អានតួអត្ថបទ
កម្ពុជា

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ទុក​ពេល​កន្លះ​ខែ​ឲ្យ​ក្រសួង​ការ​បរទេស​ខ្មែរ​ឆ្លើយ​តប​ញត្តិ​របស់​ខ្លួន​

សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​ និង ​សម្ព័ន្ធ​​យុវជន​​ខ្មែរ ​កាល​ពី​​ថ្ងៃ ​សុក្រ ​ម្សិល​មិញ ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​​ដោយ​​ប្រកាស​​ផ្អាក​​ធ្វើ​បាតុកម្ម​​ជា​​បណ្តោះ​អា​សន្ន ​ដើម្បី​​រង់​ចាំ​​លទ្ធផល​​ការ​ធ្វើ​ការងារ​​របស់​​ក្រសួង​ការ​បរទេស​​កម្ពុ​ជា​​ជាមួយ​​រដ្ឋាភិបាល​​វៀតណាម​​រឿង​​ទឹក​ដី​​កម្ពុជា​​ក្រោម​។ ​ប៉ុន្តែ​​សហគមន៍​​ទាំង​ពីរ​​នេះ ​ព្រមាន​​ថា ​នឹង​ធ្វើ​​បាតុកម្ម​​ប្រឆាំង​​ស្ថាន​ទូត​​វៀត​ណាម​​នៅ​​កម្ពុជា​​ឡើង​វិញ ​ប្រសិន​បើ​​ក្រសួង​ការ​បរទេស​​កម្ពុ​ជា ​មិ​នមាន​​ការ​ឆ្លើយ​តប​​ចំពោះ​​ញត្តិ​​ស្នើ​សុំ​​របស់​ខ្លួន​​រហូត​ដល់​​ដំណាច់​​ខែ​សីហាទេ​នោះ​។​

ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​​​ខ្មែរ​កម្ពុជា​ក្រោម​ប្រឆាំង​ស្ថានទូត​វៀតណាម​នា​ពេល​កន្លង​មក​។
ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​​​ខ្មែរ​កម្ពុជា​ក្រោម​ប្រឆាំង​ស្ថានទូត​វៀតណាម​នា​ពេល​កន្លង​មក​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ក្រសួងការបរទេស​ក​ម្ពុ​ជា មាន​រយៈពេល​កន្លះ​ខែ រហូតដល់​ដំណាច់​ខែសីហា ខាងមុខនេះ ដើម្បី​ដោះស្រាយ​រឿង​ទឹកដី​កម្ពុជា​ជាមួយ​រដ្ឋាភិបាល​វៀតណាម​តាម​ស្នើសុំ​របស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង សម្ព័ន្ធ​យុវជន​ខ្មែរ ។ ហើយ​អំឡុង​ពេលនេះ សហគមន៍​ទាំងពីរ​នឹង​ផ្អាក​ការ​ធើ្វ​បាតុកម្ម​បណ្តោះអាសន្ន​មួយរយៈ​សិន ដើម្បី​រង់ចាំ​លទ្ធផល​ពី​ក្រសួងការបរទេស​កម្ពុ​ជា។

លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង ជា​តំណាង​គណៈកម្មការ​រៀប​ចំ​បាតុកម្ម​នាពេល​កន្លងមក បាន​មានប្រសាសន៍ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​សៅរ៍​នេះ​ថា សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្តធ្វើ​បាតុកម្ម​តទៅទៀត ប្រសិនបើ​ពុំមាន​ដំណោះស្រាយ​ជា​ផ្លូវការ​ទេនោះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១១ ១២ និង ១៣ ដើម​សប្តាហ៍​នេះ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ​បាតុកម្ម​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​សុំទោស​រឿង​ទឹកដី​កម្ពុជា​ក្រោម ដោយមាន​ការដាក់​នៅ​ញត្តិ​ស្វែងរក​អន្តរាគមន៍​នៅ​ក្រសួងការបរទេស​កម្ពុ​ជា និង បណ្តា​ស្ថានទូត​មួយចំនួន។ ក្នុង​បាតុកម្ម​នោះដែរ ក្រុមបាតុករ​បាន​ផ្ទុះ​កំហឹង​ដុត​ទង់ជាតិ​វៀតណាម។

កាលពី​ថ្ងៃ ១៣ សីហា ក្រសួងការបរទេស​វៀ​ត​ណា​ម​បាន​ចេញមុខ​ថ្កោលទោស​បាតុកម្ម​របស់​សហគម​ន៍​ខ្មែរ​កម្ពុជា​ក្រោម​នេះ ហើយ​បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​អ្នក​តវ៉ា​ទាំងនោះ។ ប្រឈមនឹងបញ្ហានេះ លោក ថាច់ សេដ្ឋា បាន​អះអាងថា ការប្រកាស​ផ្អាក​បាតុកម្ម​នេះ មិនមែន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ខ្លាច​ការគំរាមកំហែងរ​បស់​វៀតណាម​នោះទេ  តែ​ដើម្បី​ទុក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា និង វៀតណាម​ធ្វើ​ការងារ​ជាមួយគ្នា​រឿង​ទឹកដី​កម្ពុជា​ក្រោម​នេះ។

ជុំវិញ​ការធ្វើ​បាតុកម្ម​នេះដែរ កាលពី​រសៀល​ថ្ងៃ​សុក្រ ទី ១៥ សីហា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​ដំណើរ​ចុះ​ជួប​ជាមួយ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ជម្លោះដីធ្លី​មកពី​ខេត្តក្រចេះ ដែល​កំពុងស្នាក់នៅ​វត្ត​សាមគ្គី​រង្សី​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដើម្បី​ទាមទារ​ឲ្យ​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​សុំទោស​រឿង​ទឹកដី​កម្ពុជា​ក្រោម។ លោក សម រង្ស៊ី បានផ្តល់​គំនិត​ឲ្យ​មាន​ការធ្វើ​ញត្តិ​ដែល​ចុះហត្ថលេខា​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ បណ្តេញ​អ្នក​នាំ​ស្ថានទូត​វៀតណាម​ចេញពី​កម្ពុជា ប្រសិនបើ​មិន​សុំទោស​ចំពោះ​ការលើកឡើង​របស់ខ្លួន​ទេនោះ។

យ៉ាងណាក៏ដោយ មកដល់ពេលនេះ​ក្រសួងការបរទេស​កម្ពុ​ជា​នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់ មិនទាន់​ប​ញ្ជេ​ញ​ប្រតិកម្ម​អ្វី​បន្តិច​នៅឡើយ​ទេ ។ ចំណែក លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ក៏​នៅតែ​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ផងដែរ ដោយ​លោក មិន​ព្រម​ទទួល​ទូរស័ព្ទ​ទាល់តែសោះ។

ក៏​ប៉ុន្តែ ​លោក ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​​ក្រសួង​មហាផ្ទៃ ​បាន​​លើក​ឡើង​ថា ការ​ដុត​​ទង់​ជាតិ​​វៀត​ណាម​​ដោយ​​ក្រុម​បាតុករ​ វា​​ជា​​រឿង​​អសីលធម៌​ តែ​​មិន​​ចម្លែក​​ទេ ​ព្រោះ​​សកម្មភាព​​បែប​នេះ​​តែង​តែ​​​កើត​​មាន​ជា​ទូទៅ​នៅ​​ក្នុង​ប្រទេស​ផ្សេង​ៗ​លើ​ពិភពលោក​។​ លោក ​បន្ត​ថា ​សូម្បី​​តែ​ប្រជា​ពលរដ្ឋ​វៀតណាម​ខ្លួន​ឯង​​ក៏​​ធ្លាប់​​ដុត​​ទង់​​ជាតិ​ចិន​​ក្នុង​ពេល​ធ្វើ​បាតុកម្មប្រឆាំង​ចិន​នា​ពេល​​កន្លង​មក​​ផង​ដែរ​។ ​អ្នក​នាំ​ពាក្យ​រូប​នេះ ​បាន​​បន្ថែម​ថា ​ក្រសួង​មហា​ផ្ទៃ​​ទទួលយក​​​ការ​ស្នើ​សុំ​​របស់​​វៀតណាម​​​ ​ប៉ុន្តែ​​លោក​​បញ្ជាក់​ថា​​ បាតុកម្ម​​នា​ពេល​​កន្លង​មក ​គឺ​​ស្ថិត​នៅ​ក្រោម​​ការ​គ្រប់​គ្រង​​បាន​​របស់​​រដ្ឋាភិបាល​​ក​ម្ពុ​ជា​។ ​

ដោយ​ឡែក ​ចំពោះ​​ការ​លើក​ឡើង​​របស់​​អ្នក​នាំ​ពា​ក្យ​​ស្ថាន​ទូត​​វៀតណាម​​ប្រចាំ​​នៅ​​កម្ពុជា​​វិញ​​នោះ ​ត្រូវ​បាន​លោក ​ខៀវ ​សុភ័គ ​​ចាត់​ទុក​ថា ​ជា​​កំហុស​​បុគ្គល ​និង​​ស្នើ​​កុំ​​ឲ្យ​​មាន​ការ​​ពង្រីក​​បញ្ហា​​នេះ​​ឲ្យ​​កាន់​តែ​​ធំ​​ដែល​​អាច​​នាំ​​ឲ្យ​ប៉ះ​ពាល់​​ដល់​​ប្រយោជន៍​​ជាតិ​​ទាំង​មូល​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ