អានតួអត្ថបទ
កម្ពុជា

លោក​​ហ៊ុន​ សែន​៖ ​គ្មាន​​កិច្ច​ព្រម​ព្រៀង​​នយោបាយ ​គ្រប​​ដណ្តប់​​រឿង​​តុលាកា​រ​ទេ​

លោក​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន​ សែន ​នៅ​​ថ្ងៃ​ទី ​២០​វិច្ឆិកា​​នេះ​​បាន​​ថ្លែង​​ប​ក​ស្រាយ​​ពី​​ដែន​​អំណាច​​នៃ​​កិច្ច​ព្រម​ព្រៀង​​នយោបាយ​​កាលពី​​ថ្ងៃ​ទី​២២ ​កក្កដា ​និង​​ដែន​​អំណាច​​របស់​​តុលាការ​​ខណៈ​ដែល​​សកម្មជន​​បក្ស​​សង្គ្រោះ​​ជាតិ​​កំពុង​​ជាប់​ឃុំ​។ ​​លោក​​ថា​​កិច្ច​ព្រម​ព្រៀង​​បិទ​​បញ្ចប់​​ជម្លោះ​​នយោបា​យ​​ដែល​​បក្ស​​ទាំង​ពីរ​​ព្រម​ព្រៀង​គ្នា​​នោះ ​មិន​មែនជា​​កិច្ច​ព្រម​ព្រៀង​​បញ្ចប់​​រឿង​ក្តី​​របស់​​តុលាការ​​នោះ​ទេ​។​

លោក ហ៊ុន សែន ថ្លែងនាពេលកន្លងមក
លោក ហ៊ុន សែន ថ្លែងនាពេលកន្លងមក RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី២២ កក្កដា​កន្លងទៅ មិនមែនជា​កិច្ចព្រមព្រៀង​បញ្ចប់​នីតិ​វិធី​ព្រហ្មទណ្ឌ​របស់​តុលាការ​នោះទេ។ នេះ​ជាការ​គូសបញ្ជាក់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី២០វិច្ឆិកា​នេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស​និស្សិត​នៅ​វិទ្យាស្ថាន​អប់រំ។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែង​បញ្ជាក់ថា៖ «នៅលើ​ពិភពលោក​នេះ គ្មាន​កិច្ចព្រមព្រៀង​នយោបាយ​ណា គ្រប់​ដណ្តប់​ទៅលើ​ដំណើរការ​របស់​តុលាការ​រឿង​ព្រហ្មទណ្ឌ​ដែរ។ ជាពិសេស​ការចាប់ខ្លួន​នរណាម្នាក់​ព្រោះ​តុលាការ និង​នគរបាល​ធ្វើ​កោសល្យវិ​ច្ឆ័​យ​ទៅលើ​រូបភាព។ ហើយ​ខ្ញុំ​បាន​ប្រាប់​ឯកឧត្តម​សម រង្ស៊ី​ច្បាស់​ណាស់​នៅ​រដ្ឋសភា​ព្រោះ​គាត់​តែងតែ​ព្យាយាម​ជួប​ជាមួយ​ខ្ញុំ។ ខ្ញុំ​ថា ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​នោះទេ មានតែ​តម្រូវឱ្យ​ទៅតាម​ក្រិ​ត្យ​ក្រម​របស់​វា»។

ការគូសបញ្ជាក់​ជា​សាធារណៈ​បែបនេះ គឺ​នៅពេលដែល​តុលាការ​កម្ពុជា​បាននិងកំពុង​ដំណើរកា​រ​និតិ​វិធី​ព្រហ្មទណ្ឌ​លើ​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ លោកមា​ជ សុវណ្ណា​រ៉ា។ លោកមា​ជ សុវណ្ណារ៉ា​ដែល​កំពុង​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​សរ​ក្រោម​បទ​ចោទ​ព្រហ្មទណ្ឌ​ពាក់​ពន្ធ​នឹង​បាតុកម្ម​របស់​បក្សប្រឆាំង​កាលពី​ខែកក្កដា​កន្លងទៅ។

លោក​យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា ការ​ថ្លែង​របស់​លោកនាយ​រដ្ឋមន្ត្រី​នោះ​គឺជា​សិទ្ធិ ប៉ុន្តែ​ករណី​របស់លោក មា​ជ សុវណ្ណារ៉ា​នេះ គឺជា​រឿង​នយោបាយ​សុទ្ធសាធ។ ហើយ​ករណីនេះ​នឹងត្រូវ​តែ​ដោះស្រាយ​តាមផ្លូវ​នយោបាយ​តែមួយគត់។ បើតាម​លោក យឹម សុវណ្ណ​ដដែល ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​នឹង​បន្ត​ស្វែងរក​ការសម្របសម្រួល​នយោបាយ​ជាមួយ​គណបក្សកាន់អំណាច​ក្រោយ​ការវិលត្រឡប់​ពី​បរទេស​វិញ។

យ៉ាងណាក៏ដោយ អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជា​តិ​ស្តីពី​សិទ្ធមនុស្ស​ប្រចាំ​នៅ​កម្ពុជា លោក សុរិយា​ប្រាសាទ​ស៊ូ​ប៊ែ​ឌី ក៏បាន​ហៅ​ករណី​ចាប់ឃុំខ្លួន​លោកមា​ជ​សុវណ្ណ​រ៉ា​សកម្មជន​គណបក្សប្រឆាំង​នេះ ជា​រឿង​នយោបាយ ហើយ​ថា​តុលាកា​នៅ​កម្ពុជា​ជា​ឧបករណ៍​នៃ​កា​អនុវត្ត​របស់​គណបក្ស​កាន់អំណាច​ដែល​តែងតែ​កើតឡើងជារឿយ។ ប៉ុន្តែ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅតែ​អះអាងថា លោក និង​រដ្ឋាភិបាល​គ្មាន​សិទ្ធ​បញ្ជា​តុលាកា​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ