កម្ពុជាមិនបានឈ្នះអាសនៈក្នុងក្រុមប្រឹក្សាសន្តិសុខUNឡើយ

កម្ពុជា មិនបានឈ្នះឆ្នោតធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះឡើយ។ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ គឺបេក្ខភាពកូរ៉េខាងត្បូង ដែលបានទទួលការគាំទ្រលើសប្រទេសកម្ពុជានិងប្រទេសប៊ូតាន។ សមាជិកថ្មីចំនួន៥ដែលជាប់ឆ្នោតមាន អូស្ត្រាលីអាហ្សង់ទីន លុចហ្សំបួរ កូរ៉េខាងត្បូង និងរូវ៉ាន់ដា។
សាធារណៈរដ្ឋកូរ៉េខាងត្បូង បានជាប់ឆ្នោតនៅក្នុងជុំទី២ ហើយក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅក្នុងជុំទី២នេះដែលមានចំនួនអ្នកបោះឆ្នោត១៩៣ បេក្ខភាព កូរ៉េខាងត្បូង បានទទួលសំឡេងគាំទ្រ១៤៩សំឡេង លើសពីកម្ពុជាដែលទទួលបានសំឡេងគាំទ្រ៤៣សំឡេង។ យោងតាមនីតិវិធី បេក្ខភាពនិមួយៗត្រូវទទួលបានសំឡេងគាំទ្រអោយបានយ៉ាងហោចណាស់២ភាគ៣នៃសំឡេងឆ្នោតសរុប ពោលគឺ១២៨សំឡេងគាំទ្រ ទើបអាចចាត់ទុកថាឈ្នះក្នុងការបោះឆ្នោត។
យោងតាមលទ្ធផលនៃការបោះឆ្នោតនេះ កូរ៉េខាងត្បូង បានជាប់តំណែងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកជំនួសបេក្ខភាពប្រទេសឥណ្ឌាដែលអស់អាណត្តិ។នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានបេក្ខភាព៣ប្រទេសគឺ កូរ៉េខាងត្បូង កម្ពុជា និងប៊ូតាន។ ប្រទេសប៊ូតានដែលបានសំឡេងគាំទ្រតែ២០នៅក្នុងការបោះឆ្នោតជុំទីមួយ មិនបានចូលរួមក្នុងការបោះឆ្នោតក្នុងជុំទី២ឡើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយដោយនាយកដ្ឋានព័ត៌មានសាធារណៈនៃកិច្ចប្រជុំពេញអង្គនៃអង្គការសហប្រជាជាតិ នៅក្នុងជុំទីមួយកម្ពុជាទទួលសំឡេងគាំទ្រ៦២ទល់នឹង១១៦របស់កូរ៉េខាងត្បូង។
លទ្ធផលសម្រេចចុងក្រោយនៃការបោះឆ្នោតរើសបេក្ខភាពចំនួន៥ជាសមាជិកថ្មី មិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះរួមមាន អាហ្សង់ទីន អូស្ត្រាលី កូរ៉េខាងត្បូង លុចហ្សំបួរនិងប្រទេសរូវ៉ាន់ដា។
មិនមានការអត្ថាធិប្បាយពីរដ្ឋាភិបាលកម្ពុជាអំពីបរាជ័យនេះឡើយ។ រដ្ឋាភិបាលកម្ពុជា បានសំអាងលើមូលហេតុសំខាន់មួយចំនួនដែលជំរុញអោយខ្លួនដាក់បេក្ខភាពចូលទៅក្នុងការបោះឆ្នោតយកតួនាទី នៅក្នុងស្ថាប័នពិភពលោកមួយនេះ។ នោះគឺការបញ្ចប់សង្គ្រាមស៊ីវិលដោយខ្លួនឯង ការរៀបចំនិងអភិវឌ្ឍន៍ប្រទេស និងការបានចូលរួមចំណែកក្នុងការថែរក្សាសន្តិភាពពិភពលោកក្នុងក្របខណ្ឌនៃសកម្មភាពមនុស្សធម៌នៃអង្គការសហប្រជាជាតិ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati








អត្ថាធិប្បាយ (2)
what is the benefit as a non-permament membership at UNSC?
Would you tell me the benefit of it ?
តើក្រុមប្រឹក្សាសន្តិសុខUNមានសារៈសំខាន់យ៉ាងណាសំរាប់កម្ពុជា?
តើក្រុមប្រឹក្សាសន្តិសុខ UN មានសារៈសំខាន់យ៉ាងណាសំរាប់កម្ពុជា?
ហេតុអ្វីកម្ពុជាចាំបាច់ត្រូវការកៅអីនេះ?
សូមវិទ្យុបារាំងអន្តរជាតិមេត្តាជួយបកស្រាយផង។
សូមអរគុណ
ប្រតិកម្មជុំវិញអត្ថបទនេះ