កម្ពុជានិងម៉ាឡេស៊ីពិភាក្សាMOUស្តីពីការការពារសិទ្ធិពលករចំណាកស្រុក

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានរៀបចំសិក្ខាសាលារយៈពេល២ថ្ងៃទាក់ទងនឹងការពិនិត្យអនុស្សារណៈយោគយល់ ស្តីពីការប្រើប្រាស់កំលាំងពលកម្មរវាងកម្ពុជានិងម៉ាឡេស៊ី។ កម្ពុជាត្រូវរៀបចំកិច្ចព្រមព្រៀងស្តីពីការការពារសិទ្ធិពលករចំណាកស្រុកជាមួយប្រទេសម៉ាឡេស៊ី បន្ទាប់ពីរយៈចុងក្រោយនេះ ស្ត្រីខ្មែរអ្នកជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ីត្រូវបានរំលោភបំពាន និងរងការធ្វើទារុណកម្មរហូតដល់បាត់បង់ជីវិតទៀតផង។
ក្រោយពីរកឃើញករណីស្លាប់ស្ត្រីខ្មែរអ្នកជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី និងករណីធ្វើទុក្ខបុកម្នេញមួយចំនួនទៀត លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានចេញបញ្ជាអោយផ្អាកការនាំពលករខ្មែរជាស្រ្តីជំនួយការមេផ្ទះទៅប្រទេសម៉ាឡេស៊ី កាលពីដើមឆ្នាំ២០១២នេះ។ បន្ទាប់មក តំណាងរដ្ឋាភិបាលកម្ពុជាក៏បានបបួលរដ្ឋាភិបាលម៉ាឡេស៊ីធ្វើអនុស្សារណៈយោគយល់ ស្តីការការពារសិទ្ធិពលករចំណាកស្រុកនេះ។
អនុស្សារណៈយោគយល់ ឬMOU នេះកំពុងតែដំណើរការទៅមុខ។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមន្ត្រីតំណាងរដ្ឋាភិបាលកម្ពុជានិងម៉ាឡេស៊ីកំពុងពិគ្រោះយោបល់អំពីអនុស្សារណៈយោគយល់ (Memorandum of Understanding) ស្តីពីការប្រើប្រាស់កំលាំងពលកម្ម។ ការពិនិត្យ អនុស្សារណៈយោគយល់នេះ ត្រូវធ្វើឡើងនៅក្នុងសិក្ខាសាលា២ថ្ងៃដែលគាំទ្រដោយអង្គការសហប្រជាជាតិស្តីពីស្ត្រី UNWOMEN។
លោកសេង សក្តា អគ្គនាយកនៃអគ្គនាយកដ្ឋានការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងនៅក្នុងសិក្ខាសាលានោះថា អនុស្សារណៈយោគយល់នេះនឹងក្លាយជាយន្តការមួយដ៏សំខាន់បំផុត សម្រាប់គ្រប់គ្រងពលករកម្ពុជាដែលបាន និងកំពុងធ្វើការ និងមានបំណងទៅធ្វើការនៅប្រទេសម៉ាឡេស៊ី។
សម្រាប់លោកស្រី Wenny Kusuma នាយិការអង្គការUNWOMENប្រចាំប្រទេសកម្ពុជាវិញ វត្តមាននៃអនុស្សារណៈយោគយល់នេះបានបង្ហាញថា ម៉ាឡេស៊ីបានប្តេជ្ញាចិត្តធ្វើសហប្រតិបត្តិការលើបញ្ហាគ្រប់គ្រងពលករចំណាកស្រុកដែលធ្វើការងារតាមផ្ទះ។ លោកស្រីបានពន្យល់ថា “ពលករចំណាកស្រុកប្រឈមមុខខ្លាំងនឹងការរំលោភបំពានតាមរយៈកិច្ចសន្យាដែលមានលក្ខណៈកេងប្រវ័ញ្ច”។ លោកស្រីបន្តថា ជាញឹកញាប់ ការធ្វើការងារតែម្នាក់ឯងនៅក្នុងផ្ទះឯកជន ស្ត្រីជំនួយការមេផ្ទះប្រឈមនឹងការបំពានលើរាងកាយផង និងផ្លូវភេទផង ហើយពួកគេគ្មានសេរីភាពក្នុងការដើរហើរ និងធ្វើទំនាក់ទំនងជាមួយអ្នកខាងក្រៅ ក៏ដូចជាការទទួលប្រាក់ឈ្នួលមិនសមរម្យជាដើម។
គួររម្លឹកថា កម្ពុជាបានមានបទពិសោធន៍អាក្រក់ប្រទេសម៉ាឡេស៊ីក្នុងបញ្ហាបញ្ជូនស្ត្រីជំនួយការមេផ្ទះនេះ។ ក្រៅពីករណីស្លាប់ ករណីធ្វើបាបលើរាងកាយ ក៏ត្រូវបានរកឃើញផងដែរ។ សារព័ត៌មានក៏នៅផ្សព្វផ្សាយអំពីករណីឪពុកម្តាយស្វែងរកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សដើម្បីអោយជួយរកកូនស្រីរបស់ពួកគេដែលចេញទៅធ្វើការនៅប្រទេសម៉ាឡេស៊ីដែរ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ