អានតួអត្ថបទ
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ

ច្បាប់​ការងារ៖ អំពី​ថិរវេលា​ការងារ​និង​ការ​ឈប់​សម្រាក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​យល់ដឹង​អំពី​ច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា នឹង​​ធ្វើ​ការ​ពន្យល់​​អំពី​​ច្បាប់ការងារ​កម្ពុជា ដោយ​ផ្តោត​ទៅលើថិរវេលា​ការងារ និង​ការ​ឈប់សម្រាក។

សេង ឌីណា
សេង ឌីណា ©RFI
ផ្សាយពាណិជ្ជកម្ម

តាមច្បាប់​នៅ​ប្រទេស​កម្ពុជា តើ​​និយោជក​អាច​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​សប្តាហ៍?

តាម​ច្បាប់ការងារ​ខ្មែរ (ច្បាប់ឆ្នាំ១៩៩៧)ថិរវេលា​ធ្វើការងារ​របស់​និយោជិត​ទាំងពីរ​ភេទ ទោះជា​ក្នុង​​គ្រឹះស្ថាន​ប្រភេទណា​ក៏ដោយ គឺ​មិន​ឲ្យ​លើស​ពី ៨ម៉ោង ក្នុងមួយថ្ងៃ ឬ​៤៨​ម៉ោង ក្នុង​មួយសប្តាហ៍។ដូច្នេះបើគិតជាធម្មតាគឺមួយថ្ងៃធ្វើការ៨ម៉ោងហើយមួយអាទិត្យធ្វើការ៦ថ្ងៃ។

សហគ្រាស​មានសេរីភាព​ ក្នុងការកំណត់​របៀបចែក​ពេលធ្វើការ តាម​ប្រភេទ​សកម្មភាព និង​របៀបរៀបចំ​ក្នុង​សហគ្រាស​នីមួយៗ កុំ​ឲ្យតែ​បំពាន​ថិរវេលា ដែល​កំណត់​ដោយ​ច្បាប់​​ខាងលើ។ ដូចជា ចាប់ផ្តើម​ចូលធ្វើការ​ ម៉ោង ៨ព្រឹក ចេញ​ម៉ោង ៥ល្ងាច ហើយ​ឲ្យ​បុគ្គលិក​ឈប់សម្រាក​បាយថ្ងៃ​ត្រង់ ១ម៉ោង សរុបទៅ ៨ម៉ោង ក្នុងមួយថ្ងៃ។

រាល់ការ​រៀបចំ​បែងចែក​ម៉ោង​ធ្វើការ​នេះ សហគ្រាស​ត្រូវ​លៃលក​យ៉ាងម៉េច​ឲ្យ​បុគ្គលិក​មាន​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍ យ៉ាងតិច ២៤ម៉ោង​ជាប់ៗ​គ្នា ពោលគឺ​មួយថ្ងៃ​ពេញ។ជាគោលការណ៍ ច្បាប់កំណត់​យក​ថ្ងៃ​អាទិត្យ ជា​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍។

ចុះប្រសិន​បើ​សហគ្រាស​ខ្លះ ដូចជា រោងចក្រ មន្ទីរពេទ្យ សណ្ឋាគារ ជាដើម ដែល​មានតម្រូវការ​ចាំបាច់​ឲ្យ​មាន​សកម្មភាព​​ជាប្រចាំ ២៤ម៉ោង ក្នុងមួយថ្ងៃ ៧​ថ្ងៃ ក្នុង​មួយសប្តាហ៍ តើ​ត្រូវ​ធ្វើ​យ៉ាងម៉េច?

 ក្នុង​ករណីនេះ សហគ្រាស​អាច​រៀបចំ​ជាវេន ដើម្បី​អាច​ដំណើរការ​ ២៤ម៉ោង លើ​២៤ម៉ោង។ សហគ្រាស​អាច​ចែក​ការងារ​​ជា ៣វេន ដោយ​​ ១វេន មាន ៨ម៉ោង។ ដូច្នេះ បុគ្គលិក​ ១វេនៗ ​ធ្វើការ​តែ ៨ម៉ោង​ទេ ក្នុងមួយថ្ងៃ។ ការ​បែងចែក​​វេននេះ ​ត្រូវធ្វើ​យ៉ាងម៉េច ឲ្យ​មាន​ថ្ងៃ​សម្រាក​ប្រចាំ​សប្តាហ៍ ទៅតាម​ច្បាប់កំណត់ គឺ​២៤ម៉ោង​ជាប់ៗ​គ្នា។

គ្រឹះស្ថានខ្លះ គេ​ចង់​ឲ្យ​បុគ្គលិក​ធ្វើការ​លើស​ពី ៨ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែ ឲ្យ​សម្រាក​ប្រចាំសប្តាហ៍​លើស​ពី ២៤ម៉ោង​ ដើម្បី​សង​ម៉ោងលើស​វិញ។ តើ​អាច​ធ្វើ​បាន​ដែរ​ឬទេ?

ត្រង់ចំណុចនេះ គឺ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច និង​ការងារ តាមរយៈ​ប្រកាស​​ ចុះថ្ងៃ​ទី១០ មិថុនា ២០០២ ស្តីពី​ការបែងចែក​ម៉ោងធ្វើការ​ក្នុង​សប្តាហ៍ ដើម្បី​ឲ្យ​ឈប់សម្រាក​បន្ថែម​នារសៀលថ្ងៃសៅរ៍។ ប្រកាស​នេះ​អនុញ្ញាត​ឲ្យ​សហគ្រាស​បង្កើន​ថិរវេលា​ធ្វើការ​របស់​កម្មករ លើស​ពី​៨ម៉ោង ក្នុងមួយថ្ងៃ ប៉ុន្តែ មិន​ត្រូវ​ឲ្យ​លើស​ពី ៩ម៉ោងទេ ហើយ​ត្រូវ​ឲ្យ​បុគ្គលិក​សម្រាក​រសៀលថ្ងៃសៅរ៍ បន្ថែម​ពី​លើ​ថ្ងៃ​អាទិត្យ ១ថ្ងៃពេញ ដែល​ជា​ថ្ងៃ​សម្រាក​ធម្មតា។

ក៏ប៉ុន្តែ ការ​បែងចែក​ម៉ោង​ធ្វើការបែបនេះ នយោជក​អាច​ធ្វើ​ទៅ​បាន គឺ​​ទាល់តែ​មាន​ការ​ឯកភាព​ពី​​​​សំណាក់​សហជីព​តំណាង​និយោជិត និង​ប្រតិភូ​បុគ្គលិក​ជាមុនសិន។ ប្រសិន​បើ​ក្នុង​សហគ្រាស​​​មិនមាន​សហជីព​ និង​ប្រតិភូ​បុគ្គលិក​ទេ គឺ​ត្រូវ​​ឲ្យ​មាន​ការ​ឯកភាព​ពី​និយោជិត យ៉ាងតិច​ពាក់កណ្តាល តាមរយៈ​ការ​បោះឆ្នោត​ជា​សម្ងាត់។

តើ​​និយោជក​អាច​តម្រូវ​ឲ្យ​បុគ្គលិក​ធ្វើការ​ថ្ងៃ​អាទិត្យ ដោយ​យក​ថ្ងៃ​ផ្សេង​ជា​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍​​បានដែរ​ឬទេ?

ច្បាប់ការងារ​ខ្មែរ​កំណត់​ឲ្យ​យក​ថ្ងៃអាទិត្យ​ជា​ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍ (មាត្រា ១៤៧)។ ការកំណត់​ផ្សេង​ក្រៅ​ពីនេះ គឺ​ទាល់តែ​មាន​ករណី​ចាំបាច់​ពិសេស ពោលគឺ បើ​សិន​ជា​ឲ្យ​បុគ្គលិក​សម្រាក​ទាំងអស់​ នៅថ្ងៃ​អាទិត្យ ត្រូវ​នាំ​ឲ្យខូច​ប្រយោជន៍​ដល់​សាធារណជន ឬ​ក៏​ធ្វើ​ឲ្យ​ខូច​ដល​ដំណើរការ​ជាធម្មតា​របស់​សហគ្រាស។

ក្នុងករណី​លើកលែងនេះ ច្បាប់ការងារ ត្រង់​មាត្រា ១៤៨ ចែងថា ថ្ងៃ​សម្រាក​ប្រចាំសប្តាហ៍​ត្រូវ​កំណត់​ដូចតទៅ៖

  • ឲ្យ​បុគ្គលិក​ទាំងអស់​ឈប់សម្រាក​នៅថ្ងៃ​ណាមួយ​ទៀត ក្រៅ​ពីថ្ងៃ​អាទិត្យ។
  • សម្រាក​ពីថ្ងៃ​ត្រង់ថ្ងៃ​អាទិត្យ រហូត​ដល់​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ។
  • សម្រាក​ផ្លាស់វេន​គ្នា​គ្រប់បុគ្គលិក​ទាំងអស់ គឺ​ចែកវេន​គ្នា​ធ្វើការ​ថ្ងៃ​អាទិត្យម្តងម្នាក់។

ការរៀបចំ​ថ្ងៃ​សម្រាក ក្រៅ​ពី​ថ្ងៃ​អាទិត្យ ទៅតាម​វិធី​ណាមួយ​ក៏ដោយ ក្នុង​ចំណោម​វិធី​ទាំងបី​ខាងលើ ចាំបាច់​ត្រូវ​សុំ​ការអនុញ្ញាត​ពី​ក្រសួង​​ការងារ​ជាមុនសិន លើក​លែង​តែ​​​ចំពោះ​សហគ្រាស​មួយចំនួន ដែល​ច្បាប់​ចែង​​អនុញ្ញាត​​​រួចជា​ស្រេច ក្នុង​មាត្រា ១៤៩ រួមមាន៖

  • គ្រឹះស្ថាន​ផលិតគ្រឿង​បរិភោគ​សម្រាប់​បរិភោគ​ភ្លាមៗ។
  • សណ្ឋាគារ ភោជនីយដ្ឋាន ភេសជ្ជដ្ឋាន។
  • ហាងលក់​ផ្កាធម្មជាតិ។
  • មន្ទីរពេទ្យ កន្លែង​សង្រ្គោះ​ក្មេងកំព្រា មនុស្សពិការ មនុស្ស​ចាស់ ជម្រក​សម្រាប់​អ្នក​ចូលនិវត្តន៍ និង​អ្នក​វិកលចរិត ឱសថស្ថាន និង​គេហដ្ឋាន​សុខភាព។
  • គ្រឹះស្ថាន​ងូតទឹក។
  • សហគ្រាស​សារព័ត៌មាន ឃោសនាការ និង​ទស្សនីយភាព សារមន្ទីរ និង​ពិព័រណ៍។
  • សហគ្រាស​យានជំនិះ​ឈ្នួល។
  • សហគ្រាស​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី ទឹក និង​ថាមពល​សម្រាប់​គ្រឿងចក្រ។
  • សហគ្រាស​ដឹកជញ្ជូន​តាមផ្លូវគោក លើក​លែងតែ​អយស្ម័យយាន។
  • រោង​ឧស្សាហកម្ម ដែល​មាន​ប្រើ​វត្ថុធាតុ​ដែល​ឆាប់ខូច។
  • រោង​ឧស្សាហកម្ម​ ដែល​​ការផ្អាក​​ការងារ​អាច​បណ្តាល​ឲ្យ​ខូចបង់ ឬ​បន្ថយ​គុណភាព​​ផលិតផល ដែល​កំពុង​ធ្វើ។
  • រោងឧស្សាហកម្ម​ ដែល​ប្រកប​ការងារ​ផ្តល់​សន្តិសុខ​ ផាសុកភាព ឬ​ប្រយោជន៍​សាធារណៈ។
  • .... (សូមមើល​មាត្រា ១៤៩​ នៃ​ច្បាប់​ការងារ)

តើ​​និយោជក​អាច​ឲ្យ​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង​ដែរឬទេ? បើ​បាន​ តើ​ត្រូវ​គិត​ប្រាក់​ឈ្នួល​យ៉ាង​ម៉េច?

ច្បាប់ការងារ​អនុញ្ញាត​ឲ្យ​​មាន​ការងារ​បន្ថែម​ម៉ោង​ ក៏ប៉ុន្តែ បាន​តែ​ក្នុងករណី​ដែល​មាន​កិច្ចការ​ប្រញាប់ និង​ពិសេស​ខុសធម្មតា​ប៉ុណ្ណោះ ពោល​គឺ សហគ្រាស​មិនអាច​​​ឲ្យ​បុគ្គលិក​ធ្វើការ​បន្ថែម​ម៉ោង ដើម្បី​បំពេញ​កិច្ចការ​អចិន្រ្តៃយ៍​ធម្មតា​បានទេ។

​ការធ្វើការ​បន្ថែម​ម៉ោង គឺ​ត្រូវ​ធ្វើ​ដោយ​ស្ម័គ្រ​ចិត្ត។ សហគ្រាស​មិន​អាច​បង្ខិតបង្ខំ​នយោជិត​កម្មករ​ឲ្យ​ធ្វើ​ការ​បន្ថែម​ម៉ោង​បានទេ។ បុគ្គលិក​ដែល​បដិសេធ​មិន​ធ្វើ​ការ​បន្ថែម​ម៉ោង មិនត្រូវ​ទទួល​ទណ្ឌកម្ម​​អ្វី​ទេ។

ច្បាប់ការងារ​ ត្រង់មាត្រា ១៣៩ កំណត់​ថា ម៉ោង​បន្ថែម​ត្រូវ​​ឲ្យ​ប្រើ​ឈ្នួល​តាមអត្រា​ដំឡើង ៥០%។ មានន័យថា បើ​ម៉ោង​ធម្មតា​ឲ្យ​ប្រាក់​ឈ្នួល ១ម៉ោង ២ពាន់​រៀល ម៉ោង​បន្ថែម ត្រូវ​ឲ្យ ៣ពាន់។ ​ប្រសិន​បើ​ការងារ​បន្ថែមម៉ោងនេះ ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ឈប់សម្រាក​ប្រចាំសប្តាហ៍ ឬ​ធ្វើ​នៅពេលយប់ គឺ​ប្រាក់​ឈ្នួល​ត្រូវ​គិត​លើ​សពី​ប្រាក់​ឈ្នួល​ធម្មតា មួយទ្វេ​ជាពីរ។

ក្រៅ​ពី​ការ​ឈប់សម្រាក​ប្រចាំសប្តាហ៍ និង​ថ្ងៃ​បុណ្យ​ជាតិ តើ​ក្នុងមួយ​ឆ្នាំ បុគ្គលិក​មាន​សិទ្ធិ​ឈប់​សម្រាក​ប៉ុន្មាន​ថ្ងៃ ដោយ​មាន​ប្រាក់ឈ្នួល?

ច្បាប់​កំណត់​ថា កម្មករ​និយោជិត​ទាំងអស់​មានសិទ្ធិ​ឈប់សម្រាក​​ យ៉ាងតិច ១៨​ថ្ងៃ​ ក្នុង​មួយ​ឆ្នាំ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួលធម្មតា។ អនុសញ្ញារួម​ក្នុង​សហគ្រាស ឬ​កិច្ចសន្យាការងារ​អាច​កំណត់​​ឲ្យ​មាន​ថ្ងៃ​សម្រាក​លើស​ពី ១៨ថ្ងៃបាន ប៉ុន្តែ មិន​ឲ្យ​តិច​ជាង ១៨​ថ្ងៃ​ក្នុងមួយឆ្នាំ​ទេ។

ចំនួន​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំនេះ ត្រូវ​បន្ថែម​ចំពោះ​បុគ្គលិក​ដែល​មាន​អតីតភាព​ក្នុង​សហគ្រាស​ គឺ ត្រូវ​បន្ថែម ១ថ្ងៃ​ទៀត ពេល​ធ្វើ​ការ​បាន​បីឆ្នាំ​ក្នុង​សហគ្រាស។

គួរ​បញ្ជាក់ថា ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ ១៨ថ្ងៃ​នេះ គឺ​រាប់​ជា​ថ្ងៃ​ធ្វើការធម្មតា។ ការឈប់​សម្រាក​ប្រចាំសប្តាហ៍ និង​ការ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ គឺ​មិនត្រូវ​រាប់​បញ្ចូល​​ជា​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ទេ។

តើ​​ត្រូវ​ធ្វើ​ការ​បាន​រយៈពេល​ប៉ុន្មាន ទើប​បុគ្គលិក​មានសិទ្ធិ​​សុំឈប់សម្រាក​ប្រចាំឆ្នាំ?

ទាល់តែ​ធ្វើ​ការ​បាន​គ្រប់​មួយ​ឆ្នាំ​ក្នុង​សហគ្រាស ទើប​​អាច​មាន​សិទ្ធិ​ឈប់សម្រាក​ប្រចាំ​ឆ្នាំ​បាន (មាត្រា ១៦៧)។

ក្នុង​ករណី ​មាន​ផ្តាច់ ឬ​ចប់កិច្ចសន្យា​​មុន​​ពេល ១ឆ្នាំ​នេះ សហគ្រាស​ត្រូវ​សងប្រាក់​បំណាច់​​ទៅ​ឲ្យ​​​បុគ្គលិក​​នោះ ដោយ​គិត​ជា​សមាមាត្រ​ទៅ​តាម​ពេលវេលា​​ដែល​គាត់​បាន​ធ្វើ​ការ​​ក្នុង​សហគ្រាស។

ក្នុងករណី​មាន​ធុរៈផ្ទាល់​ខ្លួន តើ​និយោជិត​កម្មករ​អាច​សុំឈប់សម្រាក​បានដែរ​ឬទេ? បើ​បាន តើ​ត្រូវ​រាប់​បញ្ចូល​ក្នុង​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែរ​ឬទេ?

ច្បាប់ការងារ ត្រង់មាត្រា ១៧១ អនុញ្ញាត​ឲ្យ​មាន​ការឈប់សម្រាក​ពិសេស ក្នុង​​ករណី​និយោជិត​​​មាន​ធុរៈ​ផ្ទាល់​ខ្លួន ឬ​ក្នុង​ឱកាស​មាន​ព្រឹត្តិការណ៍​ ដែល​ប៉ះពាល់​​ដល់​គ្រួសារ​របស់​កម្មករ​និយោជិត ដូចជា៖

  • ត្រូវ​​រៀបអាពាហ៍​ពិពាហ៍​ផ្ទាល់​ខ្លួន
  • ត្រូវ​រៀបអាពាហ៍ពិពាហ៍​កូន
  • ប្រពន្ធ​សម្រាលកូន
  • ប្តី ប្រពន្ធ កូន ឳពុក ឬ​ម្តាយ មាន​ជំងឺ ឬ​ទទួល​មរណភាព

ក្នុងករណី​មាន​ធុរៈបែបនេះ បុគ្គលិក​អាច​សុំ​ឈប់សម្រាក​បាន ដោយ​នៅ​ទទួល​បាន​ប្រាក់​ឈ្នួល​ជាធម្មតា។ ក៏ប៉ុន្តែ ការ​ឈប់សម្រាក​ពិសេស​បែបនេះ ក្នុង​មួយ​ឆ្នាំ​ មិន​ឲ្យ​មាន​លើស​ពី ៧ថ្ងៃ​ទេ។

ការឈប់សម្រាក​ពិសេស​នេះ អាច​យក​មក​កាត់កង​ជាមួយ​ថ្ងៃ​ឈប់សម្រាក​ប្រចាំឆ្នាំ​បាន ប្រសិន​បើ​​និយោជិត​មិនទាន់​អនុវត្ត​ការឈប់សម្រាក​ប្រចាំឆ្នាំ​របស់​គាត់​អស់ទេ មានន័យថា ​និយោជិត​មិនទាន់​ឈប់​សម្រាក​អស់​ទាំង ១៨​ថ្ងៃ ដែល​គាត់​មាន។ បើ​សិន​ជា​គាត់​បាន​អនុវត្ត​​អស់​​ហើយ នយោជក​មិន​អាច​ធ្វើ​ការ​កាត់កង​ថ្ងៃ​ឈប់សម្រាក​ពិសេស​នេះ ពីការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​បានទេ។

ចំពោះ​និយោជិត​ជា​ស្រ្តី ដែល​ត្រូវ​សម្រាល​កូន ​​គាត់​មាន​សិទ្ធិ​ឈប់​សម្រាក ៩០​ថ្ងៃ ដើម្បី​សម្រាល​កូន (មាត្រា ១៨២)។

បើ​សិន​ជា​គាត់​បាន​ធ្វើការ​ក្នុង​សហគ្រាស​រយៈពេល​​គ្រប់មួយ​ឆ្នាំ​ហើយ នៅ​ក្នុង​អំឡុង​ពេល​ ​ឈប់សម្រាក​ ដើម្បី​សម្រាល​កូន ៩០​ថ្ងៃ គាត់មាន​សិទ្ធិ​ទទួល​ប្រាក់​ឈ្នួល​ពាក់​កណ្តាល។

បើ​សិន​ធ្វើ​ការ​មិនទាន់​គ្រប់​ ១ឆ្នាំ​ទេ គាត់​មិន​មាន​សិទ្ធិ​ទទួល​ប្រាក់​ឈ្នួល​ពាក់​កណ្តាល​នេះ​ទេ ប៉ុន្តែ គាត់​​នៅតែ​អាច​ឈប់​ ៩០​ថ្ងៃ​បាន ដោយ​​នយោជក​មិនមាន​សិទ្ធិ​បញ្ឈប់គាត់​ពីការងារ​នោះទេ។ ក្រោយ​ពេល​ផុត​រយៈពេល​ឈប់សម្រាក ៩០​ថ្ងៃ គាត់​មាន​សិទ្ធិ​ត្រឡប់​​ចូល​មកធ្វើការវិញបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ