អានតួអត្ថបទ
កម្ពុជា

បក្ស​ប្រជាជន​ឆ្លើយ​តប​សំណើ​របស់​លោក​ សម ​រង្ស៊ី​នៅ​ថ្ងៃ​នេះ​

បន្ទាប់​ពី​​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​​ផ្ញើ​លិខិត​​ទៅ​​គណបក្ស​​ប្រជាជន​​កម្ពុជា​ តាម​រយៈ​​លោក ​ស ​ខេង ​កាល​ពី​​ម្សិល​មិញ​ ​នៅ​ថ្ងៃ​នេះ ​គណបក្ស​​ប្រជាជន​​កម្ពុជា ​បាន​​អះ​អាង​ថា​ គណ​បក្ស​​នឹង​​ឆ្លើយ​តប​​វិញ​​នៅ​​ថ្ងៃ​នេះ​​តែ​ម្តង​។​ ប៉ុន្តែ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បដិសេធ​​មិន​​ធ្វើ​​អត្ថា​ធិ​ប្បា​យ​​នោះ​ទេ​។​

លោក​ ជាម​ យៀប មន្ត្រី​កា​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា។
លោក​ ជាម​ យៀប មន្ត្រី​កា​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា។ RFI/ Leang Delux
ផ្សាយពាណិជ្ជកម្ម

ភ្លាមៗក្រោយ​ការផ្ញើលិខិត​សុំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នូវ​មាត្រាមួយ​ចំនួន​នោះ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាងថា ខ្លួន​នឹង​ឆ្លើយ​ទៅកាន់​គណបក្សប្រឆាំង​វិញនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តែម្តង។ មន្ត្រី​កា​រិ​យា​ល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បញ្ជាក់ថា បើទោះបី​មិនទាន់មាន​ការឆ្លើយតប​ប៉ុន្តែ​យ៉ាងយូរ​នៅ​ល្ងាច​នេះ គណបក្សកាន់អំណាច​នឹង​ឆ្លើយតប​វិញ។ ព្រោះថា​ការស្នើសុំ​របស់​ប្រធាន​គណបក្សប្រឆាំង នូវ​សេចក្តីព្រាងច្បាប់​រដ្ឋធម្មនុញ្ញ ស្តីពី វិសោធនកម្ម​មាត្រា ៧៦ និង​ការបង្កើត​ជំពូក​ថ្មី ទាក់ទង​នឹង​អង្គ​ការរៀបចំ​ការបោះឆ្នោត​នោះ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវការ​ពិនិត្យ​ពិ​ច័​យ។

ដោយឡែក ​លោក​ ព្រុំ សុខា​ វិញ បាន​លើកឡើងថា សំណើដែល​គណបក្ស​ស​ង្គ្រោះ​ជាតិ​ស្នើ​នេះ គឺជា​អ្វីដែល​គណបក្ស​របស់លោក បាននិងកំពុង​តែ​ធ្វើ​រួចរាល់​ហើយ។ លោក​បញ្ជាក់ថា មាត្រា ៧៦ និង​មាត្រា ១៥០ ១៥១ជាដើម​ក្តី គឺជា​កិច្ច​ការដែល​ត្រូវការ​ពេលវេលា​ច្រើន។

 
អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មិន​បានធ្វើ​អត្ថាធិប្បាយ​អ្វី​នោះទេ ព្រោះ​ត្រូវ​ទុកពេល​វេលា​ឲ្យ​ក្រុមការងារ​បក្ស​ទាំងពីរ​ធ្វើការ​ជាមួយគ្នា​ជាមុនសិន។

សូមបញ្ជាក់ថា ក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​គណៈ​អចិ​ន្ត្រៃយ៍​គណបក្ស​ប្រជាជន លោក សម រង្ស៊ី បានស្នើ​ឲ្យ​លោក ស ខេង​ពិនិត្យ​លើ​សេចក្តីព្រាង​ដែល​បាន​ផ្ញើជូន។ បើតាម​លិខិត​ដដែល​នោះ សមាជិក​ទាំង៥៥រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ នឹង​អាច​កំណត់​ថ្ងៃ​ចូល​ស្បថសច្ចា​ប្រណិធាន​ក្នុង​ព្រះបរមរាជវាំង បើ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលយក​នូវ​ខ្លឹមសារ​នៃ​សេចក្តីព្រាង​នេះ។

តាំងពី​ក្រោយ​ការបិទ​បញ្ចប់​ជម្លោះ​នយោបាយ​ដោយ​ការចរចា​ថ្នាក់​កំពូល​តាំងពី​ថ្ងៃទី២២ កក្កដា​មក គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់​កំណត់​ថ្ងៃ​ចូល​ស្បថ​កាន់តំណែង​នៅឡើយ​នោះទេ។  មិនទាន់​ចូល​ស្បថ​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​បន្ត​ទាមទារ​ឲ្យមាន​ការព្រមព្រៀង​ជាគោលការណ៍​រវាង​ក្រុមការងារ​កំណែទម្រង់​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ស្ថាប័នរដ្ឋ​ធម្មនុញ្ញ​ជាមុនសិន។ រហូតមកដល់​ពេលនេះ ក្រុមការងារ​ទាំងពីរ​គណបក្ស សម្រេចបាន​ជាគោលការណ៍​ចំនួន២រួចហើយ គឺ​គោលការណ៍​កំណែទម្រង់រ​ដ្ឋ​សភា និង កំណែទម្រង់​គ.ជ.ប។

គួរកត់សម្គាល់​ថា បើ​ទោះបី​ជាមាន​ការស្នើសុំ​ការព្រមព្រៀង​ជា​បន្ត​បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​នៅតែ​បន្ត​យុទ្ធសាស្ត្រ​ត្រជាក់​ថ្នម​ស្ថានការណ៍​ដដែល៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ