អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន គាំទ្រ​ការ​កោះ​ហៅ​រដ្ឋ​មន្ត្រី​ទៅ​សួរ​នាំនៅ​សភា

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​សម្តែង​ការ​គាំទ្រ​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​ទៅ​សួរនាំ​នៅក្នុង​រដ្ឋសភា​ពី​សំណាក់​គណៈកម្មការ​នានា​របស់​រដ្ឋសភា។ ​ប្រមុខ​រដ្ឋាភិបាល​ថែម ទាំង​បាន​ជំរុញ​ឲ្យ​មន្ត្រីក្រោមឱវាទ​ចូលខ្លួន​ទៅ​បំភ្លឺ​រដ្ឋសភា​ដោយ​មិន​ចាំ​បាច់​ឆ្លង​យោបល់​ពី​រូបលោក​ឡើយ។ ​ការ​លើក​ឡើង​ដូច្នេះ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ​២០១៤-២០១៨ ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មួយ​ថ្ងៃ​បន្ទាប់​ពី​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា បាន​សួរនាំ​និង ស្ដាប់​ការបំភ្លឺ​ពី​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជុំវិញ​កំណែ​ទម្រង់​របស់​ក្រសួង​កាល​ពី​ថ្ងៃទី ១៧ កញ្ញា ​ម្សិលមិញ ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​គាំទ្រ​ចំណាត់​ការ​របស់​រដ្ឋសភា។

លោក ហ៊ុន សែន ​៖ ​« ខ្ញុំ​ពិត​ជា​មាន​ការ​អបអរ​សារទរ​ជា​មួយ​នឹង​ការ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​ក្រប​ខណ្ឌ​សភា​ព្រោះ​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​គឺ​ដំណើរ​ការ​នៅ​ក្នុង​សភា​នោះ​ឯង។​គេ​អត់​និយាយ​នៅ​ក្រៅ​ តាម​ចិញ្ចើម​ថ្នល់​ឬ​ការ​និយាយ​ដើម្បី​ធើ្វ​ការ​ឃោសនា​ទេ​»​។​

លោក​នាយក​រដ្ឋមន្ត្រី​បាន​ហៅ​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​របស់​ខ្លួន​ទៅ​សួរ​នាំ ​និង​ បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា​នេះ​ថា ​ជា​ការ​រួម​គ្នា​ដោះស្រាយ​បញ្ហា​របស់​ប្រទេស​ជាតិ។ ​លោក​ក៏បាន​ក្រើន​រម្លឹក​ដល់​រដ្ឋមន្ត្រី​ក្រោម​ឪវាទ​ផង​ដែរ ​ថា ​ត្រូវ​តែ​ទៅ​ចូល​ឆ្លើយ​នៅ​ក្នុង​រដ្ឋសភា ​នៅ​ពេល​ដែល​គណៈកម្មការ​របស់​សភា ​ឬ ​រដ្ឋសភា​កោះហៅ​ទៅ​សួរនាំ ឫ​បំភ្លឺ​ពី​បញ្ហា​អ្វី​មួយ​នោះ។​ ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា រដ្ឋមន្ត្រី​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​រដ្ឋ​សភា ​និង ​នាយក​រដ្ឋមន្ត្រី​នោះ ​លោក ហ៊ុន ​សែន​ បាន​បញ្ជាក់​ថា ​ពេល​មាន​ការ​កោះ​ហៅ ​រដ្ឋមន្ត្រី​ទាំង​ឡាយ​មិន​ចាំ​បាច់​សួរ​យោបល់​ពី​នាយក​រដ្ឋមន្ត្រី​ថា​ត្រូវ​ទៅ​ឬ​មិន​ទៅ ​ឬក៏​ត្រូវសុំ​យោបល់​ថា​ត្រូវ​ឆ្លើយ​បែប​ណា​នោះ​ទេ​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​ចូល​ក្នុង​រដ្ឋសភា​ គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តើម​ប្រើ​ប្រាស់​យន្តការ​សភា ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ផ្សេង​។ ​ជាក់​ស្តែង​គណៈកម្មការ​មួយ​ចំនួន​ដែល​ដឹកនាំ​គណ បក្សប្រឆាំង​នេះ បាន​កោះ​ហៅ​រដ្ឋមន្ត្រី​របស់​រដ្ឋា​ភិ​បាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​មក​សាក​សួរ​ជា​បន្ត​បន្ទាប់​។ ​ថ្មីៗ​នេះ ​លោក ​កឹម ​សុខា ​អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ​និង ជា​អនុប្រធាន​ទី១ នៃ​រដ្ឋសភា​ បាន​ប្រកាស​ថា លោក​គ្រោង​ប្រើ​យន្តការ​សភា​បោះឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​ដែល​ពុក​រលួយ​។ ​ភា្លមៗ ​លោក ​កឹម សុខា ​បាន​រង​ការ​ព្រមាន​តប​ពី​លោក ហ៊ុន សែន ថា នឹង​បោះឆ្នោត​ទម្លាក់​លោក​ពី​អនុប្រធាន​ទី១ នៃ​រដ្ឋសភា​វិញ។ ​ក៏​ប៉ុន្តែ ​នៅ​ពេលនេះ ​លោក​នាយក​រដ្ឋមន្ត្រី​ បែរ​ជា​គាំទ្រ​ឲ្យ​មាន​ការ​កោះហៅ​រដ្ឋមន្ត្រី​ទៅ​សួរ​នាំ​នៅ​ក្នុង​រដ្ឋសភា ហើយ​ថែម​ទាំង​ចង់​មាន​ដំណើរ​ការ​បែប​នេះ ​កើត​មាន​បន្ត​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ