អានតួអត្ថបទ
កម្ពុជា

សមាជិក​«​រាប់​រយ​នាក់​»​នៃ​សហគមន៍​ដី​ធ្លី​គ្រោង​មក​សាលា​រាជ​ធានី​នៅ​ថ្ងៃ​ចន្ទ​

សមាជិក​​នៃ​​សហគមន៍​​បឹង​កក់ ​រួម​ជាមួយ​​អតីត​​អ្នក​​បឹង​កក់ ​អ្នក​​បុរី​​កីឡា និ​ង​​សហគមន៍​​ដី​ធ្លី​ផ្សេង​ៗ​ទៀត ​ដែល​​​​មាន​​គ្នា​​​រហូត​ដល់​«​៣០០​ទៅ​៤០០​នាក់​»​គ្រោង​​មក​​ផ្តុំ​គ្នា​​នៅ​​សាលា​​រាជ​ធានី​​ភ្នំ​ពេញ ​នៅ​​ថ្ងៃ​ស្អែក​​ដើម្បី​​ទាម​ទារ​​ឲ្យ​​មន្ត្រី​​ដោះ​ស្រាយ​​បញ្ហា​​ដី​ធ្លី​​របស់​​ពួក​គេ ​ឲ្យ​បាន​​ច្បាស់​លាស់​។ ​ដោយ​​ទទួល​ដំណឹង​​ក្រៅ​ផ្លូវ​ការ​ មន្ត្រី​​សាលា​ក្រុង​​ស្នើ​ឲ្យ​​អ្នក​ភូមិ​​កុំ​​បិទ​ផ្លូវ​ បើ​​មិន​​ដូច្នេះ​​ទេ ​នឹង​ត្រូវ​​ប្រឈម​«​វិធាន​ការ​»​អា​ជ្ញាធរ​។​

ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានីនាពេលកន្លងមក។
ការតវ៉ារបស់អ្នកភូមិបឹងកក់នៅមុខសាលារាជធានីនាពេលកន្លងមក។ RFI-Monika
ផ្សាយពាណិជ្ជកម្ម

ទាមទារ​ឲ្យ​រដ្ឋអំណាច​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​សម្រាប់​អ្នកភូមិ​បឹងកក់៤០គ្រួសារ និង​ទាមទារ​ឱ្យ​អាជ្ញាធរ​បោះ​ព្រំដី​ទំហំ១២,៤៤ហិកតា​របស់​អ្នកភូមិ ឱ្យដាច់​ស្រឡះ​ពី​ដី​ក្រុមហ៊ុន​ឯកជន គឺជា​គោលបំណង នៃ​ការប្រមូល​ផ្តុំគ្នា​របស់​ស​មា​ជិ​ក​សហគមន៍​បឹងកក់ ខាងមុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ ទី២៨ ខែកក្កដា ឆ្នាំ២០១៤។ នេះ​បើ​យោងតាម​អ្នកស្រី ទេព វ​ន្នី តំណាង​ម្នាក់​នៃ​សហគមន៍​បឹងកក់ ដែល​បាន​ប្រាប់​បន្ថែមទៀតថា អ្នកភូមិ​គ្រោង​មក​ជុំគ្នា​ជាមួយ​សមាជិក​បណ្តាញ​សហគមន៍​ដីធ្លី​ផ្សេងទៀត ដូចជា អ្នក​បុរី​កីឡា និង​អតីត​អ្នកភូមិ​បឹងកក់​ជាដើម។ 

ចាប់ពី​ម៉ោង៨ព្រឹក​ទៅ សមាជិក​សហគមន៍​ដីធ្លី​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​ត្រូវបាន​អះអាងថា អាចមាន​គ្នា​រហូតដល់«៣០០ទៅ៤០០នាក់» ហើយ​ដែល​មិន​សុខចិត្ត​ចំពោះ​ចំណាត់ការ​របស់​រដ្ឋអំណាច ទាក់ទង​នឹង​ដី​តំបន់​បឹងកក់ ចង់បង្ហាញ​ការទាមទារ​របស់ខ្លួន ដោយ​អហិង្សា នៅ​ចំពោះមុខ​មន្ត្រី​សាលាក្រុង​ភ្នំពេញ។ ទន្ទឹមនឹង​នេះដែរ អ្នកភូមិ​ក៏​ស្នើសុំ​ការពន្យល់​ពីសា​លា​រាជធានី​អំពី​មូលហេតុ ដែល​មន្ត្រី​មូលដ្ឋាន មិន​កោះអញ្ជើញ​ពួកគេ​ឲ្យមក​ជជែក​រឿង​ដីធ្លី​នោះ តាម​ការសន្យា ដែល​បានកំណត់​ធ្វើ​នៅ​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤។

ដោយ​ទទួលដំណឹង​នេះ​ក្រៅផ្លូវការ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​អះអាងថា នោះ​ជា«សកម្មភាព​ដដែល» ហើយ​ថា «អ្នកភូមិ​មិន​យល់​អំពី​ដី​ទំហំ១២,៤៤ហិកតា​នៅ​តំបន់​បឹងកក់»។ លោក ឡុង ឌី​ម៉​ង់ បញ្ជាក់ថា អាជ្ញាធរ​តែងតែ​ដាក់​កម្លាំង​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជាធម្មតា ប៉ុន្តែ​អ្នកនាំពាក្យ​ហាម​អ្នកភូមិ​កុំ​បិទផ្លូវ បើ​មិន​ដូច្នេះ​ទេ «អាជ្ញាធរ​នឹងមាន​វិធានការ»ចំពោះ​ពួកគេ។

សូម​រម្លឹកថា អ្នកភូមិ​បឹងកក់ និង​អតីត​អ្នកភូមិ​បឹងកក់ ដែល​រង​ផលប៉ះពាល់​អវិជ្ជមាន ដោយសារ​សេចក្តីសម្រេច​របស់​រដ្ឋាភិបាល ក្នុងការ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ិន វិនិយោគ​ដី​បឹងកក់​ទំហំ១៣៣ហិកតា តាំងពី​ឆ្នាំ២០០៦មក តែងតែ​តវ៉ា​រក​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួកគេ។ ថ្វីបើ​នៅ​ឆ្នាំ២០១១ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​កាត់​ដី១២,៤៤ហិកតា​ចេញពី​គម្រោង​ឯកជន ដើម្បី​ទុកឱ្យ​អ្នកភូមិ​ក្តី ក៏​ការបែងចែក​ដី​នោះ​នៅតែ​ជា​បញ្ហា​មិនអាច​ដោះស្រាយបាន​រហូតមកដល់​ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ