អានតួអត្ថបទ
កម្ពុជា

សហជីព​នឹង​មាន​ច្បាប់​គ្រប់​គ្រង​នៅ​មុន​ដំណាច់​ឆ្នាំ​២០១៤​

កិច្ចពិភាក្សា​ត្រីភាគី​ស្តីពី​ពង្រាងច្បាប់​សហ​ជីព ត្រូវបាន​បើក​ធ្វើឡើង​ហើយ​រយៈ​ពេល​​ពីរ​ថ្ងៃ គឺ​ថ្ងៃទី២៨ និង ២៩ឧសភា ដោយ​មាន​​ការ​ចូលរួម​ពី​តំណាង​សហជីព តំណាង​និយោជក និង​តំណាង​រដ្ឋាភិបាល។សម្រាប់​​ថ្ងៃទី១ កិច្ច​ប្រជុំបាន​ទទួលយក​អនុសាសន៍​នានា​ពី​ភាគី​ពាក់ព័ន្ធ ដើម្បី​ជា​ប្រធានបទ​ក្នុងការពិភាក្សាគ្នា​ផុលផុស​នៅ​ថ្ងៃ​បញ្ចប់។ ពង្រាងច្បាប់​ស្តីពី​សហ​ជីព​ដែលមាន១៧ជំ​ពូ​កនិង៩១មាត្រា ត្រូវ​ប្រធាន​អង្គប្រជុំ​រដ្ឋ​មន្ត្រី​ក្រសួង​​ការ​ងារ​​អះ​អាង​​ថា​ នឹង​​បញ្ចប់​​ហើយ​​ក្លាយ​ជា​​ច្បាប់​​នៅ​មុន​​ដំណាច់​ឆ្នាំ​២០១៤​នេះ។​​ 

តំណាងសហជីពដើរហែរក្បួន ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ កាលពីពេលថ្មីៗនេះ។
តំណាងសហជីពដើរហែរក្បួន ដើម្បីសុំឲ្យមានការដោះលែងអ្នកជាប់ឃុំទាំង ២១នាក់ កាលពីពេលថ្មីៗនេះ។ RFI/ siv channa
ផ្សាយពាណិជ្ជកម្ម

ក្រុម​មេដឹកនាំ​សហជីព តំណាង​និយោជក និង​តំណាង​រដ្ឋាភិបាល​ក្រោម​កិច្ចសហការ​ផ្នែក បច្ចេកទេស ពី​អង្គការ អន្តរជាតិ​ខាង​ការងារ(ILO) នឹង​បើក​កិច្ចពិភាក្សា​ផុលផុស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៩ឧសភា ទាក់ទង​ទៅនឹង​ពង្រាងច្បាប់​ស្តីពី​សហជីព។

រៀបចំ​នៅ​សណ្ឋាគារ​អាំងទែ​កុងទីណង់តាល់​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី២៨និង២៩ ឧសភា សិក្ខាសាលា ត្រីភាគី​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​សហជីព​នៅ​ថ្ងៃ​ទីមួយ​មើលទៅ នៅ​មិនទាន់មាន​ភាពជឿនលឿន​អ្វី​ទេ ដោយសារតែ​អង្គប្រជុំ​ដែល​មជ្ឈដ្ឋាន​ទូទៅ​ចាត់ទុកថា មាន​សារៈសំខាន់​នោះបាន​ត្រឹម​ទទួលយក​មតិយោបល់​ដែល​ស្នើឡើង​ដោយ​ភាគី​ចូលរួម​ទាំងអស់។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេ​យ្យ​​កម្មករកាត់ដេរ​កម្ពុជា(ស៊ី​ខៅ​ឌូ) បាន​ថ្លែងថា​មាន​ចំណុច​ជាច្រើន​ដែល​ភាគី​សហជីព និង​អ្នកពាក់ព័ន្ធ​ឯទៀតស្នើឡើង​ដើម្បី បញ្ចូល​ទៅក្នុង​ពង្រាងច្បាប់​ស្តីពី​សហជីព ដូចជា​ការស្នើសុំ​ឲ្យ​គិតគូ​ពី​បញ្ហា ប្រាក់​ឈ្នួល ដល់​មន្ត្រីរាជការ និង​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នីតិវិធី​ក្នុងការ​ចុះបញ្ជី​សហជីព នីតិវិធី​កូដកម្ម ជាដើម។

ដោយឡែក​ភាគី​និយោជក​មិនបាន​បង្ហើប​ឲ្យ​ដឹង​ទេ​ខណៈដែល​ការជជែក​គ្នា​តម្រូវ​ឲ្យ​មាន​ការ​គោរពគោលការណ៍​អសាធារណៈ។ ជាមួយគ្នានេះ​ភាគី​សហជីព​សង្ឃឹម​តិច​តួច​នៅឡើយ​ថា​អនុសាសន៍​របស់ពួកគេ​នឹង​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​ពង្រាងច្បាប់​ស្តីពី​សហជីព​ដែលមាន ៩១មាត្រា។

ទោះជា​យ៉ាងនេះក្តី​ភាគី​ទាំងអស់​ចាត់ទុកថា ការ​អង្គុយ​ជជែក​គ្នា​បី​ភាគី​ដោយ​សន្តិភាព មាន​សារៈសំខាន់​នៅក្នុង​ការងារទំនាក់ទំនង​វិជ្ជា​ជីវៈ​នៃ​វិស័យ​កាត់ដេរ​និង​ដេរ​ស្បែកជើង។

រដ្ឋមន្ត្រីក្រសួង​ការងារ លោក អ៊ិត សំហេង នៅក្នុង​ឱកាស​បើក​កិច្ច​ប្រជុំបាន​ថ្លែងថា ក្រសួង​ការងារ​នឹងបន្ត​សហការ​ជាមួយ ILO ធ្វើការ​កែសម្រួល​តាម​ស្មារតី នៃ​អង្គ​សិក្សា​សាលា ព្រមទាំង​ដាក់​កិច្ចពិភាក្សាអន្តរក្រសួង​ជាមួយ​ក្រុមប្រឹក្សា​អ្នកច្បាប់ ក្រុមប្រឹក្សា​សេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ច ឲ្យ​ចប់​នៅក្នុង​ត្រីមាសទី​បី​នេះ។ លោក រដ្ឋមន្ត្រី​បន្តថា នៅ​ដើម​ត្រីមាស​ទី៤ ពង្រាងច្បាប់​នឹង​ដាក់ជូន​រដ្ឋាភិបាល​ពិនិត្យ​ស​ម្រ​ច បន្ទាប់មក បញ្ជូនទៅ​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​សុំ​ការអនុម័ត​មុន​ដំណាច់ឆ្នាំ ២០១៤នេះ។

សូមបញ្ជាក់ថា​ដំណើរការ​រៀបចំ​ពង្រាង​ច្បាប់ ត្រូវបាន​ចាប់​ផ្តើមធ្វើ​ចាប់តាំងពី​ឆ្នាំ២០០៨ រហូតដល់ ខែឧសភា​ឆ្នាំ២០១៤នេះ ក្រសួង​ការងារ​សហការ​ជាមួយ ILO បាន​កសាង​ជា​ពង្រាងច្បាប់  ស្តីពី សហជីព​ដែល​រួមមាន១៧ជំពូក និង៩១មាត្រា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ