កម្ពុជាស្នើអោយបារាំងជួយអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យម
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានស្នើអោយប្រទេសបារាំងចាប់អារម្មណ៍ជួយពង្រីកវិស័យធុនតូចនិងមធ្យមនៅកម្ពុជា។ សំណើមួយនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបសវនាការរវាងប្រមុខរដ្ឋាភិបាលកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងលោក Christian CONNAN ដែលត្រូវចប់អណត្តិបេសកកម្មទូតនៅកម្ពុជា។ ក្រៅពីប្រធានបទនៃការពង្រឹងទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្ត្រីកម្ពុជាក៏បានស្នើដល់រដ្ឋាភិបាលបារាំងបញ្ចុះបញ្ចូលប្រទេសនិយាយភាសាបារាំងផ្សេងទៀតអោយជួយបោះឆ្នោតគាំទ្រកម្ពុជាអោយធ្វើជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រមុខរដ្ឋាភិបាលកម្ពុជាបានស្នើអោយរដ្ឋាភិបាលបារាំងជួយពង្រឹងវិស័យសហគ្រាសធុនតូច និងមធ្យម ជាពិសេសចាប់អារម្មណ៍វិនិយោគលើផលិតផលកែឆ្នៃរបស់កម្ពុជា។ សម្រាប់លោកនាយករដ្ឋមន្ត្រី កម្ពុជានៅសល់ស្រូវ ដំឡូង កៅស៊ូដែលបារាំងមានជំនាញខ្ពស់លើដំណាំទាំងនេះ។
លោកនាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងយ៉ាងដូច្នេះនៅក្នុងជំនួបជាមួយអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាលោក Christian CONNAN ដែលត្រូវបញ្ចប់អណត្តិបេសកកម្មការទូតនៅកម្ពុជា។ នៅក្នុងជំនួបនោះ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានប្រាប់លោកអគ្គរដ្ឋទូតដោយស្នើអោយរដ្ឋាភិបាលបារាំងយកចិត្តទុកដាក់លើការផ្តល់ឥណទានខ្នាតតូច និងមធ្យមដល់កសិករ ដើម្បីអភិវឌ្ឍន៍ដំណាំកៅស៊ូដែលនឹងលាតសន្ធឹងកាន់តែធំនៅកម្ពុជា។
លោកស្រ៊ី ថាមរុង្គរដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តីបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយជំនួបនោះថា លោកឯកអគ្គរដ្ឋទូតបារាំងក៏បានលើកឡើងអំពីការរីកចម្រើននៃសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យមួយចំនួនដូចជា ផលិតកម្ម វាយនភណ្ឌ ទេសចរណ៍ និងកសិកម្មជាដើម។
គួរបញ្ជាក់ថានៅក្នុងជំនួបជាមួយលោករដ្ឋមន្ត្រីការបរទេសកម្ពុជាកន្លងទៅថ្មីៗនេះ អគ្គរដ្ឋទូតបារាំងបានប្រាប់អោយដឹងថាក្រុមហ៊ុនអគ្គីសនីបារាំងមានបំណងសិក្សា និងវិនិយោគវិស័យថាមពលនៅកម្ពុជាលើសពីគម្រោងរថភ្លើងអគ្គីសនីដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ដែលក្រុមហ៊ុនបារាំងកំពុងសិក្សាជាមួយកម្ពុជាសព្វថ្ងៃ។
ងាកមកនិយាយអំពីជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងអគ្គរដ្ឋទូតបារាំងវិញ លោកនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើអោយរដ្ឋាភិបាលបារាំង តាមរយៈការនាំពាក្យរបស់លោកChristian CONNAN ជួយបញ្ចុះបញ្ចូលអោយប្រទេសសមាជិកហ្វ្រង់កូហ្វូនីដែលប្រទេសនិយាយភាសាបារាំងអោយជួយបោះឆ្នោតគាំទ្រកម្ពុជាជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

Delicious
Digg
Facebook
Twitter
Yahoo!
Technorati









អត្ថាធិប្បាយ
ប្រតិកម្មជុំវិញអត្ថបទនេះ