អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

របាំងនៃរំហូរព័ត៌មានទៅកាន់មេដឹកនាំគួរត្រូវបានលើកចេញ!

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​បញ្ហា​ជា​ច្រើន​ដែល​មើល​ទៅ​ហាក់​មិន​ពិ​បាក​នឹង​ដោះ​ស្រាយ​ទេ​ដូច​ជា​ទំ​នាស់​ដី​ធ្លី​ជា​ដើម ប៉ុន្តែ រដ្ឋា​ភិបាល​បែរ​ជា​ដោះ​ស្រាយ​មិន​បាន​ហើយ​បណ្តោយ​ឲ្យ​បញ្ហា​នោះ​អូស​បន្លាយ​ក្លាយ​ជា​រឿង​ធំ​។​ មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន​ក្នុង​នោះ ​របាំង​នៃ​រំហូរ​ព័ត៌​មាន​ទៅ​ដល់​មេ​ដឹក​នាំ​ថ្នាក់​លើ​គឺ​ជា​បញ្ហា​ដ៏​សំ​ខាន់​មួយ​។ ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​ប្រ​កាស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ​លោក​មិន​ដែល​បាន​ទទួល​ញ្ញត្តិ​របស់​ពល​រដ្ឋ​រង​គ្រោះ​ដោយ​បញ្ហា​ដី​ធ្លី​ដែល​ដាក់​ជូន​នាយក​រដ្ឋ​មន្ត្រី​ម្តង​ណា​ទេ​។ ​ តើ​ក្នុង​យុគ​សម័យ​ព័ត៌មាន​វិទ្យា​បែប​នេះ​ទៅ​ហើយ​នៅ​តែ​មាន​របាំង​នៃ​រំហូរ​ព័ត៌មាន​ទៅ​កាន់​មេ​ដឹក​នាំ​កំ​ពូល​មែន​ឬ?​

ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា នៅតែជា​ឧបសគ្គ​ដល់​ការងារ​អ្នក​សារព័ត៌មាន
ច្បាប់​ព្រហ្មទណ្ឌ​កម្ពុជា នៅតែជា​ឧបសគ្គ​ដល់​ការងារ​អ្នក​សារព័ត៌មាន ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ទាំង​ក្នុង​ជីវ​ភាព​ជាក់​ស្តែង ក៏​ដូច​ជា​ក្នុង​រឿង​ព្រេង​ឬ​ខ្សែ​ភាព​យន្ត​ដែរ ​មាន​រឿង​រ៉ាវ​ច្រើន​ណាស់​ដែល​និ​យាយ​អំ​ពី​មេ​ដឹក​នាំ​ដែល​រង​គ្រោះ​ព្រោះ​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ផ្តល់​ព័ត៌​មាន​ខុស​ឬ​មិន​គ្រប់​ជ្រុង​ជ្រោយ​។ ដោយ​សារ​កង្វះ​ព័ត៌​មាន មេ​ដឹក​នាំ​មិន​អាច​ឆ្លើយ​តប​ទៅ​នឹង​ដំ​ណោះ​ស្រាយ​បញ្ហា​ពិត​ប្រា​កដ​បាន​ឡើយ​។ ទី​បំផុត​ បញ្ហា​បាន​ផ្ទុះ​ឡើង​ហើយ​ទម្រាំ​បាន​ដឹង​ការ​ពិត ​អង្ករ​បាន​ក្លាយ​ជា​បាយ​រួច​ទៅ​ហើយ​។

ហេតុ​ដូ​ច្នេះ​ហើយ​បាន​ជា​មាន​មេ​ដឹក​នាំ​ខ្លះ​ត្រូវ​បន្លំ​ខ្លួន​ធ្វើ​ជា​ពល​រដ្ឋ​សា​មញ្ញ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​បញ្ហា​ដើ​ម្បី​ស្វែង​យល់​ការ​ពិត​។ នេះ​ជា​គតិ​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​មេ​ដឹក​នាំ​ដែល​កាន់​តួ​នា​ទី​កំ​ពូល​ៗ​មាន​ការ​លំ​បាក​ក្នុង​ការ​ទទួល​បាន​ព័ត៌​មាន​ពិត​ពី​ព្រោះ​ពួក​គេ​មិន​បាន​ស្ថិត​ក្នុង​ហេតុ​ការណ៍​ផ្ទាល់​នោះ​ឡើយ​។ ព័ត៌​មាន​ដែល​ទទួល​បាន​ត្រូវ​ឆ្លង​កាត់​តាម​រយៈ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ឬ​ទី​ប្រឹ​ក្សា​ដែល​នៅ​ជុំ​វិញ​ខ្លួន​។ ប្រ​សិន​បើ​មន្ត្រី​ទាំង​នោះ​ស្មោះ​ត្រង់​មិន​ជា​ថ្វី​ទេ ​ប៉ុ​ន្តែ ​ប្រ​សិន​បើ​ពួក​គេ​ព្យា​យាម​បិទ​បាំង​ព័ត៌​មាន​ដើ​ម្បី​ផល​ប្រ​យោជន៍​អ្វី​មួយ​នោះ ​វា​ពិត​ជា​គ្រោះ​ថ្នាក់​ធំ​ធេង​មួយ​។

យ៉ាង​ណា​ក៏​ដោយ​ចុះ ​នៅ​ក្នុង​សម័យ​ព័ត៌​មាន​វិទ្យា​ទំ​នើប​ដូច​ជា​បច្ចុប្បន្ន​ការ​ទទួល​បាន​ព័ត៌​មាន​ហាក់​មិន​ពិ​បាក​ឡើយ​។​មិន​ពិបាក​ពី​ព្រោះ​ថា​ ប្រព័ន្ធ​ផ្សាយ​ព័ត៌​មាន​ឯក​រាជ្យ​នា​នា​បាន​ផ្សាយ​ព័ត៌​មាន​យ៉ាង​សម្បូរ​បែប ​និង​គ្រប់​ទិដ្ឋ​ភាព​ដែល​បាន​កើត​ឡើង។ ​ប៉ុន្តែ​ អ្វី​ដែល​សំ​ខាន់​នៅ​ត្រង់​ថា​ តើ​មេ​ដឹក​នាំ​ម្នាក់​ៗ​បើក​ចិត្ត​គំ​និត​ឲ្យ​ទូ​លំ​ទូ​លាយ​ដើ​ម្បី​តាម​ដាន​ព័ត៌​មាន​ទាំង​នោះ​ដែរ​ឬ​ទេ​?

ជា​ការ​ពិត​ណាស់​ នៅ​ក្នុង​សម័យ​ទំ​នើប​នេះ​ ព័ត៌​មាន​គឺ​ជា​អា​វុធ​ដ៏​មាន​ប្រ​សិទ្ធិ​ភាព​សម្រាប់​កំ​ណត់​ពី​ជោគ​ជ័យ​ឬ​បរា​ជ័យ​របស់​អ្នក​ដឹក​នាំ ​(មិន​ថា​អ្នក​ដឹក​នាំ​ប្រ​ទេស​ អ្នក​ដឹក​នាំ​បក្ស​នយោ​បាយ​ឬ​ក៏​អ្នក​ដឹក​នាំ​ក្នុង​ពិ​ភព​ជំនួញ​នោះ​ទេ)។​ ប៉ុ​ន្តែ​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​ក៏​ការ​ទទួល​បាន​ព័ត៌​មាន​មិន​គ្រប់​ជ្រុង​ជ្រោយ​នៅ​តែ​ជា​ចំ​ណោទ​ដ៏​សំ​ខាន់​មួយ​សម្រាប់​អ្នក​ដឹក​នាំ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​សម្រេច​ចិត្ត​ខុស​ឬ​ក៏​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព​។

មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន៖

មូល​ហេតុ​ទី​១ គឺ​មក​ពី​មាន​របាំង​នៃ​រំ​ហូរ​ព័ត៌​មាន​នៅ​ជុំ​វិញ​ខ្លួន​មេ​ដឹក​នាំ​ពោល​គឺ​ព័ត៌​មាន​ជា​ច្រើន​ត្រូវ​បាន​បិទ​បាំង​ឬ​រាយ​ការណ៍​មិន​អស់​ពី​សំ​ណាក់​ថ្នាក់​ក្រោម​។
មូល​ហេតុ​ទី​២ គឺ​មេ​ដឹក​នាំ​ភាគ​ច្រើន​តែង​ចូល​ចិត្ត​ស្តាប់​តែ​ព័ត៌​មាន​ដែល​លើក​សរ​សើរ​ខ្លួន​ឯង​ តែ​មិន​ចូល​ចិត្ត​ស្តាប់​ព័ត៌​មាន​ដែល​និ​យាយ​ពី​ចំណុច​អវិជ្ជ​មាន​របស់​ខ្លួន​ឡើយ។ នៅ​ពេល​ដែល​ពួក​គេ​លង់​តែ​នឹង​ព័ត៌​មាន​បញ្ចើច​បញ្ចើ ​ពួក​គេ​តែង​ព្យា​យាម​បំ​ភ្លេច​ព័ត៌​មាន​អា​ក្រក់​ដែល​ជា​ព័ត៌​មាន​ពិត​។
មូល​ហេតុ​ទី​៣ គឺ​ដោយ​សារ​តែ​ថ្នាក់​ក្រោម​មិន​សូវ​ហ៊ាន​និ​យាយ​រឿង​មិន​ល្អ​ប្រាប់​មេ​កើយ​របស់ខ្លួន​ឡើយ​។ ដូច​ពាក្យ​ចាស់​បុ​រាណ​បាន​ពោល​ថា​«​ពាក្យ​ពិត​រែង​ស្លែង» ពោល​គឺ​ពាក្យ​ពិត​ច្រើនតែ​ជា​ពាក្យ​ល្វីង​ជូ​ចត់​ដែល​ក​ម្រ​មាន​មេ​ដឹក​នាំ​ណា​ប្រា​ថ្នា​ចង់​ស្តាប់។

ទាំង​អស់​នេះ​គឺ​ជា​គុណ​វិបត្តិ​របស់​មេ​ដឹក​នាំ​នៅ​គ្រប់​ជ្រុង​ជ្រោយ​នៃ​ពិ​ភព​លោក​។ ​ប៉ុន្តែ​ មេ​ដឹក​នាំ​ខ្លះ​បាន​យល់​ច្បាស់​ពី​បញ្ហា​នេះ​ហើយ​ក៏​ព្យា​យាម​បញ្ចៀស​ពី​ស្ថាន​ភាព​ដ៏​អា​ក្រក់​នេះ​។

សរុប​មក​វិញ ​មេ​ដឹក​នាំ​គួរ​តែ​រក​វិ​ធី​យ៉ាង​ណា​ដើ​ម្បី​ឲ្យ​ខ្លួន​អាច​ទទួល​បាន​រំហូរ​ព័ត៌​មាន​គ្រប់​បែប​យ៉ាង​ជា​ពិ​សេស​ព័ត៌​មាន​ដែល​និ​យាយ​មិន​ល្អ​ពី​ការ​ដឹក​នាំ​របស់​ខ្លួន​ពី​ព្រោះ​ការ​ទទួល​បាន​ព័ត៌​មាន​តែ​មួយ​ជ្រុង​គឺ​ជា​គ្រោះ​ថ្នាក់​ដល់​ការ​ធ្វើ​សេច​ក្តី​សម្រេច​ចិត្ត​។ ​ក្នុង​ន័យ​នេះ ​គេ​ជឿ​ជាក់​ថា ​ការ​សម្រេច​ចិត្ត​ទាក់​ទង​នឹង​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច ​ឬ​គម្រោង​វិ​និ​យោគ​ផ្សេង​ៗ​ ទំ​នង​ជា​មាន​ផល​អា​ក្រក់​តិច​ជាង​នេះ​ប្រ​សិន​បើ​មេ​ដឹក​នាំ​កំ​ពូល​ៗ​បាន​ទទួល​ព័ត៌​មាន​គ្រប់​ជ្រុង​ជ្រោយ​អំ​ពី​ផល​អវិជ្ជ​មាន​ដែល​កើត​ចេញ​ពី​គម្រោង​ទាំង​នោះ​ជា​មុន​។

ដូ​ច្នេះ ការ​ស្វែង​រក​ប្រ​ភព​ព័ត៌​មាន​ឲ្យ​បាន​ច្រើន​ដើ​ម្បី​ផ្ទៀង​ផ្ទាត់​មុន​នឹង​ធ្វើ​សេច​ក្តី​សម្រេច​ចិត្ត​គឺ​ជា​អា​វុធ​ដ៏​មាន​ប្រ​សិទ្ធ​ភាព​សម្រាប់​មេ​ដឹក​នាំ។ ​អង្គ​ការ​សង្គម​ស៊ីវិល​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​ឯក​រាជ្យ​ទាំង​ឡាយ​ រាប់​ទាំង​បក្ស​ប្រ​ឆាំង​ផង គឺ​ជា​ប្រ​ភព​ព័ត៌​មាន​ដ៏​សំ​ខាន់​មួយ​។ ​ការ​ព្យា​យាម​ចោទ​ប្រ​កាន់​ថា ​អង្គ​ការ​នេះ ​ឬ​បណ្តាញ​ផ្សាយ​ព័ត៌​មាន​នោះ​លម្អៀង​ហើយ​មិន​ខ្ចី​ស្តាប់​របាយ​ការណ៍​របស់​ពួក​គេ​គឺ​ជា​កំ​ហុស​ឆ្គង​ដែល​គួរ​តែ​ចៀស​វាង​ពី​ព្រោះ ​សូម​កុំ​ភ្លេច​ថា ​ព័ត៌​មាន​អា​ក្រក់​ជា​ជំ​នួយ​ស្មារ​តី​យ៉ាង​ល្អ​សម្រាប់​ការ​ដឹក​នាំ​។ ​ផ្ទុយ​ទៅ​វិញ ​ការ​ទទួល​បាន​តែ​ព័ត៌​មាន​ល្អ​ៗ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មនុស្ស​ភ្លេច​គិត​ពី​វិ​ធាន​ការ​បង្កា​ហា​នី​ភ័យ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ