អានតួអត្ថបទ
កម្ពុជា

ពិព័រណ៍​ម្ហូប​អាហារ​ខ្មែរ នៅ​ខេត្ត​សៀម​រាប ទទួល​បាន​ការ​ចាប់​អារម្មណ៍​​ច្រើន​ពី​ភ្ញៀវ​បរទេស

បន្ទាប់​ពី​បាន​បង្កើត​ កម្មវិធី​បង្ហាញ​ម្ហូប​អាហារខ្មែរលើកទី១ ប្រកប​ដោយ​ភាព​ជោគជ័យ​ នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ អង្គការ​ដើម្បី​ភាព​ញញឹមនៃកុមារ​ ដែល​ហៅ​ថា PSE បាន​រៀបចំ​កម្មវិធីនេះជាថ្មី នៅ​ក្នុង​ខេត្ត​សៀមរាប។ ជាការ​រៀបចំ​ លក្ខណៈ​សប្បុរស​ធម៌​ ដើម្បី​រៃអង្គាស​ប្រាក់​ ជួយ​ដល់​កុមារ​កំព្រា នៃ​អង្គការ​ PSE មួយ​នេះ។ កម្មវិធីនេះ មាន​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី ០៦ ដល់​០៧​ ធ្នូ នៅ​ភូមិវប្បធម៌​កម្ពុជា ក្នុង​ទីក្រុង​សៀមរាប ចាប់ពី​ម៉ោង ៥ល្ងាច រហូ​ត​ដល់​ពេល​យប់។

អ្នក​រៀន​ធ្វើ​ម្ហូប​ខ្មែរ
អ្នក​រៀន​ធ្វើ​ម្ហូប​ខ្មែរ ©ណាវិន/rfi
ផ្សាយពាណិជ្ជកម្ម

នេះគឺ​ជា​លើក​ទី២​ហើយ ដែល​អង្គការ​ភាព​ញញឹម​នៃកុមារ ឬហៅ​ថា PSE បាន​រៀបចំ​ការ​បង្ហាញ​មុខម្ហូប​ខ្មែរ។ ប៉ុន្តែ​វា​ជាលើក​ទី១ សម្រាប់​ការ​រៀបចំ​ នៅ​ក្នុង​ទីរួមខេត្ត​សៀមរាប។ ការ​រៀបចំ​ ត្រូវ​បានគេ​ធ្វើឡើង​ រយៈពេល​២ថ្ងៃ គឺ​​​ថ្ងៃទី៦ និង​ថ្ងៃទី៧ធ្នូ នៅ​ភូមិ​វប្បធម៌​អង្គរ​សៀមរាប។​ អ្នក​ទស្សនា​ខ្មែរ អាចចូលរួម​ទស្សនា ដោយ​សេរី ប៉ុន្តែសម្រាប់​ជន​បរទេស គឺ​ត្រូវ​ចំណាយ​វិភាគ​ទាន ៤ដុល្លារ​​​ម្នាក់ ក្នុង​ការ​ចូលទស្សនា។

លោក អ៊ុក ផល្លា នាយក​រងនៃ​អង្គការ PSE បាន​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​ថា ការ​រៀបចំ​កម្មវិធីនេះឡើង គឺ​ក្នុង​គោល​បំណងផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ក្នុង​ខេត្តសៀមរាប និង​ភ្ញៀវ​ទេសចរ​បរទេស​ ដែល​មក​ទស្សនា​ខេត្ត​ទេសចរណ៍​នេះ បាន​ស្គាល់ និង​ភ្លក់ រសជាតិម្ហូប​អាហារខ្មែរ។ កម្មវធីនេះ ក៏​ជា​សកម្មភាព​សប្បុរសធម៌មួយ ដើម្បី​រៃអង្គាស​ប្រាក់​ ជួយ​ដល់​កុមារ​កំព្រា និង​ក្រីក្រ ប្រមាណជា ៦៥០០នាក់ នៅ​ក្នុង​អង្គការភាព​ញញឹម​នៃកុមារ។

តាម​នាយករង​នៃ​កម្មវិធីនេះដដែល បាន​បន្ថែម​ថា មុខម្ហូបចំនួន​ ៤៦​ប្រភេទ ត្រូវ​បាន​គេ​ដាក់​តាំង​ និង​លក់ ដោយ​មាន​ការ​ចំអិន​ពី​ចុង​ភៅ​នៃ​សាលាសណ្ឋាគារ និង​ទេសចរណ៍​ មក​ពី​តាម​បណ្តាខេត្ត​ចំនួន ១៦ និង​ចុងភៅ​ចំអិន​អាហារ​ឲ្យ​កុមារ នៅ​ក្នុង​អង្គការ PSE។ ក្រៅ​ពី​ការ​បង្ហាញ​មុខម្ហូប ក៏​មាន​ផងដែរ នៅ​ការ​ប្រគុំតន្ត្រី ដែល​មាន​ការ​ចូលរួម​ស្ម័គ្រចិត្ត ពី​សិល្បករ​មួយ​ចំនួន ការ​សម្តែង​របាំប្រពៃណីខ្មែរ ការ​បង្ហាញម៉ូតសក់ និង​សម្លៀក​បំពាក់ ការ​បង្ហាញ​ក្បាច់គុន​ខម និង​ល្បុក្កតោ។ ជាពិសេស គេ​ក៏​បាន​តាំងវេទិកា​ សម្រាប់​ឲ្យ​សាធារណ​ជន រាំកម្សាន្ត​ ជាមួយ​នឹង​ចម្រៀង​ប្រពៃណីខ្មែរ និង​សម័យ​ផងដែរ។

សូមបញ្ជាក់​ថា កាលពីពេល​​រៀបចំ​ពិធីនេះ នៅ​ភ្នំពេញ អង្គការ PSE ទទួល​បាន​ទឹក​ប្រាក់ ៤ម៉ឺន​ដុល្លារ។ ដោយ​សារ​តែ​ទទួល​បាន​​ការ​គាំទ្រច្រើន អ្នក​រៀបចំ​កម្មវិធី​ក៏គ្រោងនឹង​បង្កើត​កម្មវិធីរបៀប​នេះ ជាប្រចាំឆ្នាំ ​នៅ​ថ្ងៃទី​២៩​ មិនា រៀបចំ​នៅ​ទីក្រុង​ភ្នំពេញ។ ហើយ​​ថ្ងៃទី ៦ និង​៧ ខែធ្នូ រាល់​ឆ្នាំ ធ្វើនៅ​ខេត្ត​សៀមរាប។

គួរជម្រាប​ថា​ អង្គការ​ភាព​ញញឹម​នៃ​កុមារ កំពុង​ផ្តល់​ជំនួយ ដល់​កុមារជាង ៦៥០០នាក់ ក្នុង​នោះ​​ប្រមាណ ៣០០០នាក់ នៅ​តាម​សាលារដ្ឋ, ១៥០០នាក់ នៅ​ក្នុង​កម្មវិធី​អប់រំ​ការពារ និង ១៥០០នាក់ទៀត​ នៅ​ក្នុង​កម្មវិធី​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ហើយ​អ្វី​ដែល​អង្គការ​នេះ​ខិតខំ ស្វែង​រក​ជំនួយ​សប្បុរសធម៌​​បន្ថែម គឺ​ដើម្បី​ផ្គត់​ផ្គង់ ដែល​ផ្តោត​សំខាន់​ដល់​ការ​សិក្សា​របស់​កុមារខ្វះ​ខាត​ទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ