
រដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលបណ្តាប្រទេសជាមិត្តជាច្រើនឲ្យគាំទ្របេក្ខភាពរបស់ខ្លួនដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៣-២០១៤ខាងមុខ តែការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១២នេះ។ ក្នុងឆ្នាំ ២០១២នេះដែរ កម្ពុជាកំពុងធ្វើជាប្រធានប្តូរវេនអាស៊ានដែលជាតួនាទីថ្នាក់តំបន់ដ៏សំខាន់មួយ។ ទាំងនេះ បានបង្ហាញឲ្យឃើញពីមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងភ្នំពេញក្នុងការដណ្តើមតួនាទីសំខាន់ៗនៅលើឆាកអន្តរជាតិ។ តើអ្វីទៅជាកត្តាកំណត់ជោគជ័យរបស់កម្ពុជាដើម្បីធ្វើសមាហរ័ណកម្មចូលក្នុងឆាកអន្តរជាតិ?
ដើម្បីស្តារប្រទេសឡើងវិញពីវិនាសកម្មនៃរបបខ្មែរក្រហម រដ្ឋាភិបាលកម្ពុជាមានបេសកកម្មសំខាន់ពីរទន្ទឹមគ្នា។ បេសកកម្មទី១គឺ ការអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ និងបេសកកម្មទី២គឺ ការធ្វើសមាហរ័ណកម្មខ្លួនទៅក្នុងតំបន់ និងក្នុងឆាកអន្តរជាតិ។
បេសកកម្មទាំងពីរកំពុងទទួលបានលទ្ធផលផ្លែផ្កាជាបណ្តើរៗ។ ជាក់ស្តែង កម្ពុជាកំពុងអភិវឌ្ឍន៍គ្រប់វិស័យនិងនៅស្ទើរតែគ្រប់ទិសទី។ នៅលើឆាកអន្តរជាតិវិញ ឆ្នាំ២០១២នេះ កម្ពុជាកំពុងបំពេញតួនាទីជាប្រធានប្តូរវេនអាស៊ានដែលជាតួនាទីថ្នាក់តំបន់ដ៏សំខាន់មួយ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលក្រុងភ្នំពេញកំពុងខ្នះខ្នែងដើម្បីឈោងចាប់តួនាទីដ៏សំខាន់មួយទៀតនៅក្នុងកម្រិតពិភពលោក នោះគឺការដណ្តើមយកតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ២០១៣- ២០១៤ ខាងមុខដែលការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០១២នេះ។ ដូច្នេះ គេអាចនិយាយបានថា ឆ្នាំ២០១២ ពិតជាឆ្នាំមួយដ៏សំខាន់ណាស់សម្រាប់រដ្ឋាភិបាលកម្ពុជាក្នុងបេសកកម្មសមាហរ័ណកម្មខ្លួនទៅក្នុងឆាកអន្តរជាតិ។
តួនាទីជាប្រធានអាស៊ានកំពុងស្ថិតនៅក្នុងដៃរួចហើយ។ តួនាទីនេះតម្រូវឲ្យកម្ពុជារៀបចំកិច្ចប្រជុំធំៗជាច្រើន ជាពិសេសកិច្ចប្រជុំរវាងអាស៊ាននិងដៃគូនៅអំឡុងខែវិច្ឆិកាខាងមុខដែលនឹងមានវត្តមានប្រធានាធិបតីអាមេរិកាំង បារ៉ាក់ អូបាម៉ា ចូលរួមផងដែរ។
រូបភាពនេះ មានសារៈសំខាន់សម្រាប់បង្ហាញថា កម្ពុជាកំពុងភ្ជាប់ខ្លួនយ៉ាងល្អទៅនឹងសកលលោក។ ប៉ុន្តែ តួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិនៅមិនទាន់ច្បាស់លាស់នៅឡើយទេដរាបណាលទ្ធផលនៃការបោះឆ្នោតមិនទាន់បង្ហាញនៅឡើយនោះ។ ក្នុងដំណាក់កាលនេះ ការងារការទូតមានសារៈសំខាន់ជាសារវ័ន្ត។ ដើម្បីឲ្យការងារការទូតមានប្រសិទ្ធិភាព អ្នកការទូតទាំងឡាយត្រូវតែបង្ហាញសមត្ថភាពក្នុងការបញ្ចុះបញ្ចូលបណ្តាប្រទេសជាមិត្តឲ្យគាំទ្រ។ ប៉ុន្តែ អ្វីដែលគេមិនត្រូវភ្លេចដែរនោះគឺ ការកសាងរូបភាពល្អនៅក្នុងប្រទេសក៏ជាកត្តាសត្យានុម័តមួយទៀតសម្រាប់កំណត់ជោគជ័យរបស់កម្ពុជាដែរ។
នៅក្នុងបរិបទនេះ រដ្ឋាភិបាលកម្ពុជានៅមានកិច្ចការជាច្រើនណាស់ដែលត្រូវដោះស្រាយ មិនត្រូវភ្លេច។
មិនត្រូវភ្លេចដោយហេតុថា បញ្ហាផ្ទៃក្នុងមួយចំនួនបានជះឥទ្ធិពលអាក្រក់ខ្លាំងណាស់ដល់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនោះបញ្ហាដីធ្លីគឺជារឿងដ៏រសើបជាងគេមួយ ជាពិសេសការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានដោយបង្ខំគួរតែត្រូវបញ្ចប់ឲ្យបានជាដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយ ពីព្រោះបញ្ហានេះជាសត្រូវដ៏ធំធេងដែលបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីកសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។
ក្រៅពីនោះ ជម្លោះនយោបាយ កំហុសឆ្គងរបស់អាជ្ញាធរដែនដីទៅលើប្រជាពលរដ្ឋ និងទៅលើសកម្មភាពរបស់គណបក្សនយោបាយមួយចំនួនក៏ជារូបភាពអាក្រក់មួយដែរដែលគួរលុបបំបាត់ចោល។ នេះនៅមិនទាន់រាប់អំពើពុករលួយក្នុងប្រព័ន្ធតុលាការ និងកង្វះតម្លាភាពក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគទុន ជាដើមនោះផងទេ។ បញ្ហាទាំងនេះ រដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ដោះស្រាយឲ្យបានជាដាច់ខាតពីព្រោះថា ការបណ្តែតបណ្តោយឲ្យរឿងរ៉ាវទាំងនេះនៅបន្តកើតមានពិតជាអកុសលខ្លាំងណាស់សម្រាប់ប្រទេសកម្ពុជា។
សរុបមកវិញ កម្ពុជាកំពុងដើរនៅលើផ្លូវនៃការអភិវឌ្ឍន៍ និងការធ្វើសមាហរ័ណកម្មខ្លួនចូលក្នុងឆាកអន្តរជាតិដែលជាទិសដៅល្អមួយ។ ប៉ុន្តែ ការអភិវឌ្ឍន៍មិនអាចសម្រេចគោលដៅបានឡើយដរាបណានៅតែមានអ្នករងគ្រោះដោយគម្រោងអភិវឌ្ឍន៍។ រីឯសមាហរ័ណកម្មចូលក្នុងឆាកអន្តរជាតិក៏មិនអាចសម្រេចគោលដៅពិតប្រាកដដែរដរាបណាសមត្ថភាពការទូតនៅខ្សោយ ហើយបញ្ហាផ្ទៃក្នុងនៅតែជះរូបភាពមិនល្អចេញទៅខាងក្រៅមិនចេះចប់នោះ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati




អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ