ ហើយ​ជា​ផ្លូវ​ដែល​មនុស្ស សត្វ អាច​ឆ្លងកាត់​បាន​គ្រប់ពេល។ ដូច្នេះ ការបើកបរ​លឿន​ងាយ​នឹង​ជួប​គ្រោះថ្នាក់​យ៉ាងខ្លាំង។

និយាយ​ពី​ភ្នាក់ងារ​ប៉ូលិស​វិញ ពួកគេ​តែង​ផាកពិន័យ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ហើយ​ការផាកពិន័យ​ភាគច្រើន​មិនបាន​ផ្តល់​វិ​ក័យ​ប​ត្រ​ដល់​អ្នកបើកបរ​ឡើយ។ ការផ្តល់​ប័ណ្ណបើកបរ​ឬ​ការត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត​ក៏​នៅតែ​អាច​ធ្វើបាន​ក្រោម​ឥទ្ធិពល​ទឹកប្រាក់​ដែរ។ នៅពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍ អ្នកមាន​ខ្នងបង្អែក​តែង​ស្វែងរក​អន្តរាគមន៍​ច្រើនជាង​ការដោះស្រាយ​តាមផ្លូវ​ច្បាប់។ និយាយ​ឲ្យ​ចំ​ប្រព័ន្ធ​សង្គម​ទាំងមូល​ហាក់​អំណោយផល​ដល់​ការមិន​គោរព​ច្បាប់។ នៅពេលដែល​មនុស្ស​ជាច្រើន​មិន​គោរព​ច្បាប់ ភាពអនាធិបតេយ្យ​នៅតាម​ដងផ្លូវ​ក៏​កើតមានឡើង។ នោះ​ហើយ​ជា​ប្រភព​នៃ​សោកនាដកម្ម។

ដូច្នេះ ដំណោះស្រាយ​គ្មានអ្វី​ក្រៅពី​ការងា​កមក​គោរព​ច្បាប់​ទាំងអស់គ្នា​ហើយ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​និង​ដោយ​យល់​អធ្យាស្រ័យ​គ្នា​ឲ្យ​បាន​ច្រើន​នោះឡើយ។ ទន្ទឹមនឹងនោះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏ត្រូវ​បង្កើន​វិធានការ​ផ្លូវច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ផងដែរ។ ប្រសិនបើ​មិន​ដូច្នោះ​ទេ គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​បង្ក​សោកនាដកម្ម​សម្រាប់​សង្គម​និង​គ្រួសារ​ខ្មែរ​ជា​ដរាប៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ