អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល​ពន្យល់​តំណាង​ទូត​បរទេស​ ថា​បាតុកម្ម​ហិង្សា​ មិន​ពាក់​ព័ន្ធ​ដល់​កិច្ច​ចរចា​នយោបាយ​ឡើយ​

ស្រប​​ពេល​ដែល​​តុលាការ​​ចោទ​ប្រកាន់​​អ្នក​តំណាង​រាស្ត្រ​ និង​​សកម្មជន​​បក្ស​ប្រឆាំង​​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​​នៅ​​ពន្ធនាគារ​ រដ្ឋាភិបាល​​ក៏​បាន​​ជួប​ប្រជុំ​​ជាមួយ​​តំណាង​​ទូត​​បរទេស​​ប្រចាំ​​កម្ពុជា​​ផង​ដែរ​ ដើម្បី​​ពន្យល់​​អំពី​​ចំណាត់​ការ​​របស់​ខ្លួន​​ចំពោះ​​បញ្ហា​​នេះ​។ ​កិច្ច​ប្រជុំ ​បាន​​ប្រព្រឹត្ត​ទៅ​​នៅ​ឯ​​ក្រសួង​យុត្តិធម៌​​ដោយ​មាន​​រដ្ឋ​មន្ត្រី​ក្រសួង​​យុត្តិធម៌​ លោក​ អង្គ ​វង្ស​​វ​ឌ្ឍ​នា ​និង​​មន្ត្រី​​ក្រសួង​មហា​ផ្ទៃ​​ជា​ច្រើន​​នាក់​​ចូល​រួម​​ផង​។​

ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​
ការ​ប៉ះ​ទង្គិះ​គ្នា​រវាង​ពលរដ្ឋ​ និង ​សន្តិសុខ​កាល​ពី​ថ្ងៃ​ទី ​១៥ ​កក្កដា ​នៅ​ជិត​ទីលាន​ប្រជាធិប​តេយ្យ​។​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ បានចាប់ផ្តើម​នៅ​ម៉ោង ៤ រសៀល ថ្ងៃទី១៦កក្កដា​នេះ ដោយមាន​វត្តមាន លោក អង្គ​វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក ព្រំ សុខា និង លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រួមទាំង​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ជាច្រើនរូប​ផ្សេងទៀត។

ចំណែកឯ​តំណាង​ស្ថានទូត​បរទេស ប្រចាំ​កម្ពុជា ដែល​បាន​ចូលរួម​កិច្ចប្រជុំ នេះ​មានដូចជា តំណាង​ស្ថានទូត​អាមេរិក ទូត​បារាំង និង​តំណាង​ទូត​ប្រទេសសំខាន់ៗមួយចំនួនទៀត រួមទាំង​តំណាង​អង្គការសហប្រជាជាតិ និង​សហភាព​អឺ​រ៉ុប​ផងដែរ។

នេះ​ជា​កិច្ចប្រជុំ​បិទទ្វារ ដែល​ក្រុមអ្នកកាសែត មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ស្តាប់​នោះទេ លើកលែងតែ​ស្ថាប័ន​ទូរទស្សន៍​ដែល​ពាក់ព័ន្ធ ។ បន្ទាប់ពី​បិទ​បញ្ចប់​កិច្ចប្រជុំ ដែលមាន​រយៈពេល​ជាង​ពីរ​ម៉ោង លោក ​ព្រំ សុខា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា នេះ​គ្រាន់តែ​ជា​ការជួប​ពន្យល់ ដល់​ក្រុម​តំណាង​ស្ថានទូត​បរទេស ព្រោះថា​តំណាង​ស្ថានទូត​ទាំងនោះ មានការ​ព្រួយបារម្ភ និង​ថែមទាំង​បាន​លើក​ជា​សំណួរ​ថា តើ​ការប៉ះទង្គិច​គ្នា​ក្នុង​បាតុកម្ម​ទាមទារ «រំដោះ​ទីលាន​ប្រជាធិបតេយ្យ» អាច​ប៉ះពាល់ ដល់​កិច្ចចរចានយោបាយ រវាង​គណបក្ស​ទាំងពីរ ឬទេ?

លោក ព្រំ សុខា តំណាង​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែរនោះ បាន​ពន្យល់​ប្រាប់​តំណាង​ភាគី​អន្តរជាតិ​ថា អំពើហិង្សា រហូត​ឈានដល់​ការចាប់​ឃុំខ្លួន​អ្នកតំណាងរាស្ត្រ​ទាំង ៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​ម្នាក់​ផង​នោះ មិនបាន​ធ្វើ​ឲ្យ​កិច្ចចរចា​នយោបាយរ​វាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ត្រូវ​រាំងស្ទះ​នោះទេ។

ក្នុងនោះដែរ លោក​ព្រំ សុខា បាន​បដិសេធថា អំពើហិង្សា​ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ១៥កក្កដា មិនមែនជា​ការរៀបចំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងន័យ​បង្ខំ​ឲ្យ​មាន​កិច្ចព្រមព្រៀង​នយោបាយ​នោះទេ។

លោក ព្រំ សុខា បាន​បញ្ជាក់ថា គណបក្ស​ប្រជាជន នៅតែ​បើកទ្វារ​ចំហរ​ជានិច្ច​សម្រាប់​ការចរចា។ លោក​បញ្ជាក់ថា មានតែ​ការចរចា​ទេ ដែលជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ឈានទៅ​បញ្ចប់​បញ្ហា​ដោយ​សន្តិវិធី។ ទាក់ទង​នឹង​ការចាប់ខ្លួន​តំណាងរាស្ត្រ និង​សកម្មជន​បក្សប្រឆាំង​វិញ តំណាង​រដ្ឋាភិបាល បាន​ប្រាប់​តំណាង​ទូត​បរទេស​ថា វា​អាស្រ័យទៅលើ​ការសម្រេច​តាមផ្លូវ​ច្បាប់ ដោយ​តុលាការ។ ហើយក៏​នឹងមិន​មាន​ថ្នូរ​ណាមួយ ដើម្បី​ដោះដូរ​សម្រាប់​ការចរចា​នោះដែរ។

ស្របពេល​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ក៏​បានចេញ​សេចក្តីណែនាំ​មួយ នៅ​ថ្ងៃទី១៦កក្កដា​នេះ ដោយ​ស្នើ​ឲ្យ​អភិបាល​រាជធានី និង​ខេត្ត​ទូទាំងប្រទេស​ត្រូវ​ណែនាំ ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ឲ្យ​ស្រាវជ្រាវ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​សកម្មភាព​ញុះញង់ អុជអាល​បង្ក​អំពើហិង្សា​និង​ចលាចល​សង្គម។ លោក ស ខេង ក៏បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ណែនាំ​ប្រជាជន​ឲ្យ​ថែរក្សា​សន្តិភាព​ស្ថិរភាព​នយោបាយ សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋានរៀងៗខ្លួន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ