អានតួអត្ថបទ
កម្ពុជា

លោក ​​ហ៊ុន​ ​ម៉ា​​នី​​ រក​​ជំ​​នួយ​​ផ្លូ​វ​​ច្បាប់​​ប្រ​​ឆាំង​​បុគ្គ​ល​​ដែល​​ធ្វើ​​ឲ្យ​​ខូច​​កេរ្តិ៍​​ឈ្មោះ​​លោក​​

មេ​ធា​វី​លោក​ ហ៊ុន​ ម៉ា​នី​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុ​លា​ការ​រាជ​ធា​នី​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ ដើ​ម្បី​ប្តឹង​បុគ្គល​មួយ​រូប​ដែល​មាន​មុខ​របប​នៅ​ក្នុង​វិ​ស័យ​ឯក​ជន​ ដើ​ម្បី​ឲ្យ​តុ​លា​ការ​ផ្តន្ទា​ទោស​បុគ្គល​រូប​នោះ​ពី​បទ​យក​ឈ្មោះ​លោក​ ហ៊ុន​ ម៉ា​នី​ ទៅ​ប្រើ​ប្រាស់​ និង​ប្រ​ព្រឹត្តិ​អំ​ពើ​ខុស​ច្បាប់​។ ​ការ​ដាក់​បណ្តឹង​ទៅ​កាន់​តុ​លា​ការ​នេះ​ បាន​ធ្វើ​ឡើង​ បន្ទាប់ពី​មាន​ជន​ល្មើស​ជា​បន្ត​បន្ទាប់​ត្រូវ​គេ​កត់​សម្គាល់​ថា​បាន​យក​ឈ្មោះ​អ្នក​ធំ​ទៅ​ប្រ​ព្រឹត្តិ​អំ​ពើ​ឆ​បោក​អ្នក​ដ​ទៃ​។​

លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា
លោក ហ៊ុន ម៉ានី បេក្ខជនតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា © Hun Many
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​ច្បាប់​ របស់​លោក​ ហ៊ុន​ ម៉ា​នី​ អ្នក​តំ​ណាង​រាស្ត្រ​វ័យ​ក្មេង​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​មណ្ឌល​កំ​ពង់​ស្ពឺ បាន​ថ្លែង​ប្រាប់​វិ​ទ្យុ​បា​រាំង​ RFI នៅ​ថ្ងៃ​ពុធ​នេះ​ថា ​ពួក​គេ​បាន​ដាក់​ពាក្យ​ប្តឹង​បុគ្គល​ម្នាក់​ពី​បទ​យក​ឈ្មោះ​លោក​ ហ៊ុន​ ម៉ា​នី​ ទៅ​ធ្វើ​ស​កម្ម​ភាព​បោក​ប្រាស់​អ្នក​ដទៃ​។

លោក​ លី​ ចន្ទ​តុ​លា ​មេ​ធា​វី​តំ​ណាង​ឲ្យ​លោក​ ហ៊ុន​ ម៉ា​នី​ កូន​ប្រុស​មួយ​រូប​របស់​លោក​នា​យក​រ​ដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា ​ពាក្យ​បណ្តឹង​ប្រ​ឆាំង​បុគ្គល​ម្នាក់​នោះ ​ដែល​ជា​ពា​ណិជ្ជ​ករ​ ត្រូវ​បាន​ដាក់​ទៅ​កាន់​ស្ថា​ប័ន​អយ្យ​ការ​តុ​លា​ការ​ក្រុង​ភ្នំ​ពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិល​មិញ ​ដោយ​អត្ត​សញ្ញា​ណ​ជន​សង្ស័យ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សា​ធា​រណៈ​នៅ​ឡើយ​ ដោយ​ហេតុ​ថា ​វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​នី​តិ​វិ​ធី​តុ​លា​កា​រ។

លោក​មេ​ធា​វី​មិន​បាន​បញ្ជាក់​ពី​បទ​ល្មើស​ច្បាស់​លាស់​នៅ​ឡើយ​ ក៏​ប៉ុ​ន្តែ​លោក​ពន្យល់​ថា​ បុគ្គល​ដែល​រង​បណ្តឹង​នោះ ​បាន​យក​ឈ្មោះ​លោក​ ហ៊ុន​ ម៉ា​នី ​ទៅ​បង្ហាញ​ប្រាប់​មន្ត្រី​គយ​កំ​ពង់​ផែ​ស្វ​យ័ត​ ខេត្ត​ព្រះ​សី​ហ​នុ​កាល​ពី​ដើម​ខែ​សី​ហា ​ឆ្នាំ​២០១៤​កន្លង​ទៅ​នេះ​ថា ​រថ​យន្ត​ដែល​ត្រូវ​យក​ចេញ​ពី​កំ​ពង់​ផែ​គឺ​ជា​រថ​យន្ត​របស់​លោក​ ហ៊ុន​ ម៉ា​នី​។
 
ផ្ទុយ​ទៅ​វិញ​ខាង​មន្ត្រី​គយ​ មាន​ការ​សង្ស័យ​ ហើយ​ក៏​មាន​ការ​បញ្ជាក់​ថា ​លោក​ ហ៊ុន​ ម៉ា​នី​ មិន​ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​កិច្ច​អន្ត​រា​គមន៍​ករណី​បែប​នេះ​ឡើយ ​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ​មេ​ធា​វី​ លី​ ចន្ទ​តុ​លា​។​លើស​ពី​នេះ​ក៏​មាន​ការ​បញ្ជាក់​តាម​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​បន្ថែម​ថា ​លោក​ ហ៊ុន​ ម៉ា​នី​ មិន​ដែល​បាន​អនុ​ញ្ញាត​ និង​មិន​ដែល​បាន​គាំ​ទ្រ​រាល់​ការ​ប្រើ​ប្រាស់​ឈ្មោះ​ និង​ឋា​នៈ​របស់​លោក​ ដើ​ម្បី​បំ​រើ​ឲ្យ​ស​កម្ម​ភាព​ខុស​ច្បាប់​ណា​មួយ​នោះ​ឡើយ​ ហើយ​សំ​ណូម​ពរ​ឲ្យ​អា​ជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ និង​តុ​លា​ការ​ចាត់​វិ​ធាន​ការណ៍​ផ្តន្ទា​ទោស​ជន​ល្មើស​ឲ្យ​បាន​ធ្ងន់​ធ្ងរ​ស្រប​តាម​ច្បាប់​ជា​ធរ​មាន​។
 
យោង​តាម​ក្រុម​អ្នក​ច្បាប់​លោក​ ហ៊ុន​ ម៉ា​នី​ ករ​ណី​ជន​ល្មើស​ឆ្លៀត​យក​ឈ្មោះ​លោក​ ហ៊ុន​ ម៉ា​នី​ទៅ​បំ​រើ​ការ​បោក​ប្រាស់​អ្នក​ដ​ទៃ​ ដើ​ម្បី​លាប​ស​កា​រៈ​ផ្ទាល់​ខ្លួន​ មិន​មែន​មាន​តែ​ម្តង​នេះ​ទេ​។​ជា​ការ​កត់​សម្គាល់​ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិ​បាល​មួយ​ចំ​នួន​ទៀត​ជា​រឿយ​ៗ​ក៏​ត្រូវ​បាន​ជន​ល្មើស​យក​ឈ្មោះ​ ទៅ​បន្លាច​អ្នក​ដ​ទៃ​ដែរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ