អានតួអត្ថបទ
កម្ពុជា

តុលាការ​​នឹង​បើក​សវនាការពេញ​អង្គលើ​សំណុំ​រឿង​ជ​ន​ជាប់​ចោទ​ទាំង​​២១​នាក់ ​នៅថ្ងៃ​ទី២៥មេសា

តុលាការ​​សាលា​ដំបូង​​រាជធានី​ភ្នំពេញ​​ នឹង​​​បើក​សវនាការ​​​​ពេញ​អង្គ​លើ​សំណុំ​រឿង​ របស់​​​ជន​​ ជាប់​​ចោទ​​ទាំង​​ ២១​នាក់​ រួមទាំង​​លោក ​វន់​ ពៅ​​ផង ​នៅ​​ព្រឹក​​ថ្ងៃ​សុក្រ​ ទី២៥ មេ​សា​​ខាងមុខ​។ ជា​ការ​​បើក​​សវនា​ការ​ ដែល​​ទាំង​​សង្គម​​ស៊ីវិល ​និង​​មេធាវី​​ការពារ​​កូន​ក្តី​សង្ឃឹម​ថា ​នឹង​មាន​​សញ្ញា​​វិជ្ជមាន​​ច្រើន​ សម្រាប់​​ជន​ជាប់ចោទ​​ទាំង​ ២១នាក់​​នោះ។​ នៅ​ក្នុង​​សវនាការ​​ថ្ងៃ​ទី ​២៥​មេសា​​នោះ​​ផង​ដែរ ​ជន​​ចាប់​​ចោទ​​ទាំង​ ២១​នាក់ ​ក៏​នឹង​​បង្ហាញ​វត្តមាន​នៅក្នុង​​សវនាការ​​ព្រម​គ្នា​​ផង​ដែរ​។

លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ក្នុងអំឡុងពេល​តវ៉ា កន្លងមក
លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ក្នុងអំឡុងពេល​តវ៉ា កន្លងមក @Facebook
ផ្សាយពាណិជ្ជកម្ម

ជនជាប់ចោទ​ទាំង២១នាក់ ដែលជា​សកម្មជន​សិទ្ធិមនុស្ស និង​កម្មករ ដែល​បាន​ជាប់​បណ្តឹង នៅក្នុង​ហេតុការណ៍​ប៉ះទង្គិច​គ្នា កាលពី​ថ្ងៃទី២ និង​ទី៣ ខែមករា​កន្លងទៅ នឹងត្រូវ​ចូលខ្លួន ក្នុង​​បន្ទប់​សវនា​ការ នៅ​ថ្ងៃទី២៥មេសា​ខាងមុខ ដើម្បី​ឲ្យ​ចៅក្រម​សម្រេច​ថា ពួកគេ​ត្រូវ​ទទួល​ការកាត់ទោស ឬ​ត្រូវ​ឲ្យ​រួច​ទោស​ពី​បទ​ចោទប្រកាន់​ទាំងអស់។

លោក អំ សំអាត ប្រធាន​បច្ចេកទេស​ស៊ើប​អ​ង្គេ​ត​អង្គការ​លីកាដូ បាន​ឲ្យ​ដឹងថា លោក​មាន​សុទិដ្ឋិនិយម​ច្រើន ចំពោះ​សវនាការ​នេះ ថា​ជនជាប់ចោទ​ទាំង២១នាក់ នឹង​អាច​ទទួលបាន​ការដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ។ តំណាង​មន្ត្រី​សង្គម​ស៊ីវិល​ដដែល បាន​បញ្ជាក់ថា ជនជាប់ចោទ​ទាំង ២១នាក់ ដោយ​រួមមាន​ទាំង​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង ក៏​នឹងមាន​វត្តមាន នៅក្នុង​បន្ទប់​សវនាការ​នេះ​ផងដែរ ព្រោះថា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ពួកគេ​ត្រូវបាន​បញ្ជូនមក​ដល់​ម​ណ្ឌ​ល ម១ ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា ក៏បាន​សម្តែង​ក្តីសង្ឃឹម ចំពោះ​សវន​ការ​នៅ​ថ្ងៃ​សុក្រ​ដែរ ដោយ​លោក​លើកឡើងថា ប្រសិនបើ មិនមាន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ អ្នក​ទាំង ២១នោះ ប្រាកដជា​អាចមាន​សេរីភាព​ឡើងវិញ ព្រោះ​យោងតាម​ការពិនិត្យ​អង្គសេចក្តី​ទាំងមូល ពួកគេ​គួរតែ​ត្រូវបាន​ដោះលែង។

មេធាវី​ការពារ​ក្តី​លោក វន់ ពៅ គឺ​លោក គឹម សុជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា លោក​បានរៀបចំ​សេចក្តី​សន្និដ្ឋាន​ការពារ​មួយចំនួន សម្រាប់​ចោទសួរ​ជន​ពាក់ព័ន្ធ រួមទាំង​រៀបចំ​អង្គច្បាប់​រួចរាល់​ហើយ ដើម្បី​បង្ហាញ​ចៅក្រម។ លោក សុជាតិ បាន​ឲ្យ​ដឹងថា អ្វីដែល​លោក​បាន​សិក្សា​កន្លងមក គឺ​លោក​សង្ឃឹមថា​កូនក្តី របស់លោក​អាចមាន​សេរីភាព​បាន ប្រសិនបើ​តុលាការ​ពិនិត្យ និង​ពិចារណា​លើ​ហេតុការណ៍​ពិត នោះ​លោក​វ៉ន ពៅ នឹង​មិនមាន​កំហុស ហើយ​តុលាការ​នឹង​អាច​ដោះលែង​គាត់​បាន។

សូមបញ្ជាក់ថា បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា រវាង​ក្រុមកម្មករ និង​កងកម្លាំង​ទ័ព​ឆ័​ត្រ​យោង​៩១១ នៅ​រោងចក្រ​យ៉ាក​ជី​ង កាលពី​ថ្ងៃទី០២ និង​ទី០៣ មករា​មក សមត្ថកិច្ច​យោធា និង​មន្ត្រី​កង​រាជ​អាវុធហត្ថ បាន​ចាប់ខ្លួន​សកម្មជន​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​កម្មករ​ចំនួន២៣នាក់ ព្រមទាំង​បាន​បញ្ជូន ទៅ​ដាក់​ក្នុង​មន្ទីរឃុំឃាំង ត្រពាំង​ផ្លុ​ង ឬ ម៣ នៅក្នុង​ខេត្តកំពង់ចាម។ តុលា​ការ​សាលាដំបូង​រាជធានី បាន​ចោទប្រកាន់​ពួកគេ ពីបទ​ហិង្សា និង​ធ្វើ​ឲ្យ​ខូចខាត ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស។

ប៉ុន្តែ​បន្ទាប់ពី​បានធ្វើការ​ស៊ើបសួរ​ចប់ តុលាការ​បាន​ប្តូរ​បទ​ចោទ​ពួកគេ ពីបទ​ល្មើស​ខាងលើ ទៅជា​ការ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​វិញ។ គួរ​ជម្រាបជូន​ថា ក្នុងចំណោម​ជនជាប់ចោទ​ទាំង២៣នាក់ គឺមាន​តែ២នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​កាលពី​ខែកុម្ភៈ​កន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ