អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​​អប់​រំ​​ក៏​ត្រូវ​​ធ្វើ​​នៅ​ក្នុង​​គ្រួសារ​​ខ្មែរ​​ដែរ​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​​កម្ពុជា​ប្រព័ន្ធ​​អប់រំ​​ជាតិ​​មាន​​គុណភាព​​ខ្សោយ​​បើ​​ធៀប​​នឹង​​បណ្តា​​ប្រទេស​​ក្នុង​​តំបន់​។ មាន​​កត្តា​​ជា​ច្រើន​​ដែល​​ធ្វើ​​ឲ្យ​​គុណភាព​​អប់រំ​​មាន​​កម្រិត​​ទាប​ក្នុង​ចំណោម​​នោះ​ឪពុក​ម្តាយ​​នៃ​​គ្រួសារ​​ខ្មែរ​​ជា​ច្រើន​​មិន​អាច​​បំពេញ​​តួនាទី​​ជា​​អ្នក​​ជួយ​​បង្រៀន​​កូន​​ឬ​​ធ្វើ​ជា​​គំរូ​​ដល់​​ការ​សិក្សា​របស់​​កូន​​នោះ​ឡើយ​។ ​បច្ចុប្បន្ន​ ក្រសួង​​អប់​រំ​​កំពុង​​ធ្វើ​កំណែ​ទ​ម្រង់​​គុណភាព​​អប់រំ​ ដូច្នេះ ​គ្រួសារ​​ខ្មែរ​​ក៏​​គួ​រ​ធ្វើ​កំណែ​ទម្រង់​​ទាក់​ទង​​នឹង​​ការ​សិក្សា​របស់​​កូន​​ដែរ​។ ​កំណែ​ទម្រង់​​នេះ​​ត្រូវ​​ផ្តើម​​ពី​​ការ​បណ្តុះ​«​វប្បធម៌​​រៀន​​និ​ង​​បង្រៀន​»​ឲ្យ​​បាន​​រឹង​មាំ​​នៅក្នុង​​គ្រួសារ​។​

ការ​បង្រៀន​កូន​នៅ​ផ្ទះ​ គឺ​ជា​អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវ​ធ្វើ​ បន្ទាប់​ពី​រៀន​នៅ​សាលា​
ការ​បង្រៀន​កូន​នៅ​ផ្ទះ​ គឺ​ជា​អ្វី​ដែល​ឪពុក​ម្តាយ​ត្រូវ​ធ្វើ​ បន្ទាប់​ពី​រៀន​នៅ​សាលា​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន ឪពុកម្តាយ ឬ​អាណាព្យាបាល​មាន​តួនាទី​សំខាន់​មួយទៀត​ដែល​ត្រូវបំពេញ នោះ​គឺ​ការជួយ​ផ្តល់​ចំណេះដឹង​ដល់​កូន​បន្ថែម​ពីលើ​អ្វីដែល​ពួកគេ​ទទួលបាន​ពីសា​លា។ ប៉ុន្តែ ជា​អកុសល គ្រួសារ​ខ្មែរ​ជាច្រើន​មិនទាន់​អាចបំពេញ​តួនាទី​នេះ​បាន​នៅឡើយ​ទេ។ មិនបាន​ដោយ​មេសារ​គ្រួសារ​ខ្លះ​មានចំណេះដឹង​តិចតួច​មិន​សមល្មម​នឹង​អាចជួយ​បង្រៀនកូន​បាន។

ឪពុកម្តាយ ឬ​អាណាព្យាបាល​ខ្លះទៀត​មិន​យកចិត្តទុកដាក់​ជួយ​បង្រៀន​កូន ឬ​ធ្វើជា​គំរូ​ដល់​កូន​ក្នុងការ​សិក្សា​ឡើយ។ តើ​មានគ្រួសារ​ខ្មែរ​ប៉ុន្មាន​ភាគរយ​ដែលមាន​សៀវភៅ​នៅក្នុង​ផ្ទះ និង​មាន​ទម្លាប់​អាន​សៀវភៅ​ជាប្រចាំ​ថ្ងៃ? ចម្លើយ​តប​ទៅនឹង​សំណួរ​នេះ​អាច​ពន្យល់បាន​អំពី​កង្វះ​វប្បធម៌​រៀន​និង​បង្រៀន​នៅក្នុង​សង្គម​គ្រួសារ​ខ្មែរ។ ភាពក្រីក្រ​ឬ​ការជាប់រវល់​ការងារ​ជា​រឿង​មួយ​ហើយ ប៉ុន្តែ ប្រសិនបើ​គេ​មាន​លុយ​ប្រហែលជា​មេ​គ្រួសារ​ជាច្រើន​គិតដល់​រឿង​ផ្សេងទៀត​ច្រើនជាង​សៀវភៅ​សម្រាប់​អាន​ខ្លួនឯង​ឬក៏​សម្រាប់​កូន។ ប្រសិនបើ​គេ​មាន​ពេល ប្រហែលជា​គេ​នាំ​កូន​អង្គុយ​មើល​រឿង​ភាគ ឬ​ការប្រគំ​តន្ត្រី​ក្នុង​ទូរទស្សន៍​ជាង​ការនាំ​កូន​ឲ្យ​រម្លឹក​មេរៀន​ឬ​ឲ្យ​អាន​សៀវភៅ។

ធ្ងន់ធ្ងរ​ជាង​នេះ គ្រួសារ​ជាច្រើន​ចូលចិត្ត​ប្រើប្រាស់​កម្លាំង​ពលកម្ម​កូន​ឲ្យ​ជួយ​ជំនួស​ដៃជើង ឬ​ជួយ​រកប្រាក់​ដោយ​សុខចិត្ត​ឲ្យ​ពួកគេ​ទុក​ការសិក្សា​មួយអន្លើ​សិន។ នៅពេលដែល​សាលារៀន​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់​ចំណេះដឹងរឹងមាំ​ដល់​សិស្ស រីឯ​គ្រួសារ​ខ្លះ​មិន​ត្រឹមតែ​មិនបាន​ជួយ​អ្វី​សោះ​ជា​ប្រយោជន៍​ដល់​ការសិក្សា​របស់​កូន តែ​បែរ​ជាប​ន្ទ​ច់​បង្អាក់​ការសិក្សា​របស់​ពួកគេ​ទៅវិញ​នោះ តើ​ឲ្យ​កុមារ​ខ្មែរ​ក្លាយជា​ទំពាំង​ស្នង​ឫស្សី​យ៉ាងដូច​ម្តេចទៅ?

ជាការ​ពិតណាស់ ការចិញ្ចឹម​បីបាច់​ថែរក្សា​កូន​ក្នុង​សម័យនេះ​មិនមែនជា​ការងាយស្រួល​ឡើយ។ មិន​ងាយស្រួល​ដោយហេតុថា បរិយាកាស​សង្គម​ក្នុង​យុគសម័យ​សម្ភារៈ​និយម​នេះ​មិនសូវ​អំណោយផល​ដល់​ការសិក្សា​របស់​ក្មេង​ឡើយ។ ថ្វីដ្បិតតែ​សាលារៀន​រីកដុះដាល​គ្រប់​ទីកន្លែង ប៉ុន្តែ បរិយាកាស​ភ្លើតភ្លើន​ហាក់​បាន​អន្ទង​ចិត្ត​របស់​កុមារ​និង​យុវវ័យ​ឲ្យ​ឃ្លាតឆ្ងាយ​ពី​ការសិក្សា។ ទូរទស្សន៍ ទូរស័ព្ទ​ទំនើប (Smart Phone) ឬក៏ Ipad បានធ្វើ​ឲ្យ​កុមារ​និង​យុវវ័យ​វក់វី​រាល់ថ្ងៃ​ជាមួយ​ល្បែង​ហ្គេម ហ្វេ​ស​ប៊ុ​ក រហូតដល់​រូបភាព​ស្រើបស្រាលផ្សេងៗទៀត។ វត្ថុ​ទាំងអស់នេះ​បាន​ចូលមក​ជំនួស​សៀវភៅ​ដែលជា​ទូទៅ​កូន​ខ្មែរ​មិនសូវ​ចូលចិត្ត​កាន់​ស្រាប់​ទៅហើយនោះ។

ក្នុងស្ថានភាព​បែបនេះ ទាមទារ​ឲ្យ​ឪពុកម្តាយ​ឬ​អាណាព្យាបាល​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ដ​ល់​ការសិក្សា​របស់​កូន​និង​តាមដាន​សកម្មភាព​ពួក​គេ​កាន់តែខ្លាំង​ជាង​មុន។ ប៉ុន្តែ កាលៈទេសៈ​បច្ចុប្បន្ន​ក៏​ជំរុញ​ឲ្យ​មេ​គ្រួសារ​ខ្មែរ​កាន់តែ​ជាប់រវល់​ជាមួយ​ការងារ​ខ្លាំង​ជាង​មុន​ដែរ។ មិន​ថា​អ្នកបម្រើ​ការងារ​នៅតាម​ស្ថាប័នរដ្ឋ ឯកជន ឬក៏​អ្នក​ប្រកប​អាជីវកម្ម​ផ្ទាល់ខ្លួន​នោះទេ ម្នាក់ៗមាន​ការងារ​មមាញឹក​ជាប់​ខ្លួន​ជាប្រចាំ​ដែល​មិនសូវមាន​ពេល​គិតគូរ​ដល់​កូន។ យ៉ាងណា​ក៏ដោយចុះ គ្រួសារ​ខ្មែរ​គួរតែ​រួមគ្នា​ជួយ​បណ្តុះ​ទម្លាប់​រៀន​និង​បង្រៀន​កូន​ឲ្យ​បាន​ខ្លាំង​ថែមទៀត​ទើប​អាច​តម្រង់ទិស​កុមារ​និង​យុវវ័យ​បាន។

ពិតណាស់ និយាយ​ពី​វិស័យ​អប់រំ​ជាតិ មាន​ចំណុច​គួរ​ឲ្យ​មោទនៈ​ប្រសិនបើ​គេ​ក្រឡេក​មើលទៅ​អតីតកាល​ក្រោយ​របប​ខ្មែរក្រហម។ ប៉ុន្តែ ប្រសិនបើ​គេ​ក្រឡេកមើល​ទៅមុខ​វិញ វិស័យ​អប់រំ​កម្ពុជា​នៅ​ឆ្ងាយ​ដាច់​ពី​គេឯង​យ៉ាងខ្លាំង​នៅឡើយ។ ដូច្នេះ ការបង្កើន​គុណភាព​ធនធានមនុស្ស​គឺ​ជា​បេសកកម្ម​ចាំបាច់​សម្រាប់​ប្រទេស​កម្ពុជា។ បេសកកម្ម​នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ក្នុងនោះ ការបណ្តុះ​វប្បធម៌​រៀន​និង​បង្រៀន​ឲ្យ​មាន​គ្រឹះ​រឹងមាំ​ក្នុងសង្គម​គ្រួសារ​ខ្មែរ​គឺជា​កិច្ច​ការមិនអាច​មើលរំលង​បាន។

ក្រសួង​អប់រំ​កំពុង​ចាប់ផ្តើម​ធ្វើកំណែទម្រង់ ដូច្នេះ គ្រួសារ​ខ្មែរ​ក៏​គួរតែ​ចាប់ផ្តើម​ធ្វើកំណែទម្រង់​ទាក់ទង​នឹង​ការសិក្សា​របស់​កូនចៅ​ដែរ។ កំណែទម្រង់​សម្រាប់​គ្រួសារ​ត្រូវ​ផ្តើម​ពី​ការគ្រប់គ្រង​និង​តាមដាន​ការសិក្សា​របស់​កូន​ឲ្យ​បាន​ខ្ជាប់​ខ្លួន ផ្តើម​ឲ្យ​តម្លៃ​ដល់​សៀវភៅ ផ្តើម​ជួយ​ទប់​កុំ​បណ្តោយ​កូន​ឲ្យ​លង់​នឹង​សម្ភារៈ​និយម​ខ្លាំងពេក។ ប្រសិនបើ​សាលារៀន គ្រួសារ និង​សង្គម​ទាំងមូល​អាចធ្វើ​ជា​គំរូ​ដល់​ការសិក្សា​របស់​កុមារ ពួកគេ​នឹង​ស្រឡាញ់​ការសិក្សា​ជាង​នេះ ហើយ​សង្គម​ខ្មែរ​នឹងមាន​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​ជាក់​ជាមិនខាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ