អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន​ សែន​ថា​នៅ​កម្ពុជា​មិន​អាច​ផ្ទេរ​​អំណាច​​ពី​ឪ​ទៅ​កូ​ន​បាន​នោះ​ទេ​

ក្រោយ​​មាន​​ការ​​សង្ស័យ​​ថា​ ​និង​កា​រ​ចុះ​​ផ្សាយ​​របស់​​កា​សែត​​ឌឹ​ណេ​ស៊ិន​​របស់​​ថៃ​​ថា​​ នឹង​​អាច​​មាន​​សន្ត​​តិ​វង្ស​​ផ្ទេរ​​អំណាច​​ពី​​ឪពុក​​មក​​កូន​​នៅ​​កម្ពុជា​​ ក្នុង​​ត្រកូល​​លោក​​នាយក​​រដ្ឋមន្ត្រី​​ហ៊ុន​​ សែន​​នោះ​​ ប្រមុខ​​រដ្ឋា​ភិបាល​​អាណត្តិ​​ទី៥​​រូប​នេះ​​បាន​​ច្រាន​​ចោល​​ នៅ​​ថ្ងៃ​​ទី​​ ៦​​ សីហា​​នេះ​​ថា​​ មិន​​អាច​​ទៅ​​រួច​​នោះ​​ទេ។​​​​ ព្រោះ​​ថា​​​កម្ពុជា​​​ការ​​ឡើង​​កាន់​​អំណាច​​នោះ​​ត្រូវ​​ធ្វើ​​តាម​​រយៈ​​ការ​​បោះ​ឆ្នោត​។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

“ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​មិនអាច​ផ្ទេរ​អំណាច​ពី​ឪពុក​ទៅ​កូន​តាម​ចិត្ត​ចង់​នោះ​ទេ”​។​ នេះ​ជា​ការ​បញ្ជាក់​ពី​លោក​នា​យក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ទៅ​កាន់​សា​ធារណៈជន​ និង​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ការ​ចុះ​ផ្សាយ​របស់​កាសែត​ឌឹ​ណេ​ស៊ិន​របស់​ថៃ​។​ ការ​សែត​ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី​គឺ​លោក​ ហ៊ុន​ ម៉ាណែត​ដែល​បច្ចុប្បន្ន​បម្រើ​ការងារ​ជា​ឧត្តម​សេនីយ៍​ឋានៈ​ផ្កាយ​បី​នៅ​ក្រសួង​ការពារជាតិ​នោះ​ គឺ​នឹង​ឡើង​ជំនួស​តំណែង​ជា​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​។ ការ​ថ្លែង​ទាត់​ចោល​ក្នុង​សំដី​ទន់ភ្លន់​យ៉ាង​ដូច​នេះ​ គឺ​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសឹទ​អន្តរជាតិ​លើក​ទី៥​ ស្ពី​ពីភាព​ជាអ្នក​ដឹកនាំ​បញ្ញវន្ត​ឆ្នើម​ ២០១៤​ ក្នុង​សណ្ឋាគារ​ស៊ូភីតែល​ ទីក្រុងភ្នំពេញ​។​

ថ្លែង​ទៅ​កាន់​យុវជន​ប្រមាណជាង​ ៦រយនាក់​មក​ពី​ប្រទេស​ចំនួន​៤៧​ លើ​សកលលោក​ លោក​​នាយក​រដ្ឋមន្ត្រី​បានលើកឡើងថា​ ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ លោក​ពិត​ជា​មាន​ការ​លំបាក​ណាស់​សម្រាប់​លោក​ នឹង​កូន​ផ្ទាល់​ដែល​មាន​សមត្ថភាព​ខ្ពស់ៗ​ប៉ុន្តែ​មិនអាច​បញ្ចូល​ទៅ​ជា​សមាជិក​រដ្ឋាភិបាល​បាន​នោះ​ទេ​​ ពី​ព្រោះ​ខ្លាច​ថា​នឹង​មាន​ការ​រិះគន់​ថា​ជា​បក្ស​ពួក​និយម​នោះ​។​ លោក​​នាយក​​រដ្ឋមន្ត្រី​​អះអាង​​ថា​​ បាន​​ត្រឹម​​តែ​​ឱ្យ​​កូន​​ធ្វើ​​ការងារ​​មនុស្ស​​ធម៌​​ជំនួស​​វិញ​ ​និង​​តែង​​តាំង​​កូន​​មន្ត្រី​​ជាន់​​ខ្ពស់​​គណបក្ស​​ប្រជាជន​​ចូលកាន់​​តំណែង​​ក្នុង​​រដ្ឋាភិបាល​​តែ​​ប៉ុណ្ណោះ​​។

ក្នុង​​​សុន្ទរក​ថា​រយៈ​ពេល​ជាង​១ម៉ោង​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ពី​ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ផ្នត់​គំនិត​រវាង​មនុស្ស​ចាស់​ និង​មនុស្ស​ក្មេង​ដោយ​អនុញ្ញាត​ឱ្យ​យុវជន​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​កាន់​តំណែង​ធំៗ​សំខាន់​ៗ​ក្នុង​រដ្ឋា​ភិបាល​ ដូច​ជា​តំណែង​រដ្ឋមន្ត្រី​ រដ្ឋលេខា​ធិការ​ និង​អនុរដ្ឋ​លេខា​ធិការ​ជាដើម​។​ ជា​ល្បាយ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា​ ដើម្បី​នាំទៅដល់​ការ​រីក​ចម្រើន​ក្នុង​សង្គម​កម្ពុជា​។

យ៉ាង​ណា​ក៏​ដោយ​អ្នក​វិភាគ​បញ្ហា​សង្គម​ លោក​បណ្ឌិត​ កែម ឡី​ បាន​លើក​ឡើង​ថា​ មន្ត្រី​ជាន់​ខ្ពស់​ភាគ​ច្រើន​នៅកម្ពុជា​គឺជាកូន​ចៅសែ​ស្រឡាយ​របស់​អ្នកធំ​ អ្នកមាន​អំណាច​។ ដូចនេះ​ លោក​ កែម​ ឡី​ បាន​ស្នើ​ឱ្យ​ទាំង​បក្សកាន់​អំណាច​ បក្ស​ប្រឆាំង​ និង​សង្គម​ស៊ី​វិល​ត្រូវ​តែ​ជ្រើស​រើស​មនុស្ស​មាន​សមត្ថភាព​ពិត​ប្រាកដ​ឱ្យ​កាន់​ធ្វើ​ការ​ងារ​បម្រើ​ប្រទេស​ជាតិ​។​ព្រោះ​ថា​ស្ថាប័ន​រដ្ឋ​របស់​ជាតិមិ​ន​មែន​ជា​កម្ម​សិទ្ធ​របស់​ជន​ណា​ម្នាក់​នោះ​ឡើយ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ