អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​ប្រមូល​ផ្តុំ​បញ្ញាញាណ​នឹង​ធ្វើ​ឲ្យ​ខ្មែរ​ខ្លាំង​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គម​ខ្មែរ​ខ្វះ​ធនធាន​មនុស្ស​ជា​រឿង​មួយ ប៉ុន្តែ ធនធាន​មនុស្ស​ដែល​មាន​តិចតួច​ស្រាប់​ទៅ​ហើយនោះ​បែរ​ជា​បែកខ្ញែក​គ្នា​ទៅ​តាម​និន្នាការ​នយោបាយ ឬ​បក្ខ​ពួកនិយម​ដែល​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ពួត​ដៃ​គ្នា​ជា​ធ្លុង​មួយ​បាន។ ក្នុង​ស្ថានភាព​ដែល​ប្រទេសជាតិ​កំពុង​ត្រូវ​ការ​ការអភិវឌ្ឍ​ក្នុង​សន្ទុះ​យ៉ាង​លឿន​មួយ​ដើម្បី​រត់​ឲ្យ​ទាន់​គេ​ឯង​ក្នុង​តំបន់ ការ​ប្រមូល​ផ្តុំ​បញ្ញាញាណ​និង​សក្តានុពល​ដែលមាន​ស្រាប់​បូក​ផ្តុំ​នឹង​ជំនួយ​ពី​សហគមន៍​អន្តរជាតិ គឺ​ជា​ចលករ​មិន​អាច​ខ្វះ​បាន ដើម្បី​ឲ្យ​សង្គម​ខ្មែរ​ខ្លាំង និង​ឈាន​ទៅ​កាត់​បន្ថយ​ការ​ពឹង​ពាក់​លើ​បរទេស​ឲ្យ​បាន​ឆាប់។

យុវជន​និង​ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រនៃរបប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ។
យុវជន​និង​ការ​សិក្សា​អំពី​ប្រវត្តិសាស្ត្រនៃរបប​កម្ពុជា​ប្រ​ជា​ធិប​តេយ្យ។ ©លីដា/RFI
ផ្សាយពាណិជ្ជកម្ម

ប្រទេស​កម្ពុជា​រស់​ពឹងផ្អែក​យ៉ាងខ្លាំង​នៅឡើយ​ទៅលើ​ជំនួយ​បរទេស។ ហេតុផល​នៃ​សង្គ្រាម​និង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​ជា​រឿង​ដែល​មិនអាច​បដិសេធ​បាន​ពីព្រោះថា​សង្គ្រាម​និង​ការកាប់សម្លាប់​អ្នកចេះដឹង​ស្ទើរ​ផុត​ពូជ​ក្នុង​របប​ខ្មែរក្រហម​គឺជា​ឫសគល់​នៃ​ភាពក្រីក្រ​ដែល​ពិបាក​នឹង​ស្តារ។

រយៈពេល​៣៥​ឆ្នាំ​ក្រោយ​ការដួលរលំ​នៃ​របប ប៉ុល ពត ជាពិសេស​រយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​គឺជា​ពេលវេលា​ដ៏​សំខាន់​ណាស់​សម្រាប់​ស្តារ​ប្រទេសជាតិ​ឡើងវិញ។ សមិទ្ធផល​ដែលមាន​នៅ​ចំពោះមុខ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រឹង​និង​ទន់​រួមទាំង​សមិទ្ធផល​ខាង​នយោបាយ​ផង​គឺជា​ភស្តុតាង​នៃ​កិច្ចខិតខំ​របស់​ខ្មែរ​គ្រប់ភាគី​ក្នុង​បុព្វហេតុ​ស្តា​ប្រទេសជាតិ​ឡើងវិញ​ពី​គំនរ​ផេះផង់។ ប៉ុន្តែ សមិទ្ធផល​ប្រហែល​ជាមាន​ច្រើនសន្ធឹក​សន្ធាប់​ជាង​នេះ​ប្រសិនបើ​ខ្មែរ​រកឃើញ​ឯកភាព​ជាតិ​ដ៏​ពិតប្រាកដ​មួយ។

ពិតណាស់ ក្នុងសម័យ​បច្ចេកវិទ្យា​ទំនើប​ដូចជា​បច្ចុប្បន្ន ការកសាង​ប្រទេស​ត្រូវ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ធនធាន​បញ្ញា។ ទោះជា​សង្គម​ខ្មែរ​នៅ​ខ្វះខាត​អ្នកចេះដឹង ប៉ុន្តែ ប្រទេស​នេះ​ក៏​មិនមែន​គ្មាន​អ្នកចេះដឹង​នោះដែរ។ ទាំង​អ្នក​ដែល​បានទទួល​ការអប់រំ​ខ្ពង់ខ្ពស់​មកពី​បរទេស និង​ទាំង​អ្នក​ដែល​ទទួល​ការអប់រំ​ក្នុងស្រុក​មាន​ច្រើន​គ​គោក។ បញ្ហា​នៅត្រង់ថា បញ្ញាញាណ​ទាំងនោះ​មិន​ត្រូវបាន​ប្រមូល​ផ្តុំគ្នា​ដើម្បី​បុព្វហេតុ​ស្តារ​ប្រទេសជាតិ​ឡើងវិញ​នោះឡើយ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ​ធនធាន​បញ្ញាញាណ​របស់​ខ្មែរ​បែកខ្ញែក​និង​ចូលគ្នា​មិន​ចុះ៖
 
មូលហេតុ​ទី១៖ ដោយសារ​ពណ៌​សម្បុរ​នយោបាយ។ បញ្ញវន្ត​ដែល​ស្ថិតក្នុង​និន្នាការ​នយោបាយ​ខុសគ្នា​មាន​ទស្សនៈ​ផ្ទុយគ្នា​ស្រឡះ​អំពី​ការអភិវឌ្ឍ​ប្រទេស​បើទោះជា​ពួកគេ​ទទួលបាន​ការអប់រំ​ពី​ប្រភព​តែមួយ​ក៏ដោយ។ ពួកគេ​វាយប្រហារ​រិះគន់​គ្នា​ដោយ​ឈរលើ​ទិដ្ឋភាព​នយោបាយ​ជាង​ទិដ្ឋភាព​បច្ចេកទេស។ នៅពេលដែល​ប្រយោជន៍​នយោបាយ​ដឹកមុខ ចំណេះ​ជំនាញ​របស់​បញ្ញវន្ត​ទាំងនោះ​ត្រូវ​បែកខ្ញែក​គ្នា​ដោយ​ចៀស​មិន​ផុត។

មូលហេតុ​ទី២៖ ការប្រកាន់​បក្ខពួកនិយម​និង​ផលប្រយោជន៍។ អ្នកចេះដឹង​ពិតប្រាកដ​ដែល​ចេញពី​ប្រភព​គ្រួសារ​អ្នកក្រីក្រ មិនសូវមាន​សំណាង​ដូច​កូន​អ្នកធំ​ឬ​អ្នកមាន​សែស្រឡាយ​បក្ខពួក​នោះឡើយ។ យ៉ាងហោចណាស់ ពួកគេ​ត្រូវ​ចេះ​សម្រប​ខ្លួន​យ៉ាង​ល្អ​ទៅនឹង​អ្នកនយោបាយ​ពីព្រោះ​អ្នកចេះ​ដែល​មិន​ចង់​ពាក់ព័ន្ធ​នឹង​នយោបាយ​នឹងមិន​ឡើងទៅ​កាន់​តួនាទី​សំខាន់​បានឡើយ។ ផ្ទុយទៅវិញ អ្នក​មិន​ចេះតែ​តាំងខ្លួន​ជា​អ្នកចេះ​ច្រើនតែ​មានសំណាង​ជាង​ឲ្យ​តែ​ពួកគេ​ពូកែ​សម្តែង​តាម​អ្នកនយោបាយ។ អ្នកចេះដឹង​ខ្លះទៀត ដោយសារតែ​ផលប្រយោជន៍​ក៏​សុខចិត្ត​បំភ្លេច​ឧ​ត្ត​ម​គតិ​ចោល​ហើយ​បិទមាត់​ស​ម្ញំ​សុខ​យករួចខ្លួន។
 
មូលហេតុ​ទី៣៖ គឺ​អំនួត។ អាច​ចាត់ទុកជា​អកុសល​មួយ​ក៏​ថា​បានដែរ​ដោយសារតែ​អ្នកចេះ​មួយចំនួន​ច្រើនតែ​ចូលគ្នា​មិន​ចុះ​ដោយសារតែ​ពួកគេ​មាន​អំនួតរៀងៗខ្លួន។ និយាយ​តាមបែប​ផ្សេង អ្នកចេះដឹង​ដែល​គេ​ចាត់ទុកជា​អ្នកប្រាជ្ញ ឬ​បណ្ឌិត​ខ្មែរ​មួយចំនួន​មិនអាច​អង្គុយ​និយាយ​គ្នា​បានទេ​ដោយម្នាក់ៗច្រើនតែ​សម្អាងថា​ខ្លួនឯង​ចេះ​គ្មាន​អ្នកណា​ប្រៀប​ហើយក៏​ប្រកាន់​ជំហរ​រឹងកំព្រឹស​ដោយ​មិន​ខ្ចី​ស្តាប់​ហេតុផល​អ្នកដទៃ។ ទីបំផុត ពួកគេ​ក៏​បែរខ្នង​ដាក់គ្នា​ហើយ​ធ្វើការ​តាម​គំនិត​របស់ខ្លួនរៀងៗខ្លួន។

ការបែកបាក់​ចូលគ្នា​មិន​ចុះ​ដូច​បានលើកឡើង​ខាងដើម​គឺជា​ឧបសគ្គ​ធំធេង​បន្ថែម​លើក​ង្វះ​ធនធានមនុស្ស​ដែល​ប្រទេសជាតិ​កំពុង​ជួបប្រទះ។ នេះ​ជា​ជំ​នុ​ច​ខ្សោយ​ដែល​ធ្វើ​ឲ្យ​សង្គម​មួយ​នេះ​បន្ត​ស្ថិតក្នុង​សភាព​ក្រីក្រ​និង​ពឹង​លើ​ជំនួយ​បរទេស​យ៉ាងខ្លាំង​នៅឡើយ។ ដូច្នេះ ជា​ដំណោះស្រាយ ឧ​បគ្គ​ទាំង​អម្បាលម៉ាណ​នេះ​គួរតែ​ត្រូវបាន​លើក​ចេញ​ជា​ចាំបាច់។

ដើម្បី​ឲ្យ​ខ្មែរ​ខ្លាំង​និង​មាន​ទឹកមាត់ប្រៃ​នៅលើ​ឆាក​អន្តរជាតិ ខ្មែរ​គួរតែ​ចេះ​ប្រមូលផ្តុំ​ធនធាន​បញ្ញា​ណាណ​ដែល​ខ្លួន​មាន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​របស់ខ្លួន។ អ្នកចេះ​អ្វី​ជួយ​ធ្វើ​កិច្ចការ​នោះ​តាម​ជំនាញ។ អ្នកចេះ​ច្រើន​បូកផ្សំ​ជាមួយ​អ្នកចេះ​តិច​ដោយ​មិន​មើលបំណាំ​គ្នា​នឹង​ក្លាយជា​សក្តានុពល​ដ៏​ធំ​មួយ​បាន។ ការផ្តាច់​អ្នកជំនាញ​ឲ្យ​ចេញពី​អ្នកនយោបាយ​គឺជា​រឿង​សំខាន់​មួយទៀត​សម្រាប់​កម្ពុជា​ពោលគឺ​ទោះជា​អ្នកនយោបាយ​ឈ្លោះ​គ្នា ឬ​ផ្លាស់ប្តូរ ក៏​អ្នកជំនាញ​នៅតែ​អាច​បន្ត​ធ្វើការ​តាម​ជំនាញ​របស់ខ្លួន​ដដែល។

គេ​នៅ​ចាំបាន​ថា នៅមុន​ពេល​សោយ​ទិវង្គត សម្តេច​ឳ នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ ទ្រង់​បាន​ផ្តាំ​ឲ្យ​ខ្មែរ​សាមគ្គី​គ្នា​ដើម្បី​ក្លាយជា​អ្នកខ្លាំង។ ទោះបីជា​យឺត​ពេល​បន្តិច តែ​ក៏​នៅ​មិនទាន់​ហួសពេល​ដែរ​ប្រសិនបើ​ខ្មែរ​ចង់​ឲ្យ​ប្រទេស​របស់ខ្លួន​ខ្លាំង​មែន​នោះ ពោលគឺ​ខ្លាំង​ឲ្យ​គេ​កោតស្ញប់ស្ញែង​លើ​ឆាក​អន្តរជាតិ តែ​មិនមែន​ខ្លាំង​តែ​ឈ្លោះ​គ្នាឯង​រួចហើយ​ស្រែ​ករក​អន្តរាគមន៍​ឲ្យ​បរទេស​ជួយ​ដោះស្រាយ​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ