អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ចម្រុះ​មក​ពី​​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​សម្រេច​បាន​១៤​ចំណុច​ ព្រម​ព្រៀង​​ជួប​គ្នា​សប្ដាហ៍​ក្រោយ​​

ប្រធានបទ​សរុប​ចំនួន​១៤ ត្រូវ​បាន​គណៈកម្មការ​ចម្រុះ មក​ពី​គណបក្ស​ទាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា សម្រេច​បាន ​ក្នុង​កិច្ច​ប្រជុំ​​នៅ​ថ្ងៃ​ទី​១៧​មីនា​នេះ។ ប្រធានបទ​ទាំង​១៤​នោះ នឹង​ត្រូវ​ដាក់​ជា​ប្រធានបទ​ពិភាក្សា ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ និង​វេទិកា​សាធារណៈ។ ដោយ​ឡែក ​ថា​តើ​សិក្ខាសាលា​ថ្នាក់​ជាតិ និង​វេទិកា​សាធារណៈ នឹង​ត្រូវ​រៀប​ចំ​នៅ​ពេល​ណា ហើយ​ត្រូវ​រៀប​ចំ​យ៉ាង​ដូច​ម្ដេច គណៈកម្មការ​ចម្រុះ នឹង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី នៅ​ថ្ងៃ​ចន្ទ ទី២៤​មីនា ខាង​មុខ​ជា​បន្ត​ទៀត។

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ទាំង​ពីរ ថ្ងៃ​ទី​១៧​មីនា ឆ្នាំ​២០១៤
កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​នៃ​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា​ទាំង​ពីរ ថ្ងៃ​ទី​១៧​មីនា ឆ្នាំ​២០១៤ RFI/Im Rachna
ផ្សាយពាណិជ្ជកម្ម

ក្រោយ​កិច្ច​ប្រជុំ​៣​ម៉ោង​កន្លះ នៅ​ថ្ងៃ​ចន្ទ ទី​១៧​មីនា​នេះ គណៈកម្មការ​ចម្រុះ មក​ពី​គណបក្ស​ទាំង​ពីរ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ព្រម​ព្រៀង​គ្នា​លើ​ប្រធានបទ​ចំនួន​១៤​ចំណុច ក្នុង​ក្របខណ្ឌ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត។

ប្រធានបទ​សំខាន់​ៗ ក្នុង​ចំណោម​ប្រធាន​បទ​ទាំង​១៤ ដែល​គណៈកម្មការ​ចម្រុះ​សម្រេច​បាន រួម​មាន កំណែ​ទម្រង់​ស្ថាប័ន​រៀប​ចំ​ការ​បោះ​ឆ្នោត អព្យាក្រឹត្យភាព​និង​សុចរិតភាព នៃ​អង្គការ​សង្គម​ស៊ីវិល កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត ការ​រៀប​ចំ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​និង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត ជា​ដើម។ ប្រធានបទ​ទាំង​១៤នេះ នឹង​ត្រូវ​ដាក់​ជា​ប្រធានបទ​ពិភាក្សា ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ និង​វេទិកា​សាធារណៈ។

ដោយ​ឡែក ថា​តើ​សិក្ខាសាលា​ថ្នាក់​ជាតិ និង​វេទិកា​សាធារណៈ នឹង​ត្រូវ​រៀប​ចំ​នៅ​ពេល​ណា ហើយ​ត្រូវ​រៀប​ចំ​យ៉ាង​ដូច​ម្ដេច? គណៈកម្មការ​ចម្រុះ នឹង​ជួប​ពិភាក្សា​គ្នា​ជា​ថ្មី នៅព្រឹក​​ថ្ងៃ​ចន្ទ ទី​២៤​មីនា ខាង​មុខ​ជា​បន្ត​ទៀត។ កិច្ច​ប្រជុំនោះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​វិមាន​ព្រឹទ្ធសភា​ដដែល។

គួរ​ជម្រាប​ជូន​ថា កិច្ច​ប្រជុំ​នៃ​គណៈកម្មការ​ចម្រុះ នៃ​គណបក្សដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំង​ពីរ ចាប់​ផ្ដើម​នៅ​ម៉ោង​៩ ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧​មីនា។ សមាសភាព​ម្ខាង​ៗ មាន​ចំនួន​៦​រូប។ ដូច​ទៅ​នឹង​ការ​ប្រជុំ​លើក​មុន​ដែរ សមាសភាព​គណបក្ស​ប្រជាជន​កម្ពុជា ​រួម​មាន​លោកប៊ិន ឈិន លោក​ជាម យៀប លោក​ប៉ែន បញ្ញា លោក​ឈាន វុន លោក​ស៊ិក ប៊ុនហុក និង​លោក​ស្រី​គ្រួច សំអាន​។

ដោយ​ឡែក សមាសភាព​មក​ពី​គណបក្ស​សង្គ្រោះជាតិ រួម​មាន​លោក​សុន ឆៃ លោក​គួយ ប៊ុនរឿន លោក​យឹម សុវណ្ណ លោក​ម៉ៅ មុនីវណ្ណ លោក​អ៊ូ ច័ន្ទឫទ្ធិ និង​លោក​ស្រី​មួរ សុខហួរ​។ លោក​អ៊ូ ច័ន្ទឫទ្ធិ និង​លោក​ស្រី​មួរ សុខហួរ ត្រូវ​បាន​ដាក់​មក​ជំនួស​លោក​អេង ឆៃអ៊ាង និង​លោក​យ៉ែម បុញ្ញាឫទ្ធិ​។ មិន​មាន​ការ​បញ្ជាក់​ណា​មួយ ​ពីហេតុ​ផល​នៃ​​ការ​ផ្លាស់​ប្ដូរ​សមាសភាព របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ នា​ថ្ងៃ​នេះ​ទេ​។
 

កិច្ច​ប្រជុំ​លើក​នេះ គឺ​ជា​កិច្ច​ប្រជុំ​លើក​ទី​៣​ហើយ នៃ​គណៈកម្មការ​ចម្រុះ មក​ពី​​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ កាល​ពី​ថ្ងៃ​ចន្ទ ទី​១០​មីនា ក្រុមការងារ​នៃ​គណបក្ស​ទាំង​ពីរ បាន​ជួប​គ្នា​​ម្ដង​ហើយ​។ ប៉ុន្តែ​ជំនួប​នោះ មិន​បាន​សម្រេច​លទ្ធផល​អ្វី​ជា​ដុំ​កំភួន​ទេ។ គណបក្ស​សង្គ្រោះជាតិ កាល​ណោះ លើក​ឡើង​ពី​តម្លាភាព​របស់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​។  រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ពី ​​អព្យាក្រិត្យភាព និង​សុចរិតភាព របស់​អង្គការ​សង្គម​ស៊ីវិល ពាក់ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត​។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​បទ​ទាំង​ពីរ​នោះ ត្រូវ​បាន​គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង ដាក់​បញ្ជូល​​ជាមួយ​​ប្រធាន​បទ​ចំនួន​១២​ទៀត បាន​ជា​សេចក្ដី​ប្រកាស​រួម​នៅ​ថ្ងៃ​ចន្ទ ទី​១៧​មីនា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ