អានតួអត្ថបទ
កម្ពុជា-អាមេរិក

មន្ត្រី​រដ្ឋាភិបាល​៖ ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​មិន​ធ្វើ​ឲ្យ​ទំនាក់​ទំនង​កម្ពុជា និង​អាមេរិក​ប្រែប្រួល​ទេ

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា លោក ផៃ ស៊ីផាន រំពឹងថា ទោះបីជា​សហរដ្ឋអាមេរិក មាន​ប្រធានាធិបតី​ថ្មី តាមរយៈ​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​៦​វិច្ឆិកា​នេះ ក៏​នយោបាយ​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក មកលើ​ប្រទេស​កម្ពុជា នឹង​មិន​ប្រែប្រួល​ទេ។ នោះ​គឺ​កម្ពុជា និង​អាមេរិក បាន​បង្កើន​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ក្នុង​រយៈពេល ៦០ ឆ្នាំ​មកហើយ។ ចំណែក​មេដឹកនាំ​គណបក្សប្រឆាំង លោក គង់ គាំ ក៏​បាន​យល់​ស្រប​តាម​ទស្សនៈ​របស់​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ខាងលើ។ មេដឹកនាំ​គណបក្សប្រឆាំង ចង់ឲ្យ​ប្រធានាធិបតី​អាមេរិក​ថ្មី នៅ​បន្ត​ជួយ​ដល់​កម្ពុជា​លើ​គ្រប់​វិស័យ ពិសេស​លើ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស ព្រម​ទាំង​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា ជាដើម។

លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ប្រមុខការទូតអាមេរិក និង​​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​
លោកស្រី​ ហ៊ីលឡារី គ្លីនតុន​ប្រមុខការទូតអាមេរិក និង​​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង​ ©
ផ្សាយពាណិជ្ជកម្ម

 

ឆ្លង​តាម​ពិសោធន៍ និង​ការតាមដាន​ជាប់​ជានិច្ច​នូវ​យុទ្ធនាការ​ឃោសនា​របស់​បេក្ខជន​ប្រជាធិបតី​អាមេរិក លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី របស់​រដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា នយោបាយ​ក្រៅប្រទេស​របស់​សហរដ្ឋ​អាមេរិក មិនសូវ​មាន​ការផ្លាស់ប្តូរ​ទេ ទោះជា​ជាប់​បេក្ខជន​ណាមួយ ចេញពី​គណបក្ស​សាធារណរដ្ឋ ឬ​ក៏​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ។

លោក ផៃ ស៊ីផាន ក៏​បាន​បន្ថែមថា "ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក នៅតែ​ដដែល ជា​ដៃគូ។ ដៃគូ​ក្នុង​ការអភិវឌ្ឍន៍។ ដៃគូ​ក្នុង​ការរក្សា​សន្តិភាព នៅក្នុង​តំបន់​អាស៊ាន​របស់​យើង ហើយក៏​ជា​ដៃគូ​មួយ ដែល​ជា​ដៃគូ​ប្រវត្តិសាស្ត្រ​សាជាថ្មី​ម្តងទៀត បន្ទាប់​ពី​ការបែកបាក់ និង​ការជូរជត់​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក។ ក៏​ប៉ុន្តែ​នៅពេល​នេះ សហរដ្ឋអាមេរិក នៅតែ​តម្កល់​ផលប្រយោជន៍​សហរដ្ឋអាមេរិក ជាមួយនឹង​កម្ពុជា ទាំង​ផ្នែក​លុបលាង​នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ឆ្គាំឆ្គង នៅ​ក្នុង​ទស្សវត្សរ៍ ៧០ ក៏ដូចជា​របត់​នយោបាយ​រវាង​សហរដ្ឋអាមេរិក ជាមួយនឹង​កម្ពុជា ដែល​តាមរយៈ​សម្តី​របស់​លោកជំទាវ ហ៊ីលឡារី គ្លីនតុន ដែល​លោក​មានប្រសាសន៍ថា សហរដ្ឋអាមេរិក រឹតតែ​ពង្រឹង​នូវ​ចំណង​មេត្រីភាព​ខ្លាំង​ជាង​មុន ហើយ​និង​ជួយ​សហការ​ជាមួយនឹង​កម្ពុជា​គ្រប់​វិស័យ​ទាំងអស់។

ដូច្នេះ​ផលប្រយោជន៍​របស់​សហរដ្ឋអាមេរិក មើល​មក​កម្ពុជា​ពេល​នេះ គឺ​ផលប្រយោជន៍​សេដ្ឋកិច្ច ក៏ដូចជា​ផល​ប្រយោជន៍​នយោបាយរ​បស់​សហរដ្ឋអាមេរិក មកលើ​កម្ពុជា ដែល​ធ្វើឲ្យ​កម្ពុជាមាន​តុល្យភាព​រវាងសហរដ្ឋ​អាមេរិក និង​ផលប្រយោជន៍​របស់​ប្រទេស​ចិន​នេះឯង។ ដូច្នេះ​ទោះជា​មាន​ការផ្លាស់ប្តូរ​ប្រធានាធិបតី​អាមេរិក ជា​បុគ្គល ឬក៏​ជា​គណបក្ស​យ៉ាងណាក៏ដោយ ក៏​ទិសដៅ​ជា​នយោបាយ​របស់​សហរដ្ឋអាមេរិក មកលើ​កម្ពុជា មិនមាន​អ្វី​ផ្លាស់ប្តូរទេ"។

លោក ផៃ ស៊ីផាន ដែល​មាន​សញ្ជាតិ​អាមេរិក ក៏​បាន​កត់សម្គាល់​ថា បេក្ខជន​ប្រធានាធិបតី​ទាំងពីរ បានបង្ហាញ​ជំហរ​យ៉ាង​ច្បាស់​លើ​បញ្ហា​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក ដែល​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន។ សហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​មហា​យក្ស​ទាំងពីរ ក៏​ផ្តល់​ផល​ប្រយោជន៍​ល្អ ដល់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​មាន​កម្ពុជា ជា​សមាជិក​ផង​ដែរ។

នយោបាយ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក មិន​ប្រែប្រួល ក៏​ត្រូវបាន​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី យល់ស្រប​ផងដែរ។ គិត​មកដល់ពេលនេះ សហរដ្ឋអាមេរិក និង​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​គ្នា​អស់​រយៈពេល ៦០ ឆ្នាំ​មកហើយ។

លោក គង់ គាំ ដែល​មិនសូវ​បាន​តាមដាន​ការបោះឆ្នោត​សហរដ្ឋអាមេរិក ឲ្យបាន​ដិត​ដល់​ប៉ុន្មាន​ទេនោះ បាន​សង្ឃឹមថា ប្រធានាធិបតី​អាមេរិក នឹង​នៅតែ​បន្ត​យកចិត្តទុកដាក់​លើ​កម្ពុជា ដែល​កំពុង​តែ​ស្ថិត​នៅលើ​ផ្លូវ​ស្មុគស្មាញ​នៅ​ឡើយ។ នោះ​គឺ​សហរដ្ឋអាមេរិក នឹង​ជួយ​ដល់​កម្ពុជា នូវ​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​ជួយ​កម្ពុជា បញ្ហា​សិទ្ធិមនុស្ស និង​ការបោះឆ្នោត ពិសេស​សហរដ្ឋអាមេរិក នឹង​ជួយ​ដល់​លោក សម រង្ស៊ី ឲ្យបាន​ចូលមក​កម្ពុជា ដើម្បី​ចូលរួម​ការបោះឆ្នោត នៅ​ឆ្នាំ​២០១៣។

សូម​រម្លឹកថា លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ( Barack Obama ) បេក្ខជន​មកពី​គណបក្ស​ប្រជាធិបតេយ្យ និង​លោក មីត រ៉ូមនី (Mitt Romney) ជា​បេក្ខជន​មកពី​គណបក្ស​សាធារណរដ្ឋ បាន​ឈរឈ្មោះ ប្រកួតប្រជែង ដើម្បី​បោះឆ្នោត​យក​តំណែង​ប្រធានាធិបតី​អាមេរិក ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃ​៦​វិច្ឆិកា ឆ្នាំ​២០១២ ម៉ោង​ពេល​នៅ​សហរដ្ឋអាមេរិក ដែល​ត្រូវ​នឹង​ថ្ងៃ​ទី​៧​វិច្ឆិកា ឆ្នាំ​២០១២ ម៉ោង​ពេល នៅក្នុង​ប្រទេស​កម្ពុជា។

សម្រាប់​ពលរដ្ឋ​សហរដ្ឋអាមេរិក​នៅ​កម្ពុជា ស្ថានទូត​សហរដ្ឋអាមេរិក បាន​រៀបចំ​ការិយាល័យ​បោះឆ្នោត​ចំនួន​បី​កន្លែង គឺ​នៅក្នុង​បរិវេណ​ស្ថានទូត នៅ​រាជធានី​ភ្នំពេញ នៅ​ក្រុង​ព្រះសីហនុ និង​នៅក្នុង​ខេត្តសៀមរាប។ ពលរដ្ឋ​អាមេរិកាំង ដែល​រស់នៅ​កម្ពុជា ត្រូវបាន​អញ្ជើញ​ឲ្យ​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះឆ្នោត ដោយ​ប្រើ​ទម្រង់​មិនផ្ទាល់។ ប្រជាពលរដ្ឋ​អាមេរិក សរុប​ចំនួន ៣២០ នាក់ បាន​ផ្ញើ​ទម្រង់​បោះឆ្នោត មិនផ្ទាល់ តាមរយៈ​អ៊ីមែល ទៅ​កាន់​សហរដ្ឋអាមេរិក តាមរយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា រួចរាល់​ហើយ ចាប់តាំងពី​សប្តាហ៍​មុន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ស្ថានទូត។

ជាមួយគ្នា​នោះ ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា នឹង​រៀបចំ​ពិធី​មើល​ការផ្សាយ​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​សហរដ្ឋអាមេរិក នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ ព្រឹក នៅ​ស្ថានទូត​សហរដ្ឋអាមេរិក ជិត​វត្តភ្នំ ក្នុង​រាជធានី​ភ្នំពេញ។​

សេចក្តីប្រកាស​ព័ត៌មាន របស់​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា ឲ្យដឹងថា ក្នុងពេល​ទស្សនា​ការផ្សាយ​បន្ត​ផ្ទាល់ នូវ​ការប្រកាស​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក លើ​ផ្ទាំង​បញ្ចាំង​ធំ ក្នុង​បរិវេណ​ស្ថានទូត នា​ព្រឹក​ថ្ងៃ​ពុធ​ស្អែក​នេះ លោក វីលាម ថដ្ត ( William E. Todd ) ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក នឹង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដល់​ភ្ញៀវ ដែល​ចូលរួម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ