អានតួអត្ថបទ
កម្ពុជា

ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ថៃ ​ជាង​៨ម៉ឺន​នាក់​បាន​ចុះ​បញ្ជី​ធ្វើ​ការ​ស្រប​ច្បាប់​

គិត​​មក​ដល់​​ថ្ងៃ ​ទី ​២០ ​កក្កដា ​ឆ្នាំ ​២០១៤ ​ពលករ​​ខ្មែរ​​ដែល​​កំពុង​ស្នាក់​នៅ ​និ​ង ​ធ្វើ​ការ​​ខុស​ច្បាប់​​នៅក្នុង​​ប្រទេស​​ថៃ​​ចំនួន​​ប្រមាណ ​៨១៩៥៨ ​នាក់​​ហើយ​ ​បាន​​ចុះ​បញ្ជី​​ដើម្បី​​ក្លាយ​ជា​​ពល​ករ​​ធ្វើ​ការ​​ស្រប​ច្បាប់​។ នេះ​​បើ​តាម ​លោក ​កុយ ​គួ​ង​ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​​កម្ពុ​ជា​ ដែល​​បាន​​បញ្ជាក់​ប្រាប់​​វិទ្យុ​​បារាំង​​អន្តរជាតិ​​នៅ​​ព្រឹក​​ថ្ងៃ ​ព្រហស្បតិ៍ ​ទី ​២៤ ​កក្កដា ​នេះ​។  

ពលករខ្មែររាប់រយនាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជួនមកទម្លាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាពេលកន្លងមក។
ពលករខ្មែររាប់រយនាក់ត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជួនមកទម្លាក់នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតនាពេលកន្លងមក។ RFI/Im Navin
ផ្សាយពាណិជ្ជកម្ម

ក្រោយ​បើក​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែមួយ​ជា​បន្តបន្ទាប់​ប្រមាណ​មួយខែ​មក ពលករ​ខ្មែរ​ខុសច្បាប់​នៅ​ថៃ​ជាង ៨ ម៉ឹ​ន​នាក់ បាន​សម្រុក​ចូលទៅ​ចុះបញ្ជី ដើម្បី​ក្លាយជា​ពលករ​ធ្វើការ​ស្របច្បាប់។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​អះអាងថា ទោះបី​ពលករ​ខ្មែរ​ទាំងនោះ បាន​ចុះបញ្ជី​ដើម្បី​ក្លាយជា​ពលករ​ស្របច្បាប់​ក៏ដោយ ប៉ុន្តែ​វាគ្រាន់តែ​ជា​ភាពស្របច្បាប់​បណ្តោះអាសន្ន​តែប៉ុណ្ណោះ។ បណ្តោះអាសន្ន ពីព្រោះ​ពូកគេ​មាន​ពេល​ពីរ​ខែ​ទៀត ដើម្បី​បំពេញ​តាម​បែបបទ​ក្លាយជា​ពលករ​ស្របច្បាប់​អចិ​ន្ត្រៃ​យ៍។  អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ពន្យល់ថា ក្នុង​រយៈពេល​បណ្តោះអាសន្ន​នេះ ពលករ​ដែលមាន​លិខិតឆ្លងដែន​ត្រូវបំពេញ​បែបបទ​សុំ​បណ្ណ​ធ្វើ​ការងារ​ស្របច្បាប់​អចិ​ន្ត្រៃ​យ៍ តាមរយៈ​ថៅកែ​របស់​ពួកគេ។

ដោយឡែក​ចំពោះ​ពលករ​ដែល​គ្មាន​លិខិតឆ្លងដែន​វិញ ក្រោយពី​ចុះបញ្ជី​ពួកគេ​ត្រូវ​មក​ធ្វើលិខិត​ឆ្លងដែន​នៅជាប់​ព្រំដែន​កម្ពុជា ដែល​រដ្ឋាភិបាល​បានរៀបចំ​ការិយាល័យ​ធ្វើលិខិត​ឆ្លងដែន​នៅ​ទីនោះ។ បន្ទាប់មក​ត្រូវបំពេញ​បែបបទ​សុំ​បណ្ណ​ធ្វើ​ស្របច្បាប់​អចិ​ន្ត្រៃ​យ៍​បន្តទៀត ទើប​អាច​ក្លាយជា​ពលករ​ធ្វើ​ស្របច្បាប់​ពេញលេញ។

បើតាម​លោក កុយ គួ​ង ការិយាល័យ​ច្រកចេញចូល​តែមួយ មាននៅ​ក្នុង​ទីក្រុង​បាងកក និង ខេត្ត​ថៃ​ចំនួន ៨ ផ្សេងទៀត ។ ហើយថ្មីៗនេះ ថៃ​បាន​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ​នេះ នៅក្នុង​ខេត្ត​ចំនួន​ជាង ១០ ថែមទៀតផងដែរ។

សូមបញ្ជាក់ថា កន្លងមក​ក្រសួងការបរទេស​កម្ពុ​ជា បានធ្វើ​កំណត់​ទូត​អម​ជាមួយ​ការស្នើសុំ​ទិដ្ឋាការការងារ​ស្របច្បាប់​ដល់​ពលករ​ខ្មែរ​បាន​ប្រមាណ ជាង ១ ម៉ឺន ៧ ពាន់​នាក់។ យ៉ាងណាក៏ដោយ លោក កុយ គួ​ង មិនបាន​បញ្ជាក់​ចំនួន​ពលករ​ដែល​បាន​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​នោះទេ។

ក៏ប៉ុន្តែ​ លោក គោ​ស៊ុម សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មកដល់ពេលនេះ ពលករ​ខ្មែរ​ប្រមាណ ២ ម៉ឺន​នាក់​ហើយ​បាន​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​តាម​ច្រកទ្វារ​ប៉ោ​យប៉ែត។ លោក គោ​ស៊ុម សារឿ​ត បានបញ្ជាក់​ផងដែរ​ថា ទោះបី​មាន​ពលករ​ខ្មែរ​ត្រឡប់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ​ក៏ដោយ ក៏ប៉ុន្តែ អាជ្ញាធរ​ថៃ​នៅតែ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ខុសច្បាប់​មក​កម្ពុជា​ជា​បន្តបន្ទាប់។ ​ពលករ​ខ្មែរ​ប្រមាណ ៣០០ នាក់​ក្នុងមួយថ្ងៃ ត្រូវបាន​ថៃ​បញ្ជូនមក​កម្ពុជា​វិញ​តាម​ច្រកទ្វារ​ប៉ោយប៉ែត។ នេះ​បើ​លោក គោ​ស៊ុម សារឿ​ត ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ