អានតួអត្ថបទ
កម្ពុជា

ប្រទេស​​ឡាវ​​បង្ហាញ​​ជំហរ​​យឺត​យូរ​ក្នុង​ដំណោះ​ស្រាយ​បញ្ហា​ទំនប់​ដន​សា​ហុង​

ទោះជា​រដ្ឋាភិបាល​ឡាវ​និង​ក្រុមហ៊ុន​អភិ​វឌ្ឍន៍​ទំនប់​ដន​សា​ហុង​មិនបាន​ព​ន្លឿ​ន​របា​យ​ការណ៍​ស្រាវជ្រាវ​តាម​សំណើ​របស់​​ប្រទេស​ផ្សេងទៀត​ជា​សមាជិក​គណៈ​កម្ម​ការ​​​ទន្លេមេគង្គ​ក៏​ដោយ ​ក៏​អង្គការក្រៅ​រដ្ឋា​ភិបាល​នានា​នៅក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​​បង្កើន​ការផ្សព្វផ្សាយ​ដល់ប្រ​ជា​ពលរដ្ឋ​​ដដែល។ជា​គោលជំហរ​អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​​នៅតែ​ទទូច​ឲ្យ​បញ្ឈប់​ការ​សាង​​សង់​​​ទំនប់​ដន​សា​ហុង ដោយសារតែ​ការសាងសង់​ទំនប់​នេះ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ជីវៈ​ចម្រុះ ត្រី និង​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ផ្នែក​ខាងក្រោម។

ប្រជាពលរដ្ឋនិងសកម្មជនសិទ្ធិមនុស្សចូលរួមយុទ្ធនាការកុំអោយមានការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងនាពេលកន្លងមក
ប្រជាពលរដ្ឋនិងសកម្មជនសិទ្ធិមនុស្សចូលរួមយុទ្ធនាការកុំអោយមានការសាងសង់ទំនប់វារីអគ្គីសនីដនសាហុងនាពេលកន្លងមក
ផ្សាយពាណិជ្ជកម្ម

អង្គការ​សង្គម​ស៊ីវិល​ដែល​បម្រើការងារ​ទាក់ទង​ទៅនឹង​ធនធានធម្មជាតិ នឹង​បន្តធ្វើ​បច្ចុប្បន្នភាព​ស្តីពី​ព័ត៌មាន​នៃ​ការសាងសង់​ទំនប់​ដន​សា​ហុង​នៅក្នុង​ប្រទេស​ឡាវ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ដែល​ស្ថិតនៅតាម​ដង​ទន្លេមេគង្គ​កាលពី​ថ្ងៃទី៤ ខែមេសា​ឆ្នាំ ២០១៤ កន្លងទៅនេះ។

លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​អង្គការ​វេទិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​សម្រាប់​កម្ពុជា (NGO Forum)បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFI ថា លោក​នៅតែ​បន្ត​សហការ​ណ៍​ជាមួយនឹង​អង្គការ​អន្តរជាតិផ្សេងៗទៀត ដើម្បី​តាមដាន​មើល​ការអភិវឌ្ឍន៍​ទំនប់​ដន​សា​ហុង ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់ថា បាន​សាងសង់​នៅលើ​ទន្លេ​មេ​នៃ​ទន្លេមេគង្គ។

ជាមួយគ្នានេះ សម្ព័ន្ធ​ទន្លេ​កម្ពុជា និង​អង្គការ NGO Forum កំពុងតែ​ដំណើរការ​ផ្សព្វផ្សាយ​ទៅដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​និង​ទន្លេសាប​ដើម្បី​ឲ្យ​ពួកគាត់​មា​នា​ការយល់ដឹង​បន្ថែមទៀត​ពី​ហានិភ័យ​ដែល​បណ្តាលមកពី​ការអភិវឌ្ឍន៍​ទំនប់​ដន​សា​ហុង។

កាលពីដើម​ខែមេសា ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ រួម​មាន​ប្រទេស​ថៃ វៀតណាម និង​កម្ពុជា បាន​ទទូច​ឲ្យ​មានការ​បញ្ឈប់​ការអភិវឌ្ឍន៍​ទំនប់​ដន​សា​ហុង​នៅក្នុង​ប្រទេស​ឡាវ ដោយ​រង់ចាំ​ឲ្យ​មានការ​សិក្សា​ស្រាវជ្រាវ​ពី​អ្នកជំនាញ ពី​ផលប៉ះ​ពាល់​​ជីវៈចម្រុះ ធនធាន​ជលផល​និង​សេដ្ឋកិច្ច​របស់​ប្រជាជន។

ក៏ប៉ុន្តែ​នៅ​មិនទាន់មាន​ចម្លើយ​យ៉ាងណា​នៅឡើយ​ពី​រដ្ឋាភិបាល​ឡាវ​ក៏ដូចជា​ក្រុមហ៊ុន​អភិវឌ្ឍន៍ទំនប់​ដន​សា​ហុង។ស្របពេល​ជាមួយគ្នានេះ​អ្នកជំនាញ​ជឿជាក់ថា ការស្ថាបនា​ទំនប់​ប្រហែលជា​ត្រូវបាន​ផ្អាក ដោយសារតែ​នៅ​រដូវ​នេះ ទឹកបាន​ចាប់ផ្តើម​ឡើង​ខ្ពស់​ដែលជា​ឧបសគ្គ​ក្នុងការបំបែក​ថ្ម​ធ្វើ​ទំនប់​ផងដែរ។

សូមបញ្ជាក់ថា​ទំនប់​វា​រី​អគ្គីសនី ដន​សា​ហុង​ដែលមាន​ថាមពល ២៦០ម៉េ​ហ្គា​វ៉ា​ត់ មាន​ទីតាំង​ប្រមាណ​ជា២គីឡូម៉ែត្រ ពី​ព្រុំ​ដែនកម្ពុជា-ឡាវ ក្នុង​ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ គឺជា​ទំនប់​មួយ​ក្នុងចំណោម​គម្រោង​ទំនប់​វា​រី​អគ្គីសនី​ទាំង១២ ដែល​គ្រោង​សាងសង់​នៅ​តួ​ទន្លេ​មេ​នៃ​ទន្លេ
មេគង្គ​ក្រោម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ