ប្រតិភូកម្ពុជាវិលត្រឡប់ពីជប៉ុនជាមួយជំនួយសន្ធឹកសន្ធាប់
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែលបានដឹកនាំគណៈប្រតិភូទៅចូលរួមប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានវិលត្រឡប់មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃអាទិត្យនេះ។ គណៈប្រតិភូបាននាំមកនូវជោគជ័យនិងការសន្យាផ្តល់ជំនួយសន្ធឹកសន្ធាប់ទាំងសម្រាប់កម្ពុជាផ្ទាល់ផង និងសម្រាប់ជួយអភិវឌ្ឍបណ្តាប្រទេសទន្លមេគង្គទាំង៥ផង។
បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៤រយៈពេល២ថ្ងៃនៅទីក្រុងតូក្យូលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូបានវិលត្រឡប់មកដល់កម្ពុជាវិញហើយនៅរសៀលថ្ងៃអាទិត្យនេះ។លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសបានប្រាប់អ្នកកាសែតនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា ក្នុងកិច្ចប្រជុំនោះ ប្រទេសជប៉ុនបានសម្រេចផ្តល់ជំនួយយ៉ាងច្រើនដើម្បីជួយអភិវឌ្ឍតំបន់មេគង្គ។
កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បានពិនិត្យឡើងវិញលើការរីកចម្រើននៃកិច្ច សហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្តាប្រទេសអនុតំបន់មេគង្គទាំង៥រួមមាន កម្ពុជា ឡាវ វៀតណាម ថៃ និងភូមា។ ជំនួបកំពូលនេះបានសម្រេចយុទ្ធសាស្ត្រ តូក្យូឆ្នាំ២០១២ សម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ នៅក្នុងយុទ្ធសាស្ត្រនេះ ប្រទេសជប៉ុនបានសម្រេចផ្តល់ជំនួយជាង ៧.៤ ពាន់លានដុល្លារសម្រាប់អភិវឌ្ឍធនធានក្នុងតំបន់អនុទន្លមេគង្គដែលមានប្រទេសទាំង៥ជាសមាជិក។
បើយោងតាមលោក ហោ ណាំហុង កិច្ចប្រជុំកំពូលនេះបានសម្រេចគោលដៅយុទ្ធសាស្ត្រដែលមានសសរទ្រូងសំខាន់៣គឺ ទី១ ការតភ្ជាប់រវាងបណ្តាប្រទេសក្នុងតំបន់មេគង្គ និងកាត់បន្ថយគម្លាតរវាងប្រទេសនីមួយៗ។ ទី២ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងទេសចរណ៍ក្នុងតំបន់នេះ និងទី៣ គឺកិច្ចសហការគ្នាដើម្បីកាត់បន្ថយគ្រោះធម្មជាតិ។ ការសាងសង់ទំបន់វារីអគ្គិសនីតាមដងទន្លេមេគង្គក៏ត្រូវមានការសិក្សាពីផលប៉ះពាល់ឲ្យបានច្បាស់លាស់ផងដែរ។ គម្រោងទាំងនេះបានទទួលការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលក្រុងតូក្យូ។
ស្តីពីទំនាក់ទំនងទ្វេភាគីវិញ កម្ពុជាក៏បានចុះហត្ថលេខាលើពិធីប្តូរសារ ស្តីពីការផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ជាង ១៨លានដុល្លារអាមេរិក ដែលជប៉ុនផ្តល់ឲ្យកម្ពុជា សម្រាប់យកទៅ អនុវត្តគម្រោងស្តារឡើងវិញ និង ការសម្រាលទុក្ខលំបាកដោយសារគ្រោះទឹកជំនន់។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិភូក៏បានចូលក្រាបបង្គំគាល់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ នៅក្នុងព្រះបរមរាជវាំង និងជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋ មន្ត្រីជប៉ុន លោក ណូដាផងដែរ។ ក្រៅពីនោះ ប្រមុខរដ្ឋាភិបាលកម្ពុ ជាក៏បានជួបពិភាក្សាជាមួយអ្នកជំនួញ និងប្រធានក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើនទៀតដែលកំពុងរកស៊ីនៅក្នុងប្រទេសកម្ពុជា៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati










អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ