អានតួអត្ថបទ
កម្ពុជា

និស្សិត​​កម្ពុជា​២​រូប ​ត្រូវ​​បាន​​ឃាត់​​ខ្លួន ​​ពី​​បទ​​ចូល​​លុក​​លុយ​​ក្នុង​​គេហ​ទំព័រ​​ស្ថាប័ន​​ជាតិ​​សំខាន់​ៗ​

ក្រសួង​មហាផ្ទៃ បាន​ឃាត់ខ្លួន​និស្សិត​ឆ្នាំ​ទី ៣ នៃ​សកល​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ ចំនួន​២រូប ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​បណ្តាញ​បច្ចេក​វិទ្យា​ព័ត៌​មាន​របស់​ស្ថាប័ន​ជាតិ​សំខាន់​ៗ កាល​ពី​ថ្ងៃ​ទី ០៧ មេសា​កន្លង​ទៅ​នេះ​។ បច្ចុប្បន្ន ​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង ដើម្បី​ចាត់ការ​តាម​នីតិវិ​ធី​។

រូបភាពគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជា
រូបភាពគេហទំព័ររបស់ក្រសួងការបរទេសកម្ពុជា
ផ្សាយពាណិជ្ជកម្ម

និស្សិត​ឆ្នាំ ទី ៣ ចំនួន ២រូប នៃ​សាកល​វិទ្យា​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃទី១១ មេសា ឆ្នាំ ២០១៤កន្លងទៅនេះ ដោយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​បច្ចេក​វិទ្យា​ព័ត៌មាន នៃ​នាយក​ដ្ឋាន​សន្តិ​សុខ​ផ្ទៃ​ក្នុង អគ្គ​ស្នង​ការ​ដ្ឋាន​នគ​របាល​ជាតិ ក្រសួង​មហា​ផ្ទៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក គៀត ច័ន្ទ​ថា​រិ​ទ្ទ អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ នៅ​ថ្ងៃ​អង្គារ ទី ២២មេសា​នេះ។

អ្នកនាំពាក្យ​រូបនេះ បាន​បន្តថា អ្នក​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន ពីបទ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​​ទ្រង់ទ្រាយ​ធំ​ទៅលើ​បណ្តាញ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ស្ថាប័ន​ជាតិសំខាន់ៗ ដែលមាន​ដូចជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួង​ការបរទេស ក្រសួងការពារជាតិ​និង​សាលា​រាជធានី​ភ្នំពេញ ជាដើម។

និស្សិត​ទាំងពីរ​នាក់ ត្រូវបាន​គេ​ស្គាល់​ថា ជា​សមាជិក​នៃ​ក្រុម ហេ​គ​ឃឺ​អនាមិក​កម្ពុជា រឺ Anonymous Cambodia ដែល​តែងតែ​ធ្វើការ​វាយប្រហារ លើ​គេហទំព័រ​នៃ​ស្ថាប័ន​ជាតិសំខាន់ៗ ចាប់តាំងពី​មុន​ការបោះឆ្នោតជាតិ​ជ្រើសរើស​តំណាងរាស្ត្រ កាលពី​ខែកក្កដា ឆ្នាំ​២០១៣។ ការវាយប្រហារ​ទាំងអស់​នោះ​មានដូចជា ធ្វើ​ឲ្យ​គេហទំព័រ​រអាក់រអួល មិនអាច​ដំណើរការបាន ជ្រៀតចូល​បណ្តាញ​ព័ត៌មានវិទ្យា​ដោយ​ខុសច្បាប់ និង​លួច​ទិន្នន័យ​ជាតិ សំងាត់ៗ​ ពី​ប្រព័ន្ធ​ព័ត៌មាន និង​ការកែ​ទំព័រ​ដើម​នៃ​គេហទំព័រ ជាដើម។ 

សូមបញ្ជាក់ថា សមត្ថកិច្ច​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​ក្រសួងមហាផ្ទៃ បានធ្វើ​ការតាមដាន និង​សហការ​ស្រាវជ្រាវ​ជាមួយ​ស្ថាប័ន​FBI ប្រចាំ​កម្ពុជា​អស់​រយៈពេល​ប្រមាណ០៨ខែ ទើប​កំណត់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​ខាងលើ​បាន។ ទន្ទឹម​នោះ សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​​រកមុខ​សញ្ញា​ហេ​គ​ឃឺ​ជា​បក្សពួក​នៅ​សេសសល់ ដើម្បី​នាំខ្លួន​មក​ចាត់វិធានការ​តាម​ផ្លួ​វ​ច្បាប់​ជា​បន្តទៀត។ ហើយ​បច្ចុប្បន្ននេះ ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​ ដើម្បី​រង់ចាំ​ការសម្រេច​ពី​តុលាការ​ នៅពេលដែល​ជំនះ​ជម្រះក្តី​រួច។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ