អានតួអត្ថបទ
កម្ពុជា

ស៊ីម៉ាក់​នៅ​តែ​ខ្វះខាត​ថវិកា​ខណៈ​ដែល​អាមេរិក​បង្កើន​ជំនួយ​ប្រតិ​បត្តិការ​នៅ​ខេត្ត​ជាប់​ព្រំដែន​វៀតណាម

មជ្ឈមណ្ឌល​កំចាត់​មីន កម្ពុជា​ស៊ីម៉ាក់​ត្រូវការ​ថវិកា​បន្ថែម​ទៀត​ដើម្បី​ធ្វើ​ការបោស​សំអាត​គ្រាប់​ម៉ីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​នៅ​សេស​សល់​កាលពី​សម័យ​សង្គ្រាម។ ជាមួយ​គ្នា​នេះ​​ប្រទេស​អាមេរិក ក៏​បាន​ចាប់​ផ្តើម​បង្កើន​ជំនួយ​របស់​ខ្លួន​ទៅ​លើ​មជ្ឈមណ្ឌល​បោស​សំអាត​ម៉ីន​របស់​ជាតិ​មួយ​នេះ ដើម្បី​ប្រតិបត្តិការ​លើ​តំបន់​ដែល​មាន​ការទំលាក់​គ្រាប់បែក​កាលពី​សង្គ្រាម​វៀតណាម។

អ្នកដោះមីន។
អ្នកដោះមីន។ © លាងដឺលុច
ផ្សាយពាណិជ្ជកម្ម

 

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​ម៉ី​ន​កម្ពុជា ស៊ីម៉ាក់ បានបង្ហាញ​ឲ្យ​ដឹងថា អង្គការ​ជាតិ​មួយ​នេះ​នៅតែ​ត្រូវការ​ជំនួយ​ថវិការ​បន្ថែមទៀត សម្រាប់​បោសសម្អាត​គ្រាប់​ម៉ី​ន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​ដែល​បន្សល់ទុក​កាលពី​សម័យ​សង្គ្រាម។

លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងប្រាប់​វិទ្យុ
បារាំង​អន្តរជាតិ RFI ថា នៅ​ឆ្នាំ២០១៤នេះ ស៊ីម៉ាក់​បានទទួល​ការស្នើសុំ​ឲ្យ​ជួយ​បោសសំអាត​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ ពី​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​មូលដ្ឋាន​នូវ​ផ្ទៃដី​ប្រមាណ​ជា ១៤២ គីឡូ​ម៉ែត្រ​ក្រឡា។ ក៏ប៉ុន្តែ ធនធាន​ដែល​ប្រមូលបាន​នាពេលនេះ​ដោយ​មិនទាន់​ដឹង​ពី​តួរ​លេខ​ថវិការ​ពិតប្រាកដ​នៅឡើយ ស៊ីម៉ាក់​អាច​ប្រតិបត្តិ​បាន​ប្រមាណ​ជា ៨០ គីឡូម៉ែត្រ​ក្រឡា។ ជាមួយគ្នានេះ​កំលាំង​ដោះ​ម៉ី​ន​កម្ពុជា​មានលទ្ធភាព​គ្រប់គ្រាន់ អាច​ប្រតិបត្តិការ​បាន​លើ​ផ្ទៃដី១១០គីឡូម៉ែត្រ​ក្រឡា ទាំង​ផ្ទៃដី​ចំការ​ម៉ី​ន និង​ផ្ទៃដី​ចំការ​គ្រាប់។

ដំណាលគ្នា​នេះដែរ ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នឹងត្រូវ​កើនឡើង​ច្រើនជាង​សព្វមួយដង សម្រាប់​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​ស៊ីម៉ាក់ នេះ​បើតាម លោក ហេង រតនា។ លោក​ថា ជំនួយនេះ​មាន​អត្ថប្រយោជន៍​ច្រើន និង​ផ្តល់​អត្ថិភាព​ទៅដល់​ការងារ​បោសសំអាត​គ្រាប់​មិនទាន់​ផ្ទុះដែល​បន្សល់ទុក​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ជំនាន់​សង្គ្រាម​រវាង អាមេរិក និង​វៀតណាម។

ជំនួយ​ដែល​កើនឡើង​រហូត​ជិត ៣លាន​ដុល្លារ​ក្នុង​មួយឆ្នាំ គឺ​សំដៅ​ទៅលើ​តំបន់​ដែល​រង​ការ
ទំលាក់​គ្រាប់បែក​ធ្ងន់ធ្ងរ​ពី​សហរដ្ឋអាមេរិក និង​ពង្រឹង​ការឆ្លើយតប​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ
ដែល​បានឃើញ​និង​រាយការណ៍​ពី​គ្រាប់​មិនទាន់​ផ្ទុះ ជាពិសេស​គ្រាប់​ទំលាក់​ពីលើ​យន្តហោះ
ចៀសវាង​មាន​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​បន្តទៀត។

តាម​ការ​ឲ្យ​ដឹង​ពី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ស៊ីម៉ាក់ គ្រាប់​ពី ២០ ទៅ ៣០ភាគរយ ដែល​ទំលាក់​ពីលើ​យន្តហោះ នៅ​ប្រទេស​កម្ពុជា វៀតណាម និង ឡាវ មិនបាន​ផ្ទុះ​ទេ។គ្រាប់​ទាំងនេះហើយ​ដែល​បន្ត​សម្លាប់​ប្រជាជន​កម្ពុជា​ជា​ហូរហែរ។ ដោយឡែក​គ្រាប់បែក​ដែលទំលាក់​ពីលើ​យន្តហោះ​អាមេរិក​ដែរ ហើយ​មិនទាន់​ផ្ទុះ​ទៅលើ​ប្រទេស​កម្ពុជា​ត្រូវគេ​ដឹងថា មាន២,៧លាន​តោន និង​គិត​ជា​ចំនួន​មាន​ប្រមាណ​ជា ១៩,៥លាន​គ្រាប់​ទាំង​តូច​ទាំង​ធំ។ ហើយ​គ្រាប់​ដែល​មិនទាន់​ផ្ទុះ​នោះ​ត្រូវគេ​ប៉ាន់ប្រមាណ​ថា​មាន​ប្រហែល ៥លាន​គ្រាប់ សុទ្ធសឹង​ជា​គ្រាប់បែក​ចង្កោម ភាគច្រើន​ស្ថិតនៅក្នុង​ខេត្ត​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម ដូចជា​កំពង់ចាម ស្វាយរៀង ព្រៃវែង រតនគីរី មណ្ឌល​គី​រី​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ