អានតួអត្ថបទ
កម្ពុជា

គណបក្ស​ប្រឆាំង​ថា ​យុទ្ធនាការ​របស់​ខ្លួន​នៅ​ខេត្ត​កំពង់​ចាម ​រង​ការ​គម្រាម​កំហែង​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​​ចោទ​ប្រកាន់​ថា​ អាជ្ញាធរ​មានការ​ចល័ត​ទ័ព​ដើម្បី​គម្រាម​កំហែង​គណបក្សប្រឆាំង នៅ​ខេត្តកំពង់ចាម ​​ខណៈដែល​គណបក្ស​ប្រ​ឆាំ​ងនេះ​ផ្តើមធ្វើ​ការ​ឃោសនា​បោះ​​ឆ្នោត​ទ្រង់​ទ្រាយ​​ធំ​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ជាមួយ​គ្នានេះ​ទាំង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ខេត្ត ក៏ដូចជា​អាជ្ញាធរ​មូល​ដ្ឋាន បាន​ថ្លែងថា ការ​ឃោសនា​​របស់​គណបក្ស​​​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​ទៅជា​ធម្មតា មិនមាន​ឧបសគ្គ​អ្វី​កើត​ឡើង​​​ឡើយ។

លោក សម រង្ស៊ី ហែក្បួនឃោសនាបោះឆ្នោត ក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ០៤ ឧសភា ឆ្នាំ២០១៤។
លោក សម រង្ស៊ី ហែក្បួនឃោសនាបោះឆ្នោត ក្នុងខេត្តកំពង់ចាមនៅថ្ងៃទី ០៤ ឧសភា ឆ្នាំ២០១៤។ @Facebook
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​របស់ខ្លួន លោក សម រង្ស៊ី និង​លោក​កឹម សុខា ប្រធាន​និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដឹកនាំ​ដង្ហែ​​ក្បួន​ឃោសនា​បោះ​ឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី២ នៅ​ខេត្តកំពង់ចាម ដោយនៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី០៤ឧសភា​នេះ បាន​ឈានចូល​ថ្ងៃទី​បី​ហើយ​នៃ​យុទ្ធនាការ។ មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​​ប្រាប់ថា ​មាន​មនុស្ស​ប្រមាណ​ជា១ម៉ឺន​នាក់​ចូលរួម។

ជាមួយគ្នានេះ​គេ​ពិនិត្យឃើញថា ពុំមាន​អំពើ​ហិង្សា​​ណា​មួយ​កើតឡើង​នោះទេ។ ក៏ប៉ុន្តែ​លោក ម៉ៅ មុនី​វណ្ណ តំណាងរាស្ត្រ​ជាប់ឆ្នោត​មណ្ឌល​កំពង់ចាម បាន​ថ្លែងថា អាជ្ញាធរ​​​មានការ​បង្ហាញ​កំលាំង​​ដូច​គេ​ធ្វើ​សមយុទ្ធ ​កាល​ពី​យប់មិញ ដោយ​កងកម្លាំង​បំពាក់​ដោយ​ឯកសណ្ឋាន​ទាហាន​ប្រយុទ្ធ​និង​អាវុធ​ស្វ័យប្រវត្តិ​ ក្នុង​គោលបំណង​បំបាក់ស្មារតី​គណបក្សប្រឆាំង។

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ០៤ ឧសភា​ដែរ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែលថា មានការ​ចល័ត​ទ័ព​ជាច្រើន​នៅក្បែរ​ទីតាំង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀបចំ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ​អាណត្តិ​ទី២នេះ។

ជាមួយគ្នានេះ ​អធិការ​ប៉ូលិស​ស្រុក​កំពង់សៀម​ លោក ប៉ាក ជាតិ ដែលមាន​ភារកិច្ច​សម្រួល​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​ទីតាំង​ជាមួយគ្នា​នៃ​ស្នាក់ការ​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា លោក​មិនឃើញ​មាន​អ្វី​កើតឡើង​ក្រៅពី​ការ​ថ្លែង​សារ​នយោបាយ​ របស់​មេបក្ស​ប្រឆាំង​និង​ការ​ហែ​​ក្បួន​តាមផ្លូវ​មួយចំនួន​របស់​ខេត្ត​ឡើយ។

ដោយឡែក ​លោក មាន ម៉េង​ហួន ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ខេត្តកំពង់ចាម​ក៏បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ដែរ​ថា លោក​មិនឃើញ​មានការ​គម្រាមកំហែង​អ្វី​ជាក់ស្តែង ​​ខណៈពេល​ដែលមាន​ការឃោសនា​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះទេ ក៏ប៉ុន្តែ​លោក​ថា ​វា​ជាការ​ធ្ម​តា​ដែលមាន​ការដាក់​សមត្ថ​កិច្ច​ជួយ​រៀបចំ​សណ្តាប់ធ្នាប់​នៅពេលដែល​មានការ​ហែ​ក្បួន​​ធំដុំ​ដូច្នេះ។

សូមបញ្ជាក់ថា ​ការបោះឆ្នោត​ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ប្រព្រឹត្ត​​ទៅ​ ​​នៅ​ថ្ងៃទី១៨ខែឧសភា ឆ្នាំ២០១៤។ ក៏ប៉ុន្តែ ​យុទ្ធនា​ការឃោសនា​គឺ​ចាប់ពី​ថ្ងៃទី២ដល់​ថ្ងៃទី ១៦ខែឧសភា។ សម្រាប់​ខេត្តកំពង់ចាម អង្គ​បោះឆ្នោត​មាន​ចំនួន ៨១៧នាក់ ហើយ​ត្រូវ​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ចំនួន១៨២នាក់ និង​សមាជិក​ខេត្ត​ចំនួន២១នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ