អានតួអត្ថបទ
កម្ពុជា

ប្រមុខ​​រដ្ឋា​ភិបាល​​កម្ពុជា​​ ផ្តើម​​បំពេញ​​ទស្សនកិច្ច​​ទៅ​​ក្រៅ​​ប្រទេស​​ ខណៈ​​វិបត្តិ​​នយោបាយ​​នៅ​​បន្ត​​ជាប់គាំង​​

លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ និង​​គណៈប្រតិភូ​​ជាន់​ខ្ពស់​​កម្ពុជា​​ជា​ច្រើន​រូប ​បាន​​ចាក​​ចេញ​​ពី​​ប្រទេស​​កម្ពុជា​​ហើយនៅ​​ព្រឹក​​ថ្ងៃ​អាទិត្យ​​នេះ ​ដើម្បី​​ផ្តើម​​ធ្វើ​ដំណើរ​​បំពេញ​​ទស្សនកិច្ច​​រយៈ​​ពេល​​ជិត​១​សប្តាហ៍​ ទៅ​កាន់​​សាធារណរដ្ឋ​​អា​ស៊ែ​​បៃ​ហ្ស​ង់​ និង​​សាធារណរដ្ឋ​បេឡា​រុស​។​ ដំណើរ​​​ទស្សន​កិច្ច​​​ទៅ​​ក្រៅ​ប្រទេស​​របស់​លោក​​នាយ​ក​​រដ្ឋ​មន្ត្រី​​នៅ​ពេល​នេះ ​បាន​ធ្វើ​​ឡើង​ចំ​​ពេល​ដែល​​ប្រមុខ​​បក្ស​ប្រឆាំង​​ទាំង​ពីរ​ ក៏​កំពុង​​បំពេញ​​ទស្សនកិច្ច​​ទៅ​​តំបន់​​អឺរ៉ុប​ និង​​សហ​រដ្ឋ​អាមេរិក​​ផងដែរ​។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន rfi/siv channa
ផ្សាយពាណិជ្ជកម្ម

អមដំណើរ​ទស្សនកិច្ច​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​សាធារណរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់ និង​សាធារណរដ្ឋ​បេឡា​រុស​កាលពី​ព្រឹក​មិញ រួមមាន រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​លោក សុខ​ អាន, រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក ស៊ុន ចាន់ថុល, លោក ជា ចាន់តូ អគ្គទេសា​ភិ​បាល​​ធនាគា​រ​ជាតិ​នៃ​កម្ពុជា, លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​និង​នេសាទ និង​រដ្ឋមន្ត្រី​ប្រតិភូ​អម នាយករដ្ឋមន្ត្រី​ចំនួន ៣ រូប​ទៀត រួមមាន លោក​សុខ​ចិន្តា សោភា,​ លោក​ ស្រ៊ី ថាមរុង្គ  លោក​កៅ គឹមហួន រួម​នឹង​សមាជិក​រាជរដ្ឋាភិបាល ​និង​អ្នកជំនួញ​ជាច្រើន​រូប​ទៀត។  

បើតាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ចំណាយ​រយៈពេល​បី​ថ្ងៃ​នៅ​សាធារណ​រដ្ឋ​​អា​ស៊ែ​បៃ​ហ្ស​ង់ ចាប់ពី​ថ្ងៃទី២១ដល់​ថ្ងៃទី២៣មេសា នឹង​បន្ទាប់មក លោកនាយក​រដ្ឋមន្ត្រី នឹង​ធ្វើ​ដំណើរ​ទៅកាន់​សាធារណរដ្ឋ​បេឡា​រុស ចាប់ពី​ថ្ងៃទី២៣ដល់​ថ្ងៃទី២៥ ខែមេសា។ នេះ​
បើតាម​ការបញ្ជាក់​ពី លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ដែល​បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

បើតាម​លោក ស្រ៊ី ថា​ម​រ៉ុង​ដដែល ក្នុងអំឡុងពេល​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​អាស៊ែ​បៃ​ហ្ស​ង់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​អតីត​ប្រធានាធិបតី និង​វិមាន វី​រ​បុរស​​ស៊ែ​បៃ​ហ្ស​ង់។ បន្ទាប់មក​ ក៏​មាន​ការ​​ចរចា​ទ្វេភាគី រវាង​នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគ​យល់​គ្នា ស្តីពី ការបង្កើត​កិច្ច​ពិគ្រោះ​ទ្វេភាគី រវាង​ក្រសួងការបរទេស​ទាំង​ពីរ​ផងដែរ។

បន្ត​មក​ លោកនាយករ​ដ្ឋ​មន្ត្រី នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានសភា ហើយ​នៅ​ថ្ងៃ​ទី​២២មេសា លោកនាយក​រដ្ឋមន្ត្រី នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ប្រធានាធិបតី នៃ​សាធារណរដ្ឋ​​អា​ស៊ែ​បៃ​ហ្ស​ង់ ហើយ​​​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហ៊ី​ដអាយឺ និង​ទស្សនា​ស្ថានីយ​​ផលិត​ប្រេង​ផងដែរ។

ដោយឡែក ​នៅ​ប្រទេស​បេឡា​រុស​វិញ តាម​គម្រោង លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ជា​សាក្សី​​នៃ​ការចុះហត្ថលេខា លើ​ឯកសារ​ចំនួន ៩ ទាក់ទង​នឹង​វិស័យ​សុខាភិបាល ឧស្សា​ហ​កម្ម  រ៉ែ និង​ថាមពល ពាណិជ្ជកម្ម  សេដ្ឋកិច្ច ការការពារ​វិនិយោគ  ការបង្កើត​ទំនាក់ទំនង​មិត្ត​ភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រុងភ្នំពេញ និង​ទីក្រុង​មិណ​ស្ក៍ វិស័យ​យោធា ធនាគារ និង កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ជាដើម។ ហើយ​នៅ​ថ្ងៃទី២៤ខែមេសា លោក​នា​យក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក អា​ឡិច​សាន់​ដ្រឺ​ឡូ កាស​សេន​កូ ប្រធានាធិបតី​បេឡា​រុស និង​ចូលជួប​ពិភាក្សា​ជាមួយ​លោក អា​ទូ លូ​រ៉ូ ប៊ី​ន​ណូ​វ ប្រធានសភា​នៃ​បេឡា​រុស​ផងដែរ។ ហើយ​នៅ​ថ្ងៃទី២៥ខែមេសា លោកនាយក​រដ្ឋមន្ត្រី នឹង​ដឹកនាំ​គណៈប្រតិភូ​ធ្វើ​មាតុភូមិ​និវត្តន៍​​មកកាន់​មាតុប្រទេស​វិញ ដែល​នឹង​មកដល់​នៅ​ម៉ោង​២​និង​៥០នាទី​​រសៀល ថ្ងៃទី២៦ខែ មេសា។

សូមបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ទៅ​ក្រៅប្រទេស របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅពេល​នេះ បានធ្វើ​ឡើង ជួន​ចំពេល​ដែល​ប្រមុខ​បក្សប្រឆាំង​ទាំងពីរ គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា ក៍​កំពុង​បំពេញ​ទស្ស​កិច្ច​នៅ​តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផងដែរ។ ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ព្រមៗគ្នា នៃ​មេដឹកនាំ​កំពូល​បក្ស​ជាប់ឆ្នោត​នៅក្នុង​រដ្ឋសភា​ទាំងពីរ ក៍បាន​ធ្វើ​ឡើង ខណៈ​ដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ជាង៩ខែ​មកនេះ នៅ​មិនទាន់​ដោះ​ស្រាយ​ចេញ​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ