អានតួអត្ថបទ
កម្ពុជា

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ស្វែង​រក​អន្តរាគមន៍​ពី​ប្រទេស​មហា​អំណាច​

អង្គការ​-​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​​នឹង​​ស្វែង​រក​​អន្តរាគមន៍​​ពី​​ ប្រទេស​​មហា​អំណាច​​ទាំង​​ប្រាំ​​ដើម្បី​​ជម្រុញ​​ឲ្យ​​ប្រទេស​​វៀត​ណាម​​ ទទួល​ស្គាល់​​ ប្រវត្តិ​សាស្ត្រ​​ពិត​​នៃ​​ការ​បាត់​បង់​​ទឹក​ដី​​កម្ពុជា​​​ក្រោម​​ទៅ​​​ឲ្យ​​ប្រទេស​​វៀតណាម​​កាល​ពី​​ឆ្នាំ ​១៩៤​៩​។​ នេះ បើ​តាម​​លោក​ ថាច់ ​សេដ្ឋា​ ប្រធាន​​អង្គការ​-សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​ ដែល​​បាន​​ថ្លែង​​ឲ្យ​​ដឹង​​នៅក្នុង​​វេទិកា​សាធារណៈ​​ស្តី​ពី ​ទឹក​ដី​​កម្ពុជា​​ក្រោម​​នៅ​​ថ្ងៃ​អាទិត្យ​​ទី​០៦ ​កក្កដា ​នេះ​។ ​បាតុកម្ម​​នឹង​​ជា​​ជម្រើស​​ចុង​ក្រោយ​ បើ​​គ្មាន​​ការ​ឆ្លើយ​​ជា​​វិជ្ជមាន​​ណា​មួយ​​ពី​​រដ្ឋាភិបាល​​វៀត​ណាម​​ដល់​ប្រជាពលរដ្ឋ​​ខ្មែរ​​ទេ​នោះ​។​

អង្គការ​​-សមាគម​ខ្មែរ​កម្ពុជា​រៀប​ចំ​វេទិកា​សាធារណៈ​ស្តី​ពី ​ទឹក​ដី​កម្ពុជា ​នៅ​ថ្ងៃ ​ទី​ ០៦ ​កក្កដា ​ឆ្នាំ​ ២០១៤​។
អង្គការ​​-សមាគម​ខ្មែរ​កម្ពុជា​រៀប​ចំ​វេទិកា​សាធារណៈ​ស្តី​ពី ​ទឹក​ដី​កម្ពុជា ​នៅ​ថ្ងៃ ​ទី​ ០៦ ​កក្កដា ​ឆ្នាំ​ ២០១៤​។ RFI
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​មាន​គម្រោង​ដាក់​ឯកសារ​ប្រវត្តិសាស្ត្រ​ពិត​នានា អំពី​ទឹកដី​កម្ពុជា​ក្រោម ទៅកាន់​ស្ថានទូត​វៀតណាម​នោះ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ក៏បាន​សម្រេច​ដាក់​ឯកសារ​ទាំងនោះ​ទៅកាន់​បណ្តា​ស្ថានទូត​ប្រទេស​មហាអំណាច​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

លោក ថាច់ សេដ្ឋា ប្រធាន​អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​មានប្រសាសន៍ថា ក្រោយពី​ប្រមូល​ឯកសារ និង មតិយោបល់​បន្ថែម ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរហើយ​នោះ សមាគម​នឹង​បញ្ជូន​ឯកសារ​ទាំងនោះ ទៅកាន់​ស្ថានទូត​ប្រទេស​មហាអំណាច​ទាំង​ប្រាំ ប្រចាំ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ស្ថានទូត​ប្រទេស​បារាំង និង ចិន ដែល​បានដឹង​រឿងរ៉ាវ​ច្រើន​ពី​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ប្រទេស​វៀតណាម ។ ជាមួយគ្នានេះដែរ លោក ថាច់ សេដ្ឋា ក៏បាន​ស្នើ​ដល់​ប្រទេស​បារាំង និង ចិន ជួយផ្តល់​ឯកសារ​សំខាន់​បន្ថែម ពាក់ព័ន្ធ​នឹង​ទឹកដី​កម្ពុជា​ក្រោម​នេះ ដល់អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​យកទៅ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ដល់​រដ្ឋាភិបាល​វៀត​ណា​ម។

យ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា មិនបាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការដាក់​ឯកសារ​ទាំងនោះ​នៅឡើយ​ទេ ដោយ​រង់ចាំ​ប្រមូល​ឯកសារ​បន្ថែម​សិន។ ក៏ប៉ុន្តែ លោក បញ្ជាក់ថា ក្រោយ​ដាក់​ឯកសារ​ហើយ បើ​មិនមាន​ការឆ្លើយតប​បែបណា​ទេនោះ បាតុកម្ម​ទាមទារ​ឲ្យ​វៀតណាម​ទទួលស្គាល់​ប្រវត្តិសាស្ត្រ​ពិត និង សូមទោស​ជា​សាធារណៈ​រឿង​ទឹកដី​កម្ពុជា​ក្រោម នឹង​អាច​កើតឡើង​នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ។

សូមបញ្ជាក់ថា ដើមហេតុ​នៃ​ការតវ៉ា​ឲ្យ​វៀតណាម​ទទួលស្គាល់​ប្រ​វ​តិ្ត​សាស្ត្រ​ពិត​នៃ​បា​ត់​បង់​ទឹកដី​កម្ពុជា​ក្រោម​នេះ គឺ​ក្រោយពី​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា លោក ត្រឹង វ៉ាន់​ថុង បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ដើមខែ មិថុនា​កន្លងមក ថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹកដី​វៀតណាម​តាំងពី​យូរយារ​ណាស់​មកហើយ មិនមែន​បារាំង​កាត់​ឲ្យ​វៀ​ត​ណា​ម​នោះទេ។ អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ហៅ​ការលើកឡើង​នេះ​ថា ជាការ​បំភ្លៃ​បំផ្លើស​ប្រវត្តិសាស្ត្រ​ពិត និង មើលងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ