អានតួអត្ថបទ
កម្ពុជា

បាតុកម្ម​រំដោះ​ទី​លាន​ប្រជា​ធិបតេយ្យ​៖​ តំណាង​រាស្ត្រ​ជាប់ឆ្នោត​ ៣នាក់​ ត្រូវ​ចាប់ខ្លួន​​បន្ទាប់ពី​អំពើ​ហិង្សា ​

បេសក​កម្ម ​​របស់​លោក​​ស្រី​ មូរ​ សុខ​ហួរ​ ដើម្បី​ «​​រំដោះ​​ទីលាន​​ប្រជាធិបតេយ្យ» ​នា​​ព្រឹក​​ថ្ងៃ​ទី​១៥ ​​កក្កដា​​​​​នេះ​​ ត្រូវ​បាន​​​បញ្ចប់​​ដោយ​​​លោក​​ស្រី​​មូរ ​សុខ​ហួរ​ និង​​​តំណាង​រាស្ត្រ​​​ជាប់ឆ្នោត​​២​​រូប​​ទៀត​​ត្រូវបាន​​​ប៉ូលិស​​​ចាប់ខ្លួន​​។ ​​ការចាប់​ខ្លួន​​​នោះ​​ត្រូវបាន​​​ធ្វើឡើង​​ភ្លាម​​​ៗ ​​​បន្ទាប់ពី​​​​​អំពើ​​​ហិង្សា​​​ប៉ះទង្គិច​​​​រវាង​​​​កង​កម្លាំង​​​សន្តិសុខ​​និង​​​ ក្រុម​បាតុករ​​។​ ​​លោក ​ឃួ​ង ស្រេង ​អភិបាល​រង​​រាជធានី​​​ភ្នំពេញ​​​អះអាង​​​ថា ​​​​មាន​​​សន្តិសុខ​​៣៧​​នាក់​​រង​របួស​​ ក្នុង​នោះ​​២​​នាក់​​ត្រូវ​​​សង្គ្រោះ​​បន្ទាន់។​​

ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាមួយកងសន្តិសុខខ័ណ្ឌដូនពេញ
ការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាមួយកងសន្តិសុខខ័ណ្ឌដូនពេញ rfi/Siv channa
ផ្សាយពាណិជ្ជកម្ម

ប៉ូលិសបាន​បាញ់​គ្រាប់​បែកផ្សែងដើម្បី​បំបែក​ក្រុមបាតុករ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិក្នុង​ពេល​​​ប៉ះទង្គិច​ជាមួយ​កងសន្តិសុខ​ខណ្ឌ​ដូនពេញ។ ជា​អំពើហិង្សាដែល​លោកឃួ​ង ​ស្រេង​ អភិបាល​រង​​រាជធានី​ភ្នំពេញឲ្យ​ដឹងថា មាន​ក្រុម​សន្តិសុខ​៣៧នាក់​រងរបួស ក្នុងនោះ​២២​នាក់​របួស​ធ្ងន់​ និង២នាក់ត្រូវ​សង្គ្រោះបន្ទាន់នៅ​ពេទ្យ​កាល់​ម៉ែត្រ។ លោក​បន្តថាក្រុម​សន្តិសុខ​ត្រូវ​របួស​​ក្បាល ​​ដោយសារតែ​បាតុករ​ប្រើ​បំពង់ទីប​ជ័រ ហើយ​ខាងក្នុង គេ​ដាក់​សរសៃដែកនិង​ចាក់​បេតុង​។ 

បន្ទាប់ពី​អំពើហិង្សា​កើតឡើងនៅ​ម៉ោងជាង៩ព្រឹក ក្រុម​បាតុកម្ម​ទាមទារ​បើក​ទីលាន​ប្រជា​ធិបតេយ្យ​​​ ​ដឹកនាំ​ដោយ​លោកស្រីមូរសុខ​ហួរ នៅ​ចំណុច​ស្ពាន​នាគ បានប្រកាស​រំសាយ។​ ប៉ុន្តែ​ ​នៅ​ពេល​លោកស្រីមូរសុខ​ហួរ និង​បេក្ខជន​ជាប់ឆ្នោត២រូប​ទៀត គឺ​លោក​កែវ ភិរម្យនិង​លោក​ម៉ែន ​សុថា​វរិ​ន្ទ្រ​ ជិះ​ក្នុង​​រថយន្ត​​ឡិច​​ស៊ី​ស​ ស្លាក​លេខព្រឹទ្ធសភាចេញពី​ស្ពាន​នាគ ក៏ត្រូវ​ប៉ូលិស​បង្ក្រាប​​បាតុកម្មចេញពី​ក្នុង​បន្លា​លួសស្ទាក់​ឃាត់ ហើយ​នាំខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំងបី ​ចូលទៅក្នុង​ទីលាន​ប្រជាធិបតេយ្យ។ មួយ​ម៉ោង​ក្រោយមក ប៉ូលិស​បាន​បញ្ជូន​លោកស្រី​មូរ​ សុខ​ហួរ​ និង​​តំណាងរាស្ត្រ​​ជាប់ឆ្នោត​​ពីរ​​នាក់​​ទៀត​ ទៅកាន់​ស្នងការ​ប៉ូលិស។

លោកឃួ​ង ស្រេង បាន​បញ្ជាក់ថា ការឃាត់ខ្លួន​តំណាងរាស្ត្រ​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិទាំង៣រូបនោះដោយសារតែ​ពួកគាត់ដឹកនាំ​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់ និង​ជា​បាតុកម្ម​​ហិង្សាមកលើ​កងកម្លាំង​សមត្ថកិច្ច។ នៅ​រសៀល​នេះ ព្រះរាជអាជ្ញារង​ពីរ​នាក់កំពុង​សួរនាំ​ពួកគាត់។

យ៉ាងណាក៏ដោយ ក្នុង​ព្រឹត្តិការណ៍​ប៉ះទង្គិចកាលពី​ព្រឹក​មិញ លោកហូរវ៉ាន់បាន​អះអាង​នៅ​កន្លែង​​ធ្វើបាតុកម្ម​ថា ខាង​បាតុករក៏បាន​រងរបួស​មួយចំនួន​ផងដែរ តែ​លោក​មិនមាន​ចំនួន​ជាក់លាក់​​​នោះទេ។ បាតុករបាន​ប្រមូលបាន​ដំបង​ឈើ​របស់​ក្រុម​សន្តិសុខ៣កា​រ៉ុងដែល​គេ​ប្រើ​សម្រាប់​បង្ក្រាប​បាតុកម្ម។

គណបក្ស​សង្គ្រោះ​ជាតិបានចេញ​សេចក្តីថ្លែងការណ៍ សម្តែង​ការសោកស្តាយ​នូវ​អំពើហិង្សា​នៅពេល​ធ្វើបាតុកម្ម​ទាម​ទារ​ឲ្យ​មាន​ការបើក​ទីលាន​ប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី១៥​កក្កដា។ គណបក្ស​សង្គ្រោះ​ជាតិនៅតែ​ប្រកាសប្រកាន់យកនិង​គោរព​នូវ​គោលការណ៍​អហិង្សា​ដោយ​សន្តិវិធី។ ក្នុង​សេចក្តីថ្លែងការណ៍គណបក្ស​សង្គ្រោះ​ជាតិទាមទារ​ឲ្យ​ដោះលែង​ដោយ​ឥត​​​លក្ខខណ្ឌបេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​ទាំងបី​រូប និង​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជា​ធិបតេយ្យ។

ចំណែក​សមាគម​សិទ្ធិមនុស្សអាដហុក ក៏បាន​ថ្លែងការណ៍​ថ្កោលទោសការប្រើ​អំពើហិង្សារវាង​កងកម្លាំងប្រដាប់អាវុធ កងសន្តិសុខ​ខណ្ឌដូនពេញ និង​ក្រុមបាតុករនៅលើ​ស្ពាន​នាគ កាលពី​ព្រឹក​​ថ្ងៃ១៥កក្កដា។ តាម​អាដហុកអំពើហិង្សា​នៅ​ព្រឹក​មិញ មាន​ក្រុមបាតុករ​ជាង១០នាក់និង​ក្រុម​​សន្តិសុខ៦នាក់រងរបួស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ